ចរាចរណ៍នានានៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ត្រូវជាប់គាំងទាំងស្រុង ដោយ ការដាច់ភ្លើងជាទ្រង់ទ្រាយធំកើតឡើងនៅទូទាំងប្រទេស។ នៅពេលនេះគេមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យដាចភ្លើងនោះឡើយ ។
ការដាច់ភ្លើងនាពេលកន្លងមក ត្រូវបានគេចោទប្រកាន់ទៅលើក្រុមប្រឆាំង ប៉ុន្តែនៅពេលនេះ ក្រុមប្រឆាំងនិងរដ្ឋាភិបាលកំពុងតែចចារ ស្វែងរកសន្តិភាព ដូច្នោះក្រុមប្រឆាំង អាចមិនមែនជាអ្នកនៅពីក្រោយការដាច់ភ្លើងនោះឡើយ។
ប្រភព AP បានផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ថា ភ្លើងបានដាច់ភ្លាមៗនៅវេលាម៉ោង៤រសៀល (ម៉ោងនៅក្នុងតំបន់) ថ្ងៃទី២២ ខែកក្កដា ។ ភ្លើងបានដាច់ទ្រង់ទ្រាយធំ នៅទូទាំងប្រទេសវេណេហ្ស៊ុយអេឡា បង្កឲ្យគាំងដំណើរចរាចរណ៍ក្នុងរដ្ឋធានី គាំងដំណើរផ្លូវក្រោមដី ខណៈកំពុងស្ថិតនៅក្នុងម៉ោងដ៏មមាញឹក ។
អ្នកគ្រូបង្រៀនម្នាក់ ឈ្មោះ Reni Blanco អាយុ៤៨ឆ្នាំបាននិយាយថា «នេះរន្ធត់ណាស់, វាជាមហន្តរាយមួយ» ។ អ្នកគ្រូម្នាក់នេះ ក៏ដូចប្រជាពលរដ្ឋដទៃទៀតនាំគ្នាធ្វើដំណើរដោយថ្មើរជើងនៅតាមទីប្រជុំជន ឆ្ពោះទៅកាន់លំនៅឋានរបស់ខ្លួន ។
អាជ្ញាធរវេណេហ្ស៊ុយអេឡាមិនទាន់ធ្វើអត្ថាធិប្បាយបែបណានោះទេ ពាក់ព័ន្ធការដាច់ភ្លើងនៅពេលនេះ ។បណ្តាញសង្គមនៅក្នុងប្រទេសនេះ បានផ្សព្វផ្សាយថា រដ្ឋចំនួន១៩ ក្នុងចំណោម២៤បានរងផលប៉ះពាល់ដោយសារដាច់ភ្លើងនៅពេលនេះ ។
កាលពីខែមីនា ឆ្នាំ២០១៩ ប្រទេសនេះ ធ្លាប់បានដាច់ភ្លើង និងទឹក ស្ទើរតែនៅគ្រប់រដ្ឋធានី ខេត្ត អូសបន្លាយពេលជាច្រើនសប្តាហ៍ ។ ប្រធានាធិបតី Nicolás Maduro បានបន្ទោសថា ការដាច់ភ្លើងនោះ គឺជាការវាយប្រហារតាមប្រព័ន្ធអេឡិកត្រូម៉ាញ៉េទិក ដែលបានការឧបត្ថម្ភដោយអាមេរិកប្រឆាំងមកលើប្រទេសដែលមានវារីអគ្គិសនីដ៏ធំបំផុតរបស់ប្រទេសនេះ ៕
ដោយ៖ មែវ សាធី