ជនជាតិចិនម្នាក់ បើករថយន្តឡង់គ្រីស័រចូលចាក់សាំង រួចទុកចោលបាត់មួយយប់មួយថ្ងៃមិនដឹងទៅណា

ចែករំលែក៖

ភ្នំពេញ៖ មានករណីបុរសជនជាតិចិនម្នាក់ បានយករថយន្តមួយគ្រឿងទុកចោលក្នុងស្ថានីយ៍ប្រេងឥន្ទនៈមួយកន្លែង រួចឡើងជិះម៉ូតូរ៉ឺម៉កមួយគ្រឿងទៅបាត់មួយយប់មួយថ្ងៃមិនឃើញត្រលប់មកវិញ ក៏ត្រូវពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចចុះត្រួតពិនិត្យមើលជាក់ស្តែង ។
តាមប្រភពព័ត៍មានពីបុគ្គលិកស្ថានីយ៍ខាងលើ បានឲ្យដឹងនៅព្រឹកថ្ងៃសៅរ៍ ១១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នេះថា ករណីជនជាតិចិនយករថយន្តម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2K- 5585 មកចតរថយន្តទុកចោលនេះ គឺតាំងពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩មកម្ល៉េះ នៅត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ធនៈសូគីម៉ិច ក្បែររង្វង់មូលព្រហ្មមុខបួន ក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ប្រភពដដែលបន្តថា កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៦ ខែកក្កដា មានបុរសជាជនជាតិចិនម្នាក់ បានបើករថយន្តឡង់គ្រីស័រ ពណ៌ខ្មៅ ខាងលើមកចាក់សាំងអស់ទឹកប្រាក់ចំនួន២០ដុល្លារ បន្ទាប់ពីចាក់សាំងរួចក៏បានឲ្យប្រាក់រួចដែល ។ ភ្លាមៗជនជាតិចិនរូបនោះ បានបើករថយន្តមកខាងកើតស្ថានីយប្រេងបន្តិច រួចក៏ចុះពីលើរថយន្តរបស់ខ្លួនហើយឡើងជិះម៉ូតូរ៊ឺម៉កទៅបាត់តែម្ដង ដោយមិនដឹងថាទៅណានោះឡើយ ។ រហូតមកដល់ម៉ោង១០ព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ មិនឃើញជនជាតិចិននោះត្រឡប់មកបើករថយន្តទៅវិញ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានតែម្តង ។

ក្រោយមកសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ដោយធ្វើការត្រួតពិនិត្យចំពោះភិនភាគរថយន្តខាងលើ មានស្នាមបែកស្តុប ក្រោយផ្នែកខាងឆ្វេងដាច់ធ្លុះកាង និងក្រពឹតពីក្រោយក្បែរស្តុបឆ្វេង ។ បន្ទាប់មកក៏ហៅរថយន្តស្ទួចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌជ្រោយចង្វា ដើម្បីស្វែងរកម្ចាស់យកឯកសារនិងធ្វើការសាកសួររកមូលហេតុនៃការទុករថយន្តនេះចោល ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print