អាមេរិកបានដាក់គំនាបយ៉ាងខ្លាំងទៅលើប្រទេសអ៊ីរ៉ង់ ដោយសង្ឃឹមថា អ៊ីរ៉ង់ នឹងចុះញ៉ុមជាមួយអាមេរិក ។ ផ្ទុយទៅវិញ អ៊ីរ៉ង់បែរជារឹងមាំ តប់តអាមេរិក គ្រប់ជំហាន និងបង្កើនការចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូម បន្ថែមទៀត ។
កន្លងមក អ៊ីរ៉ង់មានបំណងផ្សះផ្សាជាមួយអាមេរិក ដោយបញ្ជូនរដ្ឋមន្ត្រីការបរទេសទៅកាន់ទីក្រុងវ៉ាស៊ីន តោន ប៉ុន្តែ អាមេរិកមិនអនុញ្ញាតឲ្យចូលទឹកដីអាមេរិក ។ ពេលថ្មីៗនេះរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo ក៏ត្រូវបានអ៊ីរ៉ង់ច្រានចោលដំណើរទស្សនកិច្ចទៅកាន់អ៊ីរ៉ង់ផងដែរ ។
នៅពេលនេះ រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បែរជាបន្ទាន់ឥរិយាបទ ទៅលើប្រទេសអ៊ីរ៉ង់ ធ្វើឲ្យក្រុមអ្នកប្រឆាំង នឹងអ៊ីរ៉ង់ខឹងសម្បាយ៉ាងខ្លាំង ថារដ្ឋាភិបាលអាមេរិកគ្មានគោលជំហរច្បាស់លាស់ ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Pompeo បានប្រកាសថា នឹងផ្តល់ការអនុញ្ញាតឲ្យមន្ត្រីអ៊ីរ៉ង់ចូលទឹកដីអាមេរិកវិញ ដើម្បីពិភាក្សាលើបញ្ហាពាក់ព័ន្ធ ។
នៅពេលដែលសហគមន៍អឺរ៉ុប មានសកម្មភាពងាកចេញពីអាមេរិក ធ្វើឲ្យទីក្រុងវ៉ាស៊ីនតោន បារម្ភយ៉ាងខ្លាំង ក្នុងការដោះស្រាយបញ្ហាអន្តរជាតិសំខាន់ៗ ។ ពិសេសគឺក្នុងពេលដែលអ៊ីរ៉ង់ ទើបតែចុះកិច្ចព្រមព្រៀង សហប្រតិបត្តិការ ការពារជាតិ មិនធ្លាប់មាន ជាមយយរុស្ស៊ី ក៏ដូចជាចិន ។
នៅពេលនេះ អាមេរិកបានស្នើជាផ្លូវការដល់ អាល្លឺម៉ង់ អង់គ្លេស បារាំង ចូលរួមជាមួយសម្ពន្ធមិត្តទាហានជើងទឹកក្រោមការដឹកនាំដោយអាមេរិកដើម្បីធានាសន្តិសុខដល់នាវាដឹកទំនិញនៅតំបន់សមុទ្រ ជិតប្រទេសអ៊ីរ៉ង់ ក្នុងនោះ មានសមុទ្រពែក្ស មេឌីទែរ៉ាណេ ជាដើម ។ សកម្មភាពរបស់អាមេរិក ក្រោយពេលដែលអ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ការពាររួមជាមួយរុស្ស៊ី ។
អគ្គរដ្ឋទូតអាមេរិកប្រចាំនៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់បានប្រកាសថា ប្រធានាធិបតី ដូណាល់ ត្រាំ បាន ស្នើដោយផ្ទាល់ទៅកាន់សមភាគីបារាំង អាល្លឺម៉ង់ និងអង់គ្លេសដើម្បីធានាសន្តិសុខនៅតំបន់សមុទ្រពែក្ស ប្រឆាំងនឹងសកម្មភាពរបស់អ៊ីរ៉ង់ ។ អគ្គរដ្ឋទូតអាមេរិកបានបញ្ជាក់ថា សមាជិក រដ្ឋាភិបាលអាល្លឺម៉ង់ ត្រូវតែយល់ថា សេរីភាពចរាចរណ៍នៅដែនសមុទ្រ ចាំបាច់ត្រូវតែទទួលបានការការពារ ហើយបច្ចុប្បន្ន អ្នកណាជាអ្នកការពារសេរីភាពចរាចរណ៍ទាំងនោះ ។
