ខេត្តព្រះសីហនុ៖ «ប្រជាពលរដ្ឋនិងអ្នកវិនិយោគិនទាំងអស់សូមជឿទុកចិត្តនិងចូលរួមថែរក្សាបរិយាកាសល្អនៃការ
វិនយោគ និងចូលរួមថែរក្សាស្ថិរភាពនយោបាយដែលកម្ពុជាមាននេះឱ្យបានគង់វង់យូរអង្វែងដើម្បីបង្កបរិយាកាសជឿទុកចិត្ត និងទាក់ទាញវិនិយោគិនឱ្យច្រើនបន្ថែមទៀតមកក្នុងប្រទេសកម្ពុជា»។ នេះគឺជា ការអំពាវនាវរបស់ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០១៩ នេះនៅក្នុងឱកាសបើកការដ្ឋានសាងសង់អគារពហុមុខងារ Morgan The Pure Bay របស់ក្រុមហ៊ុន អេវើ អឹសេន ឌីវេឡុបម៉ិន ឯ.កកម្ពស់ ៣៥ ជាន់កម្ពស់ ១២៦ ម៉ែត្រ មានផ្ទៃក្រឡា ៤៥ម៉ឺនម៉ែត្រក្រឡានៅក្នុងខេត្តព្រះសីហនុ។ លោកបានគូសបញ្ជាក់ពីសារៈសំខាន់នៃគម្រោងនេះថាវាពិតជាបានរួមចំណែកបន្ថែមទៀតលើកំណើនសេដ្ឋកិច្ចជាតិ ចូលរួមក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជា ផ្តល់ការងារធ្វើដល់យុវជនមកពីទីឆ្ងាយ ដោយមិនចាំបាច់ឆ្លងដែនទៅបរទេស។
លោកឧបនាយនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានសម្តែងការសាទរចំពោះក្រុមហ៊ុនវិនិយោគដ៏ធំមួយនេះដែលបានបោះទុនវិនិយោគច្រើននៅលើទឹកដីខេត្តព្រះសីហនុ។ លោកបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានបើកច្រកទាំងអស់ដើម្បីទទួលអ្នកវិនិយោគពីគ្រប់ទិសទីដែលចង់មកបណ្ដាក់ទុននៅប្រទេសកម្ពុជា ប៉ុន្តែត្រូវគោរពទៅតាមច្បាប់របស់កម្ពុជា។ បើតាមលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ពីមួយឆ្នាំទៅមួយឆ្នាំគម្រោងរោងវិនិយោគលើវិស័យសំណង់និងអចលនទ្រព្យបានកើនឡើងជាលំដាប់។ មូលហេតុនាំឱ្យមានក្រុមហ៊ុនវិនិយោគច្រើនមកបោះទុនរកស៊ីលើទឹកដីខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ននេះត្រូវបាន លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា គូសបញ្ជាក់ថាដោយសារកត្តាសំខាន់ចាំបាច់ ២ ៖ ទី១.ដោយសារតែគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន និងទី២.ដោយសារតែកត្តាសក្តានុពលរបស់ខេត្តព្រះសីហនុ ក្នុងនោះមានសមុទ្រមានឆ្នេរស្រស់ស្អាត មានកំពង់ផែទឹកជ្រៅ ព្រលានយន្តហោះអន្តរជាតិ ផ្លូវគមនាគមន៍អនុគ្រោះក្នុងការដឹកជញ្ជូន (ផ្លូវជាតិ និងផ្លូវដែក) និងមានរមណីយដ្ឋានទេសចរណ៍ធម្មជាតិជាច្រើនកន្លែងទៀត។
លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ «ការអភិវឌ្ឍនៅកម្ពុជារីកចម្រើននិងកើនឡើងជាលំដាប់ដោយសារតែការអនុវត្តនយោបាយដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន បានជាធ្វើឱ្យវិនិយោគិនទាំងតូចទាំងធំមកពីគ្រប់ទិសទៅលើពិភពលោកបានមកបណ្តាក់ទុននៅកម្ពុជា ដោយក្តីសង្ឃឹមខ្ពស់ និងការជឿជាក់ថាស្ថិរភាពនយោបាយនឹងនៅជានិច្ចនិរន្តរ៍។ ការជឿជាក់លើការដឹកនាំនយោបាយដ៏ត្រឹមត្រូវនេះ ជាកត្តាចម្បងដែលធ្វើឱ្យយើងមានការរីកចម្រើន»។
យោងតាមរបាយការណ៍ ចាប់ពីឆ្នាំ ២០១២ មកទល់នឹងបច្ចុប្បន្ននេះ ការវិនិយោគលើវិស័យសំណង់នៅកម្ពុជាមានទឹកប្រាក់ចំនួន ៥ ៧៥៥ លានដុល្លារ គឺកើនឡើងជាគំហុក ក្នុងនោះមានការវិនិយោគពីប្រទេសចិន កូរ៉េ និងជប៉ុន ដែលនេះគឺបង្ហាញថាកម្ពុជាបានបើកច្រកវិនិយោគ ការអភិវឌ្ឍដល់គ្រប់ភាគីទាំងអស់។ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានធ្វើការអំពាវនាវសដល់ស្ថាប័នមានសមត្ថកិច្ចគ្រប់ទិសទី គ្រប់ជំនាញ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុដោយឡែក និងប្រជាពលរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជានិយាយជារួម ក៏ដូចជាបងប្អូនជាអ្នកវិនិយោគិនដែលបានមកវិនិយោគនៅខេត្តព្រះសីហនុ និងនៅកម្ពុជាថា តើយើងត្រូវប្រកាន់យកនូវបណ្តាវិធានការណាខ្លះដើម្បីធានាបាននូវការវិនិយោគបន្តទៅទៀត? ហើយបង្កភាពកក់ក្តៅដោយចាត់ទុកថា នេះជាធ្នាក់ជំហាន
ដំបូង។ លោកបានថ្លែងថា៖ «ធ្នាក់ជំហានដំបូងនេះមានន័យថាឥឡូវនេះយើងកំពុងមានបរិយាកាសល្អប្រសើរ សុំឱ្យមានការថែរក្សានូវបរិយាកាសវិនិយោគនេះឱ្យបានល្អផូផង់ រឹងមាំ និងស្ថិតស្ថេរ សំដៅផ្តល់ផលប្រយោជន៍បន្តទៀតសម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងប្រជាពលរដ្ឋរបស់យើង»។
ពាក់ព័ន្ធនិងវិស័យសំណង់នៅក្រុងព្រះសីហនុនេះលោក ជា សុផារ៉ា បានជំរុញធ្វើយ៉ាងណាឲ្យការគ្រប់គ្រងសំណង់មានភាពត្រឹមត្រូវច្បាស់លាស់ដើម្បីធានានូវការអភិវឌ្ឍមួយប្រកបដោយចីរភាព សំណង់មានគុណភាពមានសុវត្ថិភាព ស្របទៅតាមបទដ្ឋានបច្ចេកទេសសំណង់។ លោក ជា សុផារ៉ា បានបញ្ជាក់ថាសំណង់ទាំងអស់ត្រូវមានច្បាប់អនុញ្ញាតឲ្យសាងសង់។ បើគ្មានច្បាប់មិនអនុញ្ញាតឲ្យសាងសង់ជាដាច់ខាត។ ចំពោះក្រុមហ៊ុនសាងសង់ត្រូវតែមានការទទួលស្គាល់ពីក្រសួងរៀបចំដែនដី និងមានវិស្វករប្រចាំការនៅតាមការដ្ឋានសំណង់ដើម្បីពិនិត្យមើលការសាងសង់។ បើការដ្ឋានសំណង់គ្មានវិស្វករប្រចាំការនឹងមិនអនុញ្ញាតឲ្យសាងសង់ទេ ត្រូវផ្អាកជាបណ្ដោះអាសន្ន។
