ប៉ូលិសរបស់ប្រទេសក្រិក កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥បានប្រកាសថា ក្មេង៥នាក់, ស្ត្រីម្នាក់ និងបុរស៤នាក់ដែលសុទ្ធតែជនភៀសខ្លួននោះបានលិចទូកបណ្តាលឲ្យលង់ទឹកស្លាប់ នៅក្បែរដែនកោះតូចមួយឈ្មោះ Farmakonisi របស់ប្រទេសក្រិក ។
ឆ្មាំការពារដែនសមុទ្រប្រទេសក្រិកបានបន្តថា ជាមួយគ្នានេះដែរ ជនភៀសខ្លួន១៣នាក់ ក្នុងនោះស្ត្រី២នាក់ត្រូវសង្គ្រោះរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិតទាន់ពេលវេលា និងជនរងគ្រោះ២នាក់កំពុងនៅបាត់ខ្លួន ។ មន្ត្រីបានអះអាងថា ឧទ្ធម្ភាគចក្រ១គ្រឿង, នាវាល្បាត១គ្រឿង ព្រមទាំងទូកឯកជនផងដែរបានចូលរួមក្នុងសកម្មភាពជួយសង្គ្រោះ និងស្វែងរកអ្នកបាត់ខ្លួននេះ ។
ប្រភពព័ត៌មានរ៉យទ័របានផ្សព្វផ្សាយថា ទូកដឹកជនភៀសខ្លួននោះមានទំហំ៦ម៉ែត្រ ជាទូកល្បឿនលឿន បានលិចដោយមិនដឹងពីមូលហេតុ ។ ជនរងគ្រោះទាំងអស់បានស្ថិតនៅក្នុងទឹក ខណៈដែលក្រុមជួយសង្គ្រោះទៅដល់កន្លែងកើតហេតុ ។
ហេតុការណ៍គ្រោះថ្នាក់លិចទូកនេះបានកើតឡើងនៅភាគខាងកើត Farmakonisi ដែលជាដែនកោះតូចមួយរបស់ប្រទេសក្រិក និងនៅជាប់ព្រំដែនឈូងសមុទ្រប្រទេសទួរគី ។ ជនភៀសខ្លួនស៊ីរីរាប់ពាន់នាក់នៅក្នុងឆ្នាំ២០១៥នេះបានភៀសខ្លួនតាមច្រកសមុទ្រប្រកបដោយគ្រោះថ្នាក់ ផ្សងព្រេងទៅរកការភៀសខ្លួននៅប្រទេសតំបន់សហគមន៍អឺរ៉ុប ដោយឆ្លងកាត់ពីទួរគីទៅកាន់ដែនកោះប្រទេសក្រិកខាងលើនោះ ។
អង្គការជនភៀសខ្លួនអន្តរជាតិ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥បានអះអាងថា ជនភៀសខ្លួនជាង១លាននាក់ទៅកាន់ប្រទេសសហគមន៍អឺរ៉ុបក្នុងឆ្នាំ២០១៥នេះ ខណៈដែលប្រមាណ៣.៧០០នាក់បានបាត់បង់ជីវិត និងបាត់ខ្លួនអំឡុងពេលធ្វើដំណើរ ។ ជនភៀសខ្លួនទាំងនោះហើយជាមុខសញ្ញាឆ្បិចយកប្រយោជន៍បានយ៉ាងច្រើនពីសំណាក់ក្រុមជនរត់ពន្ធមនុស្ស ។
សហគមន៍អឺរ៉ុបបានចុះកិច្ចព្រមព្រៀងជាមួយទីក្រុង Ankara ធ្វើយ៉ាងណាជួយទប់ស្កាត់លំហូរជនភៀសខ្លួនពីប្រទេសទួរគីចូលទៅកាន់ប្រទេសក្រិច ។ ជនភៀសខ្លួនទាំងនោះ នៅពេលចូលទៅដល់ប្រទេសក្រិកហើយបានឆ្ពោះទៅកាន់ប្រទេសអាល្លឺម៉ង់ ក៏ដូចប្រទេសក្នុងសហគមន៍អឺរ៉ុបដទៃផ្សេងទៀត ៕
ប្រែសម្រួល៖ ថាច់ យ៉ាត