ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ទោះជាលោកមមាញឹកនិងការងារ ការពារសន្តិសុខ សណ្តាប់ធ្នាប់ បន្តឹងការគោរពច្បាប់ចរាចរណ៍ និងការងារដ៏ច្រើនទៀតក៏ដោយ ក៏លោកឆ្លៀតចុះសួរសុខទុក្ខមន្ត្រីនគរបាលក្រោមឱវាទ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ពេលកំពុងបំពេញការងារជូនអង្គភាព។
លោកឧត្តមសេនីយ៍ឯក ស ថេត និងសហការីបានចុះសួរសុខទុក្ខដល់កន្លែងសម្រាកព្យាបាលមុខរបួស នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ដោយលោកបានបញ្ជាក់ថា៖ បន្ទាប់ពីបានបំពេញ កិច្ចការមួយចំនួន នៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញរួចមក,ខ្ញុំបានបន្តចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក ដាម វិសុទ្ធ មន្រ្តីនគរបាល ការិយាល័យបង្ការ និងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យភ្លាត់ស្មា នៅពេលធ្វេីដំណេីរដោយម៉ូតូ ទៅបំពេញការងារ។ បច្ចុប្បន្ន លោកអនុសេនីយ៍ឯក ដាម វិសុទ្ធ កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យលោកសង្ឃ។
លោកឧត្តមសេនីយ៍ឯក ស ថេត បន្តថា៖ ដេីម្បីសម្រួលដល់ការលំបាកខ្លះ ខ្ញុំបានជួយឧបត្ថម្ភថវិកា២លានរៀល ទឹកសុទ្ធ៥កេស ទឹកផ្លែឈេី៥កេស និងផ្លែឈេីមួយកន្រ្តកផងដែរ៕
ដោយ៖ សុខ ខេមរា