លោកឧបនាយករដ្ឋមន្ត្រី បានអំពាវនាវសូមបងប្អូនមន្ត្រីរាជការ ជាពិសេសមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម ត្រូវគាំទ្រដាច់ខាតទាំងខ្លឹមសារ និងទាំងបច្ចេកទេសដែលបង្កភាពកក់ក្តៅសម្រាប់ឱ្យបងប្អូនអ្នកវិនិយោគិននេះមកបោះទុននៅក្នុងព្រះរាជាណាចក្រកម្ពុជាជារួម និងដោយឡែកនៅក្នុងខេត្តព្រះសីហនុ។ នេះជាឱកាសមួយល្អ និងជាធ្នាក់ដំបូងដែលនឹងបន្ត ទៅទៀតពីព្រោះថាការបោះទុនជំហានដំបូងប៉ុណ្ណឹង គឹទទួលបានសេចក្តីសុខ ទទួលបានការគាំទ្រ ដកប្រាក់ចំណេញត្រឡប់ទៅវិញ។ បងប្អូនប្រជាពលរដ្ឋមានឱកាសល្អ ហើយសូមឱ្យថែរក្សា និងសូមផ្សព្វផ្សាយឱ្យមានការបោះទុនឱ្យបានច្រើន ហើយយើងនឹងធ្វើជាដៃគូដ៏ល្អនៅក្នុងការទាក់ទាញវិនិយោគិន។ ការវិនិយោគកាន់តែកើន តម្លៃដីកាន់តែឡើងខ្ពស់នេះគឺកើតចេញពីការជឿជាក់ និងសូមបងប្អូនបន្តការជឿជាក់នេះ។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា តើយើងត្រូវធ្វើយ៉ាងណាដើម្បីឱ្យការគ្រប់គ្រងសំណង់នេះឱ្យបានល្អ? មុននឹងសាងសង់សំណង់ ត្រូវសិក្សាពីគម្រោងប្លង់ សិក្សាឱ្យហើយស្រេច និងមានប្លង់គ្រឹះ ប្លង់ទឹក ប្លង់ភ្លើងឱ្យចប់សព្វគ្រប់ ហើយសូមដាក់ពាក្យស្នើសុំសាងសង់។ ការសាងសង់ បងប្អូនប្រជាពលរដ្ឋត្រូវរកដៃគូ សាងសង់ជាមួយក្រុមហ៊ុនដែលមានវិជ្ជាជីវៈលើការសាងសង់។ ក្រុមហ៊ុនបានចុះបញ្ជីនៅក្រសួងដែនដី ដើម្បីឱ្យសំណង់នេះគោរពតាមបទដ្ឋានបច្ចេកទេសសំណង់។ សំណង់ដែលសាងសង់ត្រូវមានក្រុមហ៊ុនត្រួតពិនិត្យដឹកនាំការងារសាងសង់ពីដើមដល់ចប់។ នេះគឺជាលក្ខខណ្ឌនៃការគ្រប់គ្រងសំណង់»។
លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា ៖«ការសាងសង់ទាំងអស់ត្រូវតែមានវិស្វករ ស្ថាបត្យករនៅប្រចាំការនៅការដ្ឋាន។ ក្រសួង ដែនដី នគរូបនីយកម្មនិងសំណង់នឹងពង្រាយមន្ត្រីបច្ចេកទេសនៅតាមបណ្តាសង្កាត់ទាំងអស់ របស់ក្រុងព្រះសីហនុ។ និងរៀបចំក្រុមជួយបងប្អូនក្នុងការគូសប្លង លិខិតសាងសង់ ដើម្បីបង្ខិតរយៈពេលឱ្យខ្លីស្របតាមអនុសាសន៍ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ និងបំបាត់បញ្ហាអសកម្មទាំងឡាយ ហើយយើងមិនអនុញ្ញាតឱ្យសំណង់សាងសង់ហើយគ្មានលិខិតអនុញ្ញាតឡើយ។ ត្រូវតែមានលិខិតអនុញ្ញាត ត្រូវចុះឆែកថាតើសំណង់នឹងនរណាជាអ្នកសាងសង់ បើក្រុមហ៊ុនមិនបានចុះបញ្ជីនៅក្រសួងដែនដី នោះមិនអាចសាងសង់បានទេ ហើយបើគ្មានវិស្វករនៅប្រចាំការដ្ឋាន មិនអនុញ្ញាតឱ្យសាងសង់បានឡើយ។ មិនមែនមានតែធុងមួយ ស្លាបព្រាមួយ ចបមួយ បង្គី ថាក្រុមហ៊ុនសាងសង់បានទេ គឺមិនអាច ត្រូវការបច្ចេកទេសដើម្បីធានាសុវត្ថិភាព គុណភាព និងសោភ័ណភាពសំណង់។ សំណូមពរឱ្យបងប្អូននឹងហ្នចិត្ត។ យើងមានក្រុមហ៊ុនសិក្សាគម្រោងប្លងនិងក្រុមហ៊ុនសាងសង់បានចុះបញ្ជីនៅក្រសួងមានប្រមាណជាង ១០០០ ក្រុមហ៊ុន។ សូមបងប្អូនទាក់ទងក្រុមហ៊ុនទាំងអស់នេះដែលជាក្រុមហ៊ុនមានវិជ្ជាជីវៈនិងចុះបញ្ជី។ ការបង្ខិតសេវាឱ្យបានឆាប់រហ័សនេះ។ ខ្ញុំមិនចង់ឱ្យខាតបង់ពេលវេលាចំពោះការ រត់ការលិខិតស្នាមនិងការផ្តល់សេវាមានភាពយឺតយ៉ាវ ឬមិនបានផ្តល់សេវាដល់ប្រជាពលរដ្ឋ គឺធ្វើឱ្យបងប្អូនប្រជាពលរដ្ឋទទួលបានចំណូលខ្ពស់ លើកតម្កើងជីវភាពនិងវិនិយោគិនមានទំនុកចិត្ត និងឆាប់រហ័ស និងមិនឱ្យមានការលំបាក ហើយយើងបានប្តេជ្ញា»។
ជាមួយគ្នា លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានទទូចឱ្យម្ចាស់ទីតាំងអាគារឬសំណង់ទាំងអស់ត្រូវរៀបចំប្រព័ន្ធចម្រោះទឹកកខ្វក់ឲ្យបានត្រឹមត្រូវមុននឹងបង្ហូរចូលទៅក្នុងលូសាធារណៈដើម្បីកុំឱ្យមានការបំពុលបរិស្ថាន បំពុលទឹកសមុទ្រឬឆ្នេរសមុទ្រដ៏ស្រស់ស្អាត សម្រាប់ទាក់ទាញភ្ញៀវទេសចរឲ្យចូលមកកម្សាន្តខេត្តព្រះសីហនុកាន់តែច្រើនថែមទៀត។
ទាក់ទងនឹងការគ្រប់គ្រងគុណភាពសំណង់នេះដែរ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ដើម្បីគ្រប់គ្រងការដ្ឋានសំណង់នៅខេត្តព្រះសីហនុ ឱ្យមានប្រសិទ្ធភាព រដ្ឋបាលខេត្តក៏បានបង្កើតក្រុមការងារចុះត្រួតពិនិត្យ តាមដាន ទប់ស្កាត់លើការដ្ឋានសាងសង់នៅក្នុងខេ្តតដែលមិនទាន់មានលិខិតអនុញ្ញាត ឬការសាងសង់ខុសពីលិខិតអនុញ្ញាត និងបទដ្ឋានគតិយុត្តិសម្រាប់គម្រោងផ្សេងៗទៀត។
នៅក្នុងវិស័យសំណង់នៅក្នុងខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើនយ៉ាងគំហុក ក្នុងនោះចាប់ពីឆ្នាំ ២០០៧ ដល់ខែកក្កដា ឆ្នាំ ២០១៩ មានគម្រោងសាងសង់ជិត ១០០០ គម្រោង។ អគារកម្ពស់ចាប់ពី ៥ ជាន់រហូតដល់ ៤២ ជាន់សរុបមានចំនួន ២១៨ គម្រោង។ តាមការបញ្ជាក់របស់លោក គួច ចំរើន ក្រុមការងារបានចុះត្រួតពិនិត្យគម្រោងសាងសង់បានចំនួន ២៨៨ ការដ្ឋាន។ គិតត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០១៩ នៅមាន ១១៥ ការដ្ឋានទៀតដែលមិនទាន់មានរបាយការណ៍វាយតម្លៃ និងមានការដ្ឋានចំនួន ៣០៧ ការដ្ឋានទៀតសម្រាប់ដាក់ជូនក្រុមការងារបច្ចេកទេសទាំង ២៣ ក្រុមរបស់គណៈកម្មការត្រួតពិនិត្យសំណង់នៅខេត្តព្រះសីហនុ ដើម្បីពិនិត្យក្នុងដំណាក់កាលទី៥ បន្តទៀត។ ដើម្បីគ្រប់គ្រងការដ្ឋានសំណង់នៅខេត្តព្រះសីហនុ ឱ្យមានប្រសិទ្ធភាព រដ្ឋបាលខេត្តក៏បានបង្កើតក្រុមការងារចុះត្រួតពិនិត្យ តាមដាន ទប់ស្កាត់លើការដ្ឋានសាងសង់នៅក្នុងខេ្តតដែលមិនទាន់មានលិខិតអនុញ្ញាត ឬការសាងសង់ខុសពីលិខិតអនុញ្ញាត និងបទដ្ឋានគតិយុត្តិសម្រាប់គម្រោងផ្សេងៗទៀត៕
ដោយ៖ សហការី