ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ភឿន ផល្លា មេបញ្ជាការរង កងពលតូចលេខ៧០(ង៧០) អាចគេចមិនផុតពីសំណាញ់ច្បាប់ក្នុងរដ្ឋបាលសម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធបង្កើតការងារជាប្រព័ន្ធរៀបចំសុីដាច់ដីធ្លី(ដីរដ្ឋ,ឯកជន,) ខណៈជនរូបនេះកំពុងងប់ងល់និងអំណាច ទឹកលុយ ជោគជ័យរឿងរៀបចំដី ក៏ដូចជាយុទ្ធសាស្ត្រអន្តរាគមន៍ចាយលុយជាមួយបុគ្គលថ្នាក់លើមួយចំនួនតូច ការពារជំនួញរបស់ខ្លួនតាមរយៈយកទាហានប្រើប្រាស់ខុសគោលដៅផ្ទុយពីគោលការណ៍ នៃច្បាប់កងទ័ព។
មួយរយៈចុងក្រោយនេះ ឧកញ្ញា ភឿន ផល្លា ត្រូវបានបែកធ្លាយរឿងមិនប្រក្រតីយ៉ាងគំហុក ។ យ៉ាងតិចសំណុំរឿងរំលោភដីធ្លីចំនួន៦ករណី អាចជនរងគ្រោះ បង្ខំចិត្តដាក់ពាក្យបណ្តឹងទៅកាន់អង្គភាព ប្រឆាំងអំពើពុករលួយ និងដាក់ទៅសុំការអន្តាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បញ្ជាក់ពីសកម្មភាព លោកផ្កាយ២ ភឿន ផល្លា រៀបដីធ្លី សុីដាច់គួរអោយព្រួយបារម្ភនិងបញ្ហាវិវាទដីធ្លី ប្រព្រឹត្តដោយបុគ្គលនេះ និងបក្ខពួកអាចជាមេរោគរាលដាលក្នុងសង្គម។ ប្រភពខ្លះបានបង្ហើបថា៖ ដីនៅ(រាម)តំបន់ទីក្រុងថ្មី ព្រះសីហនុ ឆ្នេរមាស ឆ្នេរប្រាក់ ដែលលោក ភឿន ផល្លារ សង្ឃឹមបានសម្រេចកាប់កាប់ជិត២០០ហិកតា ឃ្វៀលចេញពីដីគម្របព្រៃ ក្នុងព្រៈរាជក្រិត្យនោះ ឈានដល់ផ្ទុះរឿងនេះឡើងវិញ ទើបសហការជាមួយជំនាញព្យាយាម កាត់ចូលទៅជាដីរដ្ឋវិញមួយចំនួន នៅសល់ជាង៩០ហិកតា ក៏ជាក្តីបារម្ភ បញ្ហាប្រឈមថ្នាក់លើពិនិត្យរឿងនេះឡើងវិញ។ ដូច្នេះ ឧកញ្ញា ភឿន ផល្លា កំពុងចំណាយលុយរត់ការបន្ត និងលេចឮថា ត្រូវកាត់អោយទៅថ្នាក់ខេត្តព្រះសីហនុ១០ហិកតា កាត់អោយមេកម្លាំងប្រដាប់អាវុធ១០ហិកតា។ល។ បញ្ជៀសបញ្ហាកើតឡើង ខណៈដីធ្លីនៅតំបន់នោះ មានទីផ្សារហត់ឡើង១ម៉ែត្រការ៉េ ក្នុងតំលៃជាង៤០ដុល្លារ ដល់ជាង១០០ដុល្លារក្នុង១ម៉ែត្រការ៉េនោះ។
អ្នករាជការ និងជំនាញបញ្ចេញជាមតិថា៖ ការរំលោភដីធ្លីនៅកម្ពុជានឹងថយចុះ បើសិនរាជរដ្ឋាភិបាលនិងអង្គភាពប្រឆាំងអំពើរពុករលួយមានចំណាត់ការណ៍លើមនុស្សមួយក្រុមតូច មានមេក្លោង ផ្កាយ២ ភឿន ផល្លា។ ពីព្រោះការរំលោភដីធ្លីនៅតែជាបញ្ហាដ៏ចម្រូងចម្រាស់ ប្រព្រឹត្តដោយមនុស្សមានអំណាច លុយកាក់ និងជាវប្បធម៍ដ៏អាក្រក់បំផុតធ្វើឲ្យមានការថ្នាំងថ្នាក់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលជាពិសេសរដ្ឋបាលរបស់សម្តេច ហ៊ុន
សែន។
សូមបញ្ជាក់ថា៖ តាមពិតទៅទោះជាមានរឿងរ៉ាវច្រើនជុំវិញទំនាស់ដីធ្លី មួយរយៈចុងក្រោយនេះ មនុស្សដែលខិលខូចនៅបន្តទន្រ្ទានយកដីគេ ជាពិសេសដីធ្លីរបស់ប្រជាពលរដ្ឋស្លូតត្រង់ នៅសល់មនុស្សតែមួយក្រុមតូចប៉ុណ្ណោះ ក្នុងនោះមាន ឧកញ្ញា ភឿន ផល្លា ដែលកំពុងតែល្បីល្បាញហើយកំពុងបន្តធ្វើសកម្មភាពជាប្រព័ន្ធក្នុងចេតនាទុច្ចរិតរំលោភដីធ្លីនេះ កាន់តែពុះកញ្ជ្រោល ខណៈបច្ចុប្បន្នទីផ្សារដីធ្លីបានហក់ឡើងខ្ពស់ អ្នកវិយោគទុនសម្រុកមករកសុីស្រុកខ្មែរ និងទំនុកចិត្តរដ្ឋបាលសម្តេចជោ ហ៊ុន សែន ជាមួយនិងសន្តិភាពដ៏ពេញនៅកម្ពុជា។
គួរម្លឹកថា៖ មានមនុស្សរាប់ពាន់នាក់បានឮនិងស្គាល់ឧកញ្ញា ភឿន ផល្លា រូបនេះ ដែលមានឋានៈជា ឧត្តមសេនីយ៍ផ្កាយពីរបម្រើការនៅអង្គភាព “ង៧០” ដែលល្បីល្បាញក្នុងការរៀបចំបណ្តាញជាប្រព័ន្ធដើម្បីដើរស៊ីដីរបស់គេជាច្រើនកន្លែងល្បីស្ទើរពេញខេត្តព្រះសីហនុនិងជាយក្រុងភ្នំពេញនិងខេត្តកណ្តាល។
សកម្មភាពរបស់ឧកញ្ញារូបនេះ បានធ្វើឲ្យប៉ះពាល់ដល់ស្ថាប័ននៃអង្គភាព” “ង៧០” របស់កងយុទ្ធពលខេមរភូមិន្ទដែលមិនបានពាក់ព័ន្ធជាមួយ។ ប្រជាពលរដ្ឋច្រើនណាស់រួមទាំងមន្រ្តីរាជការផងបាននាំគ្នានិយាយថា ការរំលោភដីធ្លីនៅកម្ពុជានឹងថយចុះ បើសិនរាជរដ្ឋាភិបាលនិងអង្គភាពប្រឆាំងអំពើរពុករលួយបន្តវិធានការណ៍តឺងរឹងនិងមានចំណាត់ការលើជនខិលខូចដែលនៅសល់មួយចំនួនតូច ជាពិសេសឧកញ្ញាខាងលើដើម្បីជាគម្រូក្នុងការកាត់បន្ថយឬលប់បំពាត់មនុស្សអាក្រក់ដែលជាបន្ទុករបស់សង្គម។
ដោយសារតែអំពើរំលោភបំពានដីធ្លីរបស់គាត់មានច្រើនកន្លែងនិងកំពុងបន្តធ្វើពីមួយកន្លែងទៅមួយកន្លែងទៀត គេក៏ដាក់ងាឲ្យគាត់ថាជា “ឧកញ្ញាស៊ីដី ឬឧកញ្ញាពស់វែក” មានល្បិចកលរាប់រយជំពូក។
ថ្មីៗនេះ មានពាក្យបណ្តឹងជាច្រើននៅក្រុងព្រះសីហនុ ក៏ដូចជាប្រជាពលរដ្ឋរាប់រយនាក់នៅជាយក្រុងភ្នំពេញនិងខេត្តកណ្តាល និងសារព័ត៌មាន បានចេញផ្សាយជាបន្តបន្ទាប់អំពីសកម្មភាពរបស់គាត់ តែឧកញ្ញារូបនេះនៅតែខ្លាំង និងកាន់តែខ្លាំង ព្រោះរបៀបស៊ីដីរបស់ក្រុមគាត់បានរៀបជាក្បាលម៉ាស៊ីន ជាប្រព័ន្ធមួយដែលមានកំលាំងយោធារបស់គាត់ មានសម្ភារៈ មានគ្រឿងចក្រ ហើយប្រើច្រើនរូបភាព រួមទាំងរៀបចំធ្វើជាទិញដូរពីអ្នកទីពីរ អ្នកទីបីដែលជាក្រុមមនុស្សតែមួយ រួចដាក់កំលាំងព័ទ្ធយក ឬដាក់គ្រឿងចក្រចូលឈូសយក
ភ្លាមៗតែម្តងបន្ទាប់រៀបចំឯកសារផ្ទេរឈ្មោះ។ ក្នុងករណីនេះ បើខាងភាគីរងគ្រោះខ្សោយគាត់ស៊ីដាច់តែម្តង ប៉ុន្តែបើគេខ្លាំងគាត់ចរចារចែកគ្នា ហើយបើគេ
ប្តឹង គាត់ស្រែកថាគាត់ជាជនរងគ្រោះដែរព្រោះគាត់ទិញពីគេទេ។ ពលរដ្ឋច្រើនណាស់ថាបើមិនមានវិធានការទេ ឧកញ្ញារូបនេះនឹងក្លាយជាស្តេចក្រាញ់ស៊ីដីធំឡើងៗនៅទូទាំងប្រទេសដោយប្រើយុទ្ធសាស្រ្តខាងលើ ដូចនេះមានតែអង្គភាពប្រឆាំងអំពើរពុករលួយ ឬសម្តេចតេជោ ហ៊ុន សែន ទេដែលអាចបញ្ឍប់សកម្មភាពគាត់បាន។
ខាងក្រោមនេះ ជាសំរង់ពាក្យបណ្តឹងមួយក្នុងចំណោមពាក្យបណ្តឹងជាច្រើន ប្តឹងទៅកាន់កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលមានចុះលេខ៖ ២៣៧ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១០.៥០ នាទីព្រឹក របស់លោក ថាន ថាវរៈ មេធាវីតំណាងឲ្យឈ្មោះ ច្រឹង វុត្ថា, គង់ វណ្ណា, ទីម យ៉ាន, ស៊ីង ស៊ាន, សៀន សុខ, សៅ សុខុន និងឈ្មោះ អែម អ៊ីន។ ក្នុងលិខិតនោះមានកម្មវត្ថុ៖សំណើរសុំប្តឹងមេក្លោងឈ្មោះ ភឺន ផល្លា ឬ ភឿន ផល្លា (មន្រ្តីកងយោធពលខេមរភូមិន្ទ អង្គភាពង៧០) ដែលជាអ្នកផ្តល់មធ្យោបាយដល់ឈ្មោះ ញ៉ាក់ គឹមតុង, យាយ កោះកុង, យាយ នោមឆេះ, កែន សឿ (ផ្កាយ១) និងឈ្មោះ គឿន (វីរៈសេនីយ៍ឯក) ដែលបានឲ្យអ្នកសមគំនិតនិងបក្សពួកគូរកនរបស់ខ្លួនចូលទៅធ្វើរបងនិងពុះជាឡូត៍នៅលើទីតាំងអចលនវត្ថុទំហំ ៤៧៧,៥១៣ ម៉ែត្រការ៉េ។
អង្គភាព នគរដ្រេហ្គន មិនអាចទាក់ទងសុំការបំភ្លឺបានទេពី លោកឧត្តមសេនីយ៍ទោ ភឿន ផល្លា មេបញ្ជាការរង កងពលតូចលេខ៧០ «ង៧០» នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ ដោយគ្មានលេខទូរស័ព្ទ។ ប៉ុន្តែមានអ្នកផ្សេងជាច្រើនបានទូរស័ព្ទមកកាន់អង្គភាព នគរដ្រេហ្គន ដោយអៈអាងថា តំណាងអោយ ឧកញ្ញា ភឿន ផល្លា ដោយបញ្ជាក់ថា៖ រឿងដីធ្លីនេះកើតមានប៉ុន្មានខែមុន ហើយឧកញ្ញា ភឿន ផល្លា បានដោះស្រាយបញ្ចប់រួចរាល់ មិនយកមកផ្សព្វផ្សាយជាថ្មីនោះទេ។
ទោះមានការអៈអាងបែបនេះក៏ដោយ ក៏ប្រជាពលរដ្ឋ នៅខេត្តកណ្តាល ខេត្តព្រះសីហនុ ជាយក្រុងភ្នំពេញ ពិសេសរាលដាលដល់តំបន់ផ្លូវជាតិលេខ៥១ វិញម្តង កាន់តែធ្វើអោយមានក្តីព្រួយបារម្ភបញ្ហារំលោភដីធ្លីនេះរាលដាលបន្តទៀត។
ឧកញ្ញា ភឿន ផល្លា មានទម្លាប់ប្រើកម្លាំងយោធា ទាំងគ្រឿងចក្រ រថយន្តស៊េរ៉ែន ជាដើម ក្នុងរូបភាពប្រើអំណាច គ្របដណ្តបដល់ភាគីជម្លោះជាដើម។
មានមនុស្សជាច្រើនកំពុងតែមានចំងល់ថា តើទ្រព្យសម្បត្តិដ៏មហាសាលរបស់
ឧត្តមសេនីយ៍ផ្កាយពីរមួយរូបបានមកដោយវិធីណា? នេះជាបណ្តឹងសាធារណៈមួយដែលជាពន្លឺដល់អង្គភាពប្រឆាំងអំពើពុករលួយ ហើយសង្ឃឺមថា លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើរពុករលួយនឺងជួយស្រាវជ្រាវធ្វើយ៉ាងណាដើម្បីជួយដោះទុក្ខលំបាករបស់ប្រជាពលរដ្ឋ កាត់បន្ថយនូវការថ្នាំងថ្នាក់ដល់រាជរដ្ឋាភិបាលដែលសម្តេចហ៊ុន សែន លោកកំពុងខិតខំកែទំរង់ និងជាពិសេសជៀសវាងការប៉ះពាល់ដល់អង្គភាព “ង៧០” របស់កងយោធពលខេមរភូមិន្ទដែលមិនបានពាក់ព័ន្ធជាមួយបុគ្គល ភឿន ផល្លា។
ករណីរឿងដីធ្លីនៅខេត្តព្រះសីហនុ គឺ លោក គឹម ចំណាន តំណាងប្រជាពលរដ្ឋចំនួន៣៧គ្រួសារ នៅក្នុងភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប្តឹងឧត្តមសេនីយ៍ទោ ភឿន ផល្លា និងលោក លឹម សុជាតិ ក្រោយពីបែកធ្លាយឯកសារ រឿងដី១៩២.៩០ ហិកតា ដែលឈ្មោះបុគ្គលទាំងពីរនាក់នេះ បានប្រើមេដៃពួកគាត់ដើម្បីសុំសិទ្ធិស្របច្បាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប៉ុន្តែនៅពេលដែលសម្តេចហ៊ុន សែន លោកសម្រេចផ្តល់ជូនប្រជាពលរដ្ឋ ស្រាប់តែមានឈ្មោះ ភឿន ផល្លា និងលោក លឹម សុជាតិ តែពីរនាក់ជាអ្នកគ្រប់គ្រងលើដី១៩២.៩០ហិកតា នេះទៅវិញ ហើយប្រជាពលរដ្ឋដែលរស់តំបន់នោះត្រូវបាត់បង់អស់រលីង។
លោក គឹម ចំណាន តំណាងអោយប្រជាពលរដ្ឋចំនួន៣៧គ្រួសារ បានថ្លែងថា ពួកគាត់មិនគិតស្មានថា ឈ្មោះ ភឿន ផល្លា និង លោក លឹម សុជាតិ បោកពួកគាត់ទេ ហើយក៏មិនជឿថាគាត់ហ៊ានបំពានចំណាររបស់
សម្តេចហ៊ុន សែនដែរ។ លោកបន្តថា ឈ្មោះ ភឿន ផល្លា និង លោក លឹម សុជាតិ បានមកប្រាប់ពួកគាត់និងសុំអោយពួកគាត់ផ្តិតមេដៃដើម្បីដាក់ជួនប្រមុខរាជរដ្ឋាភិបាលក្នុងបំណងសុំគោលការណ៍កាត់ឆ្វៀលដីជូនពួកគាត់ ប៉ុន្តែក្រោយពីទទួលបានចំណារឯកភាពពីសម្តេច ស្រាប់តែមានឈ្មោះភឿន ផល្លា និង លោក លឹម សុជាតិ ទៅវិញ។ នៅក្នុងបណ្តឹងប្រជាពលរដ្ឋទាំង៣៧គ្រួសារ សូមស្នើយ៉ាងទទួចដល់ស្ថាប័នពាក់ព័ន្ឋទាំងអស់ ជាពិសេសសម្តេច ហ៊ុន សែន សូមមេត្តាជួយរកយុត្តិធម៌ជូនពួកគាត់ផង ព្រោះពួកគាត់បានបាត់បង់ទីលំនៅទាំងស្រុង។ ឯកសារភស្តុតាងរួមមាន៖ អនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ ១៩១ អនក្រ.បក ដោយមានចំណារនិងចុះហត្ថលេខាដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ និងចំណារហត្ថលេខារបស់សម្តេច តេជោ ហ៊ុន សែន ចុះថ្ងៃទី៨ ខែវិច្ឆិការ ឆ្នាំ២០១៧ ស្តីពីផែនទីកំណត់តំបន់សហគមន៍នៃតំបន់ឧទ្យានជាតិព្រះសីហនុ-រាម លើផ្ទៃដីទំហំ ១៩២.៩ ហិកតា ស្ថិតនៅភូមិសាស្រ្ត ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
រឿងនេះបច្ចុប្បន្នលេចឮថា ឧកញ្ញា ភឿន ផល្លា នៅសល់ដីតែជាង៩០ហិកតាទេ នៅលើដៃ តែរឿងនេះកក្រើកឡើងវិញក៏លេចចេញថា គាត់ព្យាយាមរំលែកចាយដីនៅទៅអោយថ្នាក់លើខ្លះ ក្នុងដំណឹងបឋម ឧកញ្ញា ភឿន ផល្លា កាត់អោយទៅថ្នាក់ខេត្តចំនួន១០ហិកតា កាត់អោយទៅបុគ្គលមេកម្លាំងប្រដាប់អាវុធនៃស្ថាប័ន១ចំនួន ១០ហិកតា។ ទើបប៉ុន្មានថ្ងៃនេះ លោក ភឿន ផល្លា ស្លន់ស្លោ ព្រមទាំងប្រាប់ទៅកាន់ដៃជើងវិនិយោគរបស់ខ្លួន ចាត់ទុកថាអត់មានបញ្ហា គាត់ចាត់ចែងចាយលុយបញ្ចប់រឿងអស់ហើយ៕
ដោយ៖ សុខ ខេមរា