ភ្នំពេញ៖ ហេតុការណ៍ ភ្ញាក់ផ្អេីលមួយខណៈនារី២នាក់បានស្រឡាញ់ភេទដូចគ្នានិងរស់នៅជាមួយគ្នាជាយូមកហេីយ ស្រាប់តែម្តាយភាគីម្ខាងបានមកបំបែកអ្នកទាំងពីរ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០១៩ ស្ថិតនៅផ្លូវបេតុងចំណុចមុខរោងចក្រកាត់ដេរសំលៀកបំពាក់ហុងវ៉ា ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធីសែនជ័យ រាជធានីភ្នំពេញ។
ស្ត្រីជាម្តាយមានឈ្មោះ សុខ ដារ៉ា អាយុ៤១ឆ្នាំ ជាស្ត្រីមេម៉ាយមានកូនស្រី២នាក់ក្នុងបន្ទុក និងមានស្រុកកំណើតនៅភូមិប្រពាយ ឃុំម៉ារាមស្រុករមាសហែក ខេត្តស្វាយរៀង។
ស្ត្រីខាងលើបានបន្តអោយដឹងទៀតថា៖ កូនស្រីច្បងខាងលើដែលមានបញ្ហាជាមួយគាត់នេះមានឈ្មោះ ស៊ិន លក្ខណាអាយុ២២ឆ្នាំ មុខរបរជាកម្មកររោងចក្រកាត់ដេរយីហោហុងវ៉ា ស្នាក់នៅបន្ទប់ជួលជាមួយគូស្នេហ៏ស្បៀននៅម្តុំផ្សារទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ ។
ស្ត្រីខាងលើបានបញ្ជាក់ថា៖ នៅព្រឹកកេីតហេតុរូបគាត់បានធ្វេីដំណេីរចេញពីស្រុកកំណេីតដេីម្បីមកនាំកូនស្រីគាត់ត្រលប់អោយទៅរស់នៅស្រុកកំណើតជួបជុំជាមួយគ្នានិងប្អូនស្រីម្នាក់ទៀតដែលកំពុងតែសិក្សាថ្នាក់ទី៩ដើម្បីអោយបានមើលថែជីដូនចាស់ជរា អាយុ៧៥ឆ្នាំ ។
ស្ត្រីខាងលេីបន្តថា ខណៈមកដល់គាត់ចូលអូសដៃកូនស្រីរបស់គាត់អោយឡើងរថយន្តតាក់ស៊ីបែជាកូនស្រីគាត់ប្រកែកប្រតាយប្រតបជាមួយម្តាយ មិនព្រមទៅដោយកូនស្រីរូបនេះខ្លាចម្តាយរបស់ខ្លួនមកពង្រាត់បង្រាស់បំបែកបំបាក់គូស្នេហ៏ភេទដូចគ្នាយកនាងទៅរៀបការជាមួយបុរសផ្សេង ក៏បង្កអោយមានការភ្ញាក់ផ្អើលដល់កម្មកររាប់ពាន់នាក់ដែលកំពុងតែបំរើការនៅក្នុងរោងចក្រស្ទុះចេញមកចោមរោមមើលយ៉ាងច្រើនកុះករ។ ភ្លាមៗនោះខាងផ្នែករដ្ឋបាលបានទូរស័ព្ទសុំការអន្តរាគមន៍ពីសមត្ថកិច្ចមូលដ្ឋានដើម្បីសុំការការពារសន្តិសុខសុវត្ថិភាពដល់រោងចក្រខាងលើ។
ក្រោយពេលសមត្ថកិច្ចទទួលបានព័ត៍មានខាងលើនេះ ក៏បានចុះទៅដល់ចំណុចរោងចក្រកាត់ដេរសំលៀកបំពាក់ហុងវ៉ា និងយកម្តាយនិងកូនស្រីមកកាន់ប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ចោមចៅទី១ ដើម្បីធ្វើការសាកសួអំពីមូលហេតុពិត។
នៅចំពោះមុខសមត្ថកិច្ចយុវតី ស៊ីន លក្ខណា បានបង្ហើបអោយដឹងថា៖ រូបនាងតាំងពីដឹងក្តីមករស់នៅភ្នំធ្វើជាកម្មកររោងចក្រជិតប្រាំឆ្នាំហើយមិនដែលគិតមានអារម្មណ៏ស្រលាញ់មនុស្សប្រុសឬក៏ចង់បានសង្សារជាមួយនិងមនុស្សប្រុសឡេីយ។
នាងប្រាប់ទៀតថា ស្នេហាដំបូងរបស់នាងគឺធ្លាប់មានការទំនាក់ទំនងជាមួយយុវតីភេទដូចគ្នានិងធ្លាប់រួមរស់នៅបន្ទប់ជួលជាមួយគ្នារយះពេល៣ឆ្នាំតែម្តាយនាងបានបំបែកនាងចេញពីគ្នា ហើយនេះជាលើកទី២ ដែលនាងទទួលបានស្នេហាថ្មីដែលមានភេទដូចគ្នាតែត្រូវម្តាយនាងមកបំបែក។ នាងសុខចិត្តស្លាប់បេីមុនបានរស់នៅជាមួយគ្នា។ គ្រាន់តែបានឭសម្តីកូនស្រីរបស់គាត់និយាយបែបនេះភ្លាមៗស្ត្រីខាងលើសុខចិត្តចុះចាញ់ទឹកចិត្តគូស្នេហ៏មួយនេះដោយសម្រក់ទឹកភ្នែកឡើងជិះម៉ូតូកង់៣ត្រលប់ទៅផ្ទះវិញអស់មានពាក្យនិយាយសូម្បីតែមួយម៉ាត់៕
ដោយ៖ សុខា សែនជ័យ