ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយមបានប្រកាសជូនដំណឹងថា នៅតំបន់មាត់ សមុទ្រ ចាប់ពីថ្ងៃទី០ ១ – ០៤ ខែសីហា នឹងមានខ្យល់បក់បោកខ្លាំង បង្កឲ្យមានជារលកធំៗ ។ ឯចំពោះស្ថានភាពទឹកទន្លេក៏ចាប់បន្ត ងើបឡើងផងដែរ ហេីយត្រូវបន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ។
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៩នេះបានអោយដឹងថា នៅអំឡុងចាប់ពីថ្ងៃទី ២៩ ខែកក្កដាដល់ថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០១៩សង្កេតឃើញមានប្រព័ន្ធសម្ពាធទាបអូសបន្លាយកាត់ពីលើអាងមេគង្គប្រទេសថៃ និងប្រទេសឡាវ ។ ខណៈនៅប៉ែកខាងលើ
សមុទ្រចិនខាងត្បូង នឹងកកើតនូវព្យុះទី៧ ។
លក្ខណៈបែបនេះ នឹងធ្វើឲ្យចាប់ពីថ្ងៃទី ២៩ ខែកក្កដា ដល់ថ្ងៃទី០៤ខែសីហា ស្ថានភាពអាកាសធាតុ មានដូចខាងក្រោម ៖
១- ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង ក្រចេះ ព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី កោះកុង និងខេត្តព្រះសីហនុ នឹងអាចមាន ភ្លៀងពីមធ្យមទៅច្រើន ក្នុងនោះផ្នែកមួយចំនួននៃបណ្តាខេត្តទាំងនោះ មានភ្លៀងធ្លាក់ខ្លាំង ។
២-ខេត្តប៉ៃលិន បាត់ដំបង សៀមរាប បន្ទាយ មានជ័យ ឧត្តរមានជ័យ និងខេត្តរតន គិរី នឹងអាចមានភ្លៀង តែក្នុងកម្រិតខ្សោយ ។
៣-ខេត្តកំពត កែប តាកែវ កំពង់ស្ពឺ កណ្តាល និងរាជធានីភ្នំពេញ នឹងអាចមានភ្លៀងពីខ្សោយទៅមធ្យម ។
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកបានបញ្ជាក់ថា អោយបន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ពិសេសតំបន់មាត់សមុទ្រ ចាប់ពីថ្ងៃទី ០ ១ – ០៤ ខែសីហា នឹងមានខ្យល់បក់បោកខ្លាំង បង្កឲ្យមានជារលកធំៗ ។ ឯចំពោះស្ថានភាពទឹកទន្លេក៏ចាប់បន្តងើប ឡើងផងដែរ ៕ ដោយ ៖ សុខខេមរា