ភ្នំពេញ៖ កាលពីវេលាម៉ោង៤៖១០នាទីទៀបភ្លឺថ្ងៃទី២៤ ខែកក្កដា នេះ ស្ថិតតាមបណ្ដោយផ្លូវលេខ២១៧ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ស្ត្រីម្នាក់ជាអ្នករកស៊ីលក់ផ្លែឈើតាមរទេះ ត្រូវបានចោរ២នាក់ឆក់កាបូបអស់ប្រាក់ប្រមាណជាង១ពាន់ដុល្លារ រួចជិះគេចខ្លួនបាត់ ។
ប៉ុន្តែអ្វីជាការហួសចិត្តនោះ គឺ ពេលជនរងគ្រោះរត់ទៅប្តឹងប៉ូលិសស្ទឹងមានជ័យ២ មិនឃើញប៉ូលិស ឃើញតែតុផឹកស៊ីនិងសម្បកំប៉ុង ទៅវិញ ។ បញ្ហានេះ ជនរងគ្រោះ ស្នើដល់លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ មេត្តាពិនិត្យសកម្មភាពកូនចៅផង ។
ប្រភពព័ត៌មាន បញ្ជាក់ថា ស្រ្តីរងគ្រោះឈ្មោះ រៀង សុធី អាយុ៤១ឆ្នាំ មុខរបរលក់ផ្លែឈើតាមរ៉ឺម៉ក ស្នាក់នៅផ្ទះជួល ភូមិត្រពាំងសិលា ខណ្ឌដង្កោ មានស្រុកកំណើត ខេត្តកំពង់ចាម បានរៀបរាប់ទាំងអួលដើមកថា មុនពេលកើតហេតុ រូបគាត់បើករ៉ឺម៉កចេញពីផ្ទះជួល គោលបំណងទៅយកផ្លែឈើនៅផ្សារដើមគរ ដោយធ្វើដំណើរពីលិចទៅលិចទៅកើត ។ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យ២នាក់ ជិះម៉ូតូធុនធំមួយគ្រឿង មិនចាំផ្លាកលេខ ជិះមកពីក្រោយ រួចធ្វើសកម្មភាព ឆក់កាបូបស្ពាយបានសម្រេច។
ស្រ្តីរងគ្រោះ បន្តថា ពួកចោរបានព្យាយាមជិះរត់គេចសំដៅទៅតាមផ្សារដើមគរ រូបគាត់ក៏បើករឺម៉កតាមពីក្រោយ ស្រែកចោរៗតែគ្មាននរណាម្នាក់ អាចជួយគាត់ដេញតាមចោរបាននោះទេ សូមម្បីតែសមត្ថកិច្ចក៏គ្មានម្នាក់ដែរ។ ក្នុងកាបូបមានលុយខ្មែរ និងដុល្លារសរុបជាង១ពាន់ដុល្លារ ទូរសព្ទ័ដៃមួយគ្រឿង កាតគ្រីម៉ូតូមួយ និងអត្តសញ្ញាណប័ណ្ណមួយសន្លឹក។
ក្រោយកើតហេតុ ជនរងគ្រោះបានជិះរ៉ឺម៉កត្រឡប់មកក្រោមស្ពានអាកាសស្ទឹងមានជ័យទាំងអស់សង្ឃឹម និងបានឱ្យក្រុមអ្នកយកព័ត៌មាន ជូនមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ស្ទឹងមានជ័យ២ នឹកស្មានថា បងៗសមត្ថកិច្ចប៉ុស្តិ៍ប្រហែលគាត់ធ្វើការងារអស់កម្លាំងខ្លាំងហើយមើលទៅ បានជាមិនទាន់ចេញល្បាត ពេលមកដល់ បែរជាឃើញតែតុផឹកស៊ី និងសម្រកស្រាបៀរពាសពេញមុខប៉ុស្តិ៍ទៅវិញ ។
ក្រោយមកសមត្ថកិច្ច បានជួបសាកសួរស្រ្តីរងគ្រោះ ហើយធ្វើពាក្យបណ្ដឹង ជាធម្មតា វិញ ។ បើតាមប្រភពព័ត៌មានក្បែរៗនោះ បានឱ្យដឹងថា មុខប៉ុស្តិ៍នេះ គឺគេសង្កេតឃើញឧស្សាហ៍មានការជួបជុំផឹកស៊ីណាស់ ប៉ុន្តែមិនដឹងមន្រ្តីណាខ្លះទេ ?៕
ដោយ ៖ចេស្តា