ដោយសារឈ្លក់និងល្បែង លោកឧកញ៉ា ស៊ឹម វណ្ណា អតីតអគ្គនាយកចំកាកៅស៊ូបឹងកេត ធ្លាក់ខ្លួនក្រ នៅផ្ទះជួល ជិះតែម៉ូតូឌុប ធ្លាក់ខ្លួនឈឺរកប្រាក់មើលជម្ងឺមិនបាន គួរអោយសង្វេកមែន

ចែករំលែក៖

ភ្នំពេញ៖ អ្នកណាក៏ដឹងដែរថា៖ លោកឧកញ៉ា ស៊ឹម វណ្ណា អតីតអគ្គនាយកចំកាកៅស៊ូបឹង គាត់ធ្លាប់មានលុយក្នុងដៃរាប់លានដុល្លារ ល្បីឈ្មោះពេញខេត្តកំពង់ចាម និងរាជធានីភ្នំពេញ ជាមនុស្សចិត្តទូលាយ ជួយគេជាច្រើននៅជុំវិញគាត់ មានអ្នកតូច អ្នកធំ សិល្បៈករ អ្នកនិពន្ធ ក្រុមកីឡាជាដើម។ល។ កាលពី២០ឆ្នាំមុន។
បច្ចុប្បន្នលោកឧកញ៉ា ស៊ឹម វណ្ណា ធ្លាក់ខ្លួនក្រ រស់នៅបន្ទប់ជួលតែលតោល ខ្វះព្រឹក ខ្វះល្ងាច ជិះម៉ូតូឌុប ករណីខ្លះរំពឹងលើការសុំលុយពីអ្នកគាត់ធ្លាប់ស្គាល់ ហើយធ្លាប់ជួយដើម្បីរស់កំដរជីវិតចុងក្រោយតែប៉ណ្ណោះ។

ក្នុងថ្ងៃនេះ គឺថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកគេបានបង្ហោះពីរូបភាព អតីតអគ្គនាយកចំកាកៅស៊ូបឹងកេត លោកឧកញ៉ា ស៊ឹម វណ្ណា ជាមនុស្សម្នាក់ដ៏ល្បីឈ្មោះនិងមានលុយរាប់លានដុល្លារ សុីចាយដូចក្រដាស ចាត់ទុកថាអាចជាន់ផ្អៀងនៅក្នុងទឹកដីខេត្តកំពង់ចាម និង នៅភ្នំពេញ កាលពីអំឡុងប្រហែល២០ឆ្នាំមុន ឥឡូវ លោកស៊ឹម វណ្ណា ធ្លាក់ខ្លួនក្រហៅមិនឮ បង្កអោយមានការភ្ញាក់ផ្អើល ខណៈបាត់ឈ្មោះគាត់មួយរយៈ ហើយត្រូវបានគេដឹងថាគាត់
មកស្នាក់នៅផ្ទះជួល សូម្បីតែទៅណាមកណារកប្រាក់ជិះម៉ូតូឌុបសឹងមិនបាន។ ខណៈនេះគាត់ធ្លាក់ខ្លួនឈឺ ក៏អត់លុយព្យាបាល បង្ខំចិត្តកាត់កេរខ្មាស់ ដើរសុំលុយគេអ្នកធ្លាប់ស្គាល់គ្នាកាលពីលោកមានបាន មើលទៅគួឲ្យអនិច្ចាណាស់ ជីវិតមនុស្សពិតជាគ្មានអ្វីស្ថិតស្ថេរទៀងទាត់ឡើយ ថ្ងៃមុនហុឺហារ មានបាន មានបុណ្យស័ក្តិយស មានតួនាទីជាច្រើនក្នុងសង្គម មិនគួរណាធ្លាក់ខ្លួនដល់កម្រិតសូន្យបែបនេះ។
អ្វីដែលយើងលើកយករឿងអតីតឧកញ៉ា ស៊ឹម វណ្ណា មកនិយាយនៅពេលនេះ គឺគ្មានចេតនាណាមួយក្នុងន័យ សើច ចំអក ឬពេបជ្រាយដល់លោកនិងក្រុមគ្រួសារនោះទេ សូម្បីតែគិតក៏គ្មានដែរ ។ ផ្ទុយទៅវិញគ្រាន់តែ មានការអាណិតអាសូ លោក តែប៉ុណ្ណោះ ទើបលើកយកមកនិយាយក្នុងន័យជាមេរៀននិងជាគំរូសម្រាប់ជីវិតមនុស្សយើងម្នាក់ៗតែប៉ុណ្ណោះ ដើម្បីកុំឲ្យមនុស្សយើងមានការភ្លេចខ្លួន ចាយវាយខុសខ្ទង់ អត់ប្រមាណប្រាណ ចាយច្រើនជាងចំណូល ឬវក់និងល្បែងសុីសង វក់និងស្រីដាក់មុខជាដើម។
បើយោងតាមអាខោនហ្វេសប៊ុកឈ្មោះ «sin sophea»ដែលបានបង្ហោះរូបអតីតឧកញ៉ាស៊ឹម វណ្ណា ហើយបាននិយាយថា«អតីតអគ្គនាយកក្រុមហ៊ុនចម្ការកៅស៊ូបឹងកេត លោកឧកញ៉ា ស៊ឹម វណ្ណា ពីមានលុយរាប់លានដុល្លារ ចាយលុយដូចក្រដាស បច្ចុប្បន្ននៅផ្ទះជួល ជិះម៉ូតូឌុប ដើរសុំលុយពីអ្នកដែលខ្លួនធ្លាប់អោយចាយ ពេលឈឺរកតែលុយអោយថ្លៃពេទ្យមួយរៀលគ្មាន ។
ក្នុងនោះដល់ថ្នាក់និយាយបែបកាចបន្តិចបន្តថា៖ សូមអាមុី-អាថោងធ្លាប់តោងស៊ីពែ គាត់ជួយសម្រាលទុក្ខគាត់ផងទាន។ ដោយបញ្ជាក់ផងដែរថា៖ នេះជាលទ្ធផលលេងល្បែងកាស៊ីណូ បើតាមក្រុមពួកលក់សណ្តែកដី (ចៃកាស៊ីណូ) រាយការណ៍ថាអាគាត់ ស៊ឹម វណ្ណា ចាក់មួយដៃ ៥០០០-១០០០០ដុល្លារ លទ្ធផលទទួលបាន គឺរស់វេទនាជាងស្លាប់ទៅវិញ ។ សូមប្រិយមិត្តកុំយកគំរូតាមឱ្យសោះ» ។
សូមបញ្ជាក់ថា៖ លោកស៊ឹម វណ្ណា កាលពីនៅមានងារជាឧកញ៉ា ធ្លាប់មានអ្នកលាដៃសុំលុយលោកចាយដែរ ដល់ពេលនេះបើអាចគួតែស្វែងរកគាត់ដើម្បីជួយគាត់វិញសម្រាប់ជីវិតចុងក្រោយរបស់លោកវិញផង ចាត់ទុកជាការធ្វើបុណ្យទៅចុះ គ្មានអ្នកណាម្នាក់ចង់ក្រ លំបាកវេទនាបែបនេះទេ គ្រាន់តែដើរផ្លូវខុស ធ្លាក់ខ្លួនក្នុងរណ្តៅដ៏ជ្រៅ ស្រង់ដើមវិញមិនបាន ចេះតែដុនដាបទៅៗ ហៅលេងឮ។
លោកស៊ឹម វណ្ណាកាលពីប្រហែល២០ឆ្នាំមុនជាអគ្គនាយកក្រុមហ៊ុនចំការកៅស៊ូបឹងកេត នៅស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ក្រោយមកលោកបានក្លាយជាអភិបាលរងខេត្តកណ្ដាល បន្ទាប់មកទៀតលោកមានតួនាទីក្នុងរាជរដ្ឋាភិបាល ផងដែរ ។
ប៉ុន្តែ ក្រោយមកស្រាប់តែបាត់ឈ្មោះលោកឈឹងពីពិភពការងារនយោបាយក្នុងរាជរដ្ឋាភិបាល មិនដឹងជាលោកទៅសម្ងំលាក់ខ្លួនពួនអាត្មានៅទីណាទេ ទើបតែពេលនេះ មានអ្នកលេងបណ្ដាញសង្គម ហ្វេសប៊ុកបានបង្ហោះរូបលោកក្នុងសភាពធ្លាក់ខ្លួនឈឺ អង្គុយនៅលើ គ្រែពេទ្យ ដោយមានពាក់ម៉ាស់មុខ ដៃជាប់ខ្សែសេរ៉ូ រូប កាយស្គមស្គាំងមើលសឹងមិនស្គាល់ ។ ប៉ុន្តែអ្នកបង្ហោះមិន បញ្ជាក់ថា តើលោក ស៊ឹម វណ្ណា កំពុងសំរាកព្យាបាលនៅ មន្ទីរ ពេទ្យណា ហើយមានជម្ងឺអ្វីនោះទេ ? ។
អាចនឹងមានអ្នកជួយឧបត្ថម្ភដល់គាត់ទោះតិចក្តី ច្រើនក្តីសម្រាប់ជាមធ្យោបាយសម្រាលដល់ការខ្វះខាតលើថ្នាំសង្កូវព្យាបាល គ្រាគាត់ធ្លាក់ខ្លួនដល់ថ្នាក់នេះ ជាការធ្វើបុណ្យ។ ប៉ុន្តែមិនត្រូវបានគាត់យកទៅប្រថុយប្រថានផ្សងព្រេងនិងល្បែងគិតថាជាមធ្យោបាយស្រង់ដើមប្រាក់ដែលបាត់បង់នោះបានមកវិញអោយសោះជាដាច់ខាត៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print