ប្រទេសនៅក្នុងតំបន់អឺរ៉ុប ក្នុងនោះមានបារាំង និងអាល្លឺម៉ង់ មិនពេញចិត្តទៅនឹងសម្ពន្ធមិត្ត ទាហានជើងទឹកដឹកនាំដោយអាមេរិកនោះឡើយ ដោយមានបំណងបង្កើត កម្លាំងដាច់ដោយឡែករបស់អឺរ៉ុប ។ នៅពេលនេះដែរ ប្រទេស ចិន រុស្ស៊ី បារាំង អាល្លឺម៉ង់ អង់គ្លេស កំពុងតែខិតខំស្វែងរកវិធីសាស្ត្រការពារកិច្ចព្រមព្រៀង បរមាណូអ៊ីរ៉ង់ បើទោះបីអាមេរិកបានដកចេញកាលពីឆ្នាំ២០១៨ក្តី ។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា នៅពេលនេះអាមេរិក និងសម្ពន្ធមិត្តដែល មានចេតនាអាកក្រក់ទៅលើប្រទេសអ៊ីរ៉ង់ បង្ហាញការខកចិត្តយ៉ាងខ្លាំង ដោយអ៊ីរ៉ង់បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការទាហានជើងទឹកជាមួយរុស្ស៊ី បង្កើនសកម្មភាពការពាររួម ។ មិនតែប៉ុណ្ណោះ ទាហានជើងទឹកអ៊ីរ៉ង និងរុស្ស៊ី ត្រៀមធ្វើសមយុទ្ធជាទ្រង់ទ្រាយធំ នៅក្នុងតំបន់ដោយមានយុទ្ធសាស្ត្រការពារ ។
ក្រៅពីរុស្ស៊ី អ៊ីរ៉ង់ក៏បាន បង្កើនទំនាក់ទំនងជាមួយចិនផងដែរ ។ បច្ចុប្បន្នចិន និងរុស្ស៊ី ដើរតួនាទីយ៉ាងសំខាន់នៅលើឆាកអន្តរជាតិ ហើយតែងតែរារាំងរាល់ សកម្មភាពអាក្រក់របស់អាមេរិក ទៅលើប្រទេស ដែលមិនគាំទ្រខ្លួន ក្នុងនោះមាន អ៊ីរ៉ង់ វេណេហ្ស៊ុយអេឡា គុយបា ស៊ីរី … ជាដើម ។
កន្លងមកអាមេរិកបានបង្កផលលំបាកយ៉ាងខ្លាំងដល់សម្ព័ន្ធមិត្តនៅក្នុងតំបន់អាស៊ី ដោយស្នើឲ្យជប៉ុន បញ្ជូនទាហានជើងទឹកទៅចូលរួម ។ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីន ហ្ស៊ូអាបេ ត្រូវជ្រើសរើស ថាតើត្រូវបញ្ជូនកងទ័ព ដើម្បីបំពេញតាមគោលបំណងរបស់ប្រធានាធិបតីអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ជប៉ុន ឬក៏បំពេញទៅតាមការចង់បានរបស់ពលរដ្ឋជាម្ចាស់ឆ្នោតដែលតែងតែប្រឆាំង ចំពោះការបញ្ជូនទាហានទៅក្រៅប្រទេស ។
ការអំពាវនាវឲ្យជប៉ុន ចូលរួមជាមួយសម្ព័ន្ធមិត្ត ការពារសន្តិសុខដល់នាវាដឹកទំនិញ នៅក្នុងតំបន់ឈូងសមុទ្រពែក្ស ដើម្បីគេចឲ្យផុត អំពីការវាយប្រហាររបស់អ៊ីរ៉ង់ នោះ ធ្វើឲ្យនាយករដ្ឋមន្ត្រីជប៉ុន ប្រឈមនឹងការពិបាកសម្រេច បើធ្វើតាមអាមេរិក នឹងបាត់បង់ការគាំទ្រ តែបើចង់បានការគាំទ្រ ប៉ះពាល់ដល់សម្ព័ន្ធមិត្តជាមួយនឹងអាមេរិក ។
កាលពីសប្តាហ៍កន្លងមកនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានប្រកាសថា អាមេរិកបានស្នើឲ្យជប៉ុន ចូលរួមនៅក្នុងសកម្មភាពធ្វើសមយុទ្ធរួម នៅតំបន់ឈូងសមុទ្រពែក្ស ដែលមានយុទ្ធសាស្ត្រការពារ ។ ជប៉ុនជាប្រទេស ដែលត្រូវការដឹកជញ្ជូនថាមពល តាមតំបន់ឈូងសមុទ្រពែក្ស រហូតដល់ទៅ៨០ភាគរយ ។ កត្ដាទាំងនេះហើយ ទើបធ្វើឲ្យជប៉ុនត្រូវតែមានការសម្រេច ឲ្យបានត្រឹមត្រូវបំផុត ក្នុងតំបន់សមុទ្រខាងលើ ខណៈកំពុងតែប្រឈមមុខនឹងបញ្ហាជាច្រើន លើផ្នែកសន្តិសុខ ក្រោយពេលកងទ័ពអ៊ីរ៉ង់ ចាប់នាវាដឹកប្រេងរបស់អង់គ្លេស ចំនួនពីរគ្រឿង ។
កន្លងមក សម្ព័ន្ធមិត្តអាមេរិកដ៏សំខាន់ នៅអាស៊ី គឺប្រទេសកូរ៉េខាងត្បូង បានសម្រេចបញ្ជូននាវាចម្បាំងរបស់ខ្លួនទៅការពារនាវាដឹកទំនិញឆ្លងកាត់សមុទ្រពែក និងចូលរួមជាមួយសម្ពន្ធមិត្តទាហានជើងទឹក ដឹកនាំដោយអាមេរិក ៕