ប៉ោយប៉ែត៖ ក្មេងប្រុសម្នាក់អាយុ១៣ឆ្នាំប៉ុណ្ណោះ បានយកខ្សែគោចងកសម្លាប់ខ្លួនជាមួយដើមអម្ពិលទឹកបង្កឲ្យមានការភ្ញាក់ផ្អើល ដែលករណីនេះ គេសង្ស័យថា ក្មេងប្រុសរងគ្រោះទំនងជាតូចចិត្តនឹងរឿងម្តាយដេញវ៉ៃ ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅចំណុចប្រជាធម្មខាងកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេតបន្ទាយមានជ័យ ។
ប្រភពព័ត៌មានបានរាយការណ៍ថា កុមាររងគ្រោះឈ្មោះ សៀង ដាំ ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅជាមួយម្តាយស្ថិតនៅក្នុងភូមិ សង្កាត់ កើតហេតុខាងលើ ។
ប្រភពបន្តថា នៅមុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះត្រូវម្តាយបង្កើតរបស់ខ្លួនដេញវ៉ៃ ហើយទំនិងជាបញ្ហានេះ ទើបធ្វើឲ្យក្មេងប្រុសរងគ្រោះគិតខ្លី យកខ្សែគោទៅចងកសម្លាប់ខ្លួនជាមួយដើមអម្ពិលទឹកដែលនៅមិនឆ្ងាយប៉ុន្មានពីផ្ទះរបស់ខ្លួននោះ ។
ភ្លាមៗបន្ទាប់ពីកើតហេតុ គេបាននាំគ្នាស្រាយចំណង និងបញ្ជូនក្មេងប្រុសរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតផងដែរដើម្បីឲ្យគ្រូពេទ្យជួយសង្គ្រោះ ប៉ុន្តែគ្រូពេទ្យបានបញ្ជាក់ថា ក្មេងប្រុសរងគ្រោះបានបាត់បង់ជីវិតហើយ ។
ក្រុមគ្រួសារនាំគ្នាទួញយំស្តាយស្រណោះគ្រប់គ្នា ហើយបានជួលរថយន្តដឹកសពក្មេងប្រុសសៀង ដាំត្រឡប់ទៅកាន់លំនៅឋានដើម្បីធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ វណ្ណា