ភ្នំពេញ៖នៅថ្ងៃទី២២ ខែកក្កដា នេះ សាលាដំបូងរាជធានីភ្នំពេញ បានបញ្ចប់សវនាការសំណុំរឿងលោក លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និង បក្ខពួក៣នាក់ ហើយ ករណីសម្លាប់ស្រីកំណាន់ នាង ចេវ សុវឌ្ឍនា ។ ប៉ុន្តែលោក ហម ម៉េងសែ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ សម្រេចលើកពេលប្រកាសសាលក្រមទៅព្រឹកថ្ងៃទី២២ ខែសីហា ខាងមុខនេះវិញ ។
ក្នុងពេលសវនាការកន្លងមក ជនជាប់ចោទ ឡាយ វណ្ណៈ បដិសេធថាពុំបានសម្លាប់ស្រីកំណាន់នាង ចេវ សុវឌ្ឍនា ទេ ដោយសុំឱ្យតុលាការរកយុត្តិធម៌ ។ ជាការកត់សម្គាល់ ជនជាប់ចោទ ឡាយ វណ្ណៈ ហ៊ានស្បថចំពោះមុខក្រុមប្រឹក្សាជំនុំជម្រះថា”បើខ្ញុំបានសម្លាប់សង្សារមែនសូមឱ្យវត្ថុស័ក្តិសិទ្ធិបរាមុខខ្ញុំឲ្យខ្ញុំ និងប្រពន្ធកូនស្លាប់តៃហោង និងធ្លាក់នរក៩ជាន់អត់ចាប់ជាតិទៅចុះ”។ ប៉ុន្តែមន្ត្រីជំនាញ រកឃើញថា ជនរងគ្រោះបានស្លាប់ដោយសារអំពើឃាតកម្ម មុនឃាតកយកសពទៅព្យួរក ជាប់បង្អួច ។
ករណីឃាតកម្មនេះ ដំបូងឡើយត្រូវបានសមត្ថកិច្ចខេត្តតាកែវសន្និដ្ឋានថា ជារឿងអត្តឃាតព្រោះតែវិបត្តិស្នេហា ។ ប៉ុន្ដែក្រោយពីបើកការស្រាវជ្រាវសមត្ថកិច្ចជំនាញរបស់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានរកឃើញថាករណីនេះ មិនមែនជារឿងអត្តឃាតឡើយ ពោលគឺជារឿងឃាតកម្មដោយមានអ្នកបញ្ជានិងរៀបចំទុកសម្លាប់ជនរងគ្រោះ។
ទីបំផុត ជនសង្ស័យចំនួន៤នាក់ មានលោកឡាយ វណ្ណៈ ផងនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ ដែលបច្ចុប្បន្នកំពុងឃុំខ្លួនក្នុងពន្ធនាគារ ។
លោក ឡាយ វណ្ណៈ , លោក ឡាយ ណារិទ្ធ អតីតស្នងការរងនគរបាលខេត្តតាកែវ ត្រូវជាបងប្រុសបង្កើតលោក ឡាយ វណ្ណៈ ត្រូវបានតុលាការចោទប្រកាន់ពីបទឃាតកម្មប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។ បទឃាតកម្មត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១០ឆ្នាំ ទៅ១៥ឆ្នាំ។
ដោយឡែកឈ្មោះ ម៉េន សាម៉ៃ អាយុ៣៦ឆ្នាំ និងឈ្មោះ ជឹម វុធ អាយុ៤១ឆ្នាំ ជាប់ចោទពីបទលាក់បំបាំងតម្រុយ តាមមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៣ឆ្នាំ ៕ ចេស្តា