អាមេរិកបង្កើនការដាក់ទណ្ឌកម្ម ទៅលើរដ្ឋាភិបាលវេណេហ្ស៊ុយអេឡា

ចែករំលែក៖

កន្លងមកអាមេរិកបានប្រកាស បង្កកទ្រព្យសម្បត្តិទំាងអស់របស់រដ្ឋាភិបាលវេណេហ្ស៊ុយអេឡា នៅក្រៅប្រទេសទាំងអស់ ។ នៅពេលនេះដែរ អាមេរិក ក៏បានព្រមានដល់បណ្តា​ប្រទេស ជុំវិញពិភពលោក  បើនៅតែបន្តរកស៊ីជាមួយវេណេហ្ស៊ុយអេឡា និងទទួលរងទណ្ឌកម្ម ដូចគ្នា ។

ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី០៧ ខែសីហា ឆ្នាំ២០១៩បានដកស្រងសម្តី ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចន បូលតុន (John Bolton) បាននិយាយថា ទីក្រុងវ៉ាស៊ីតោនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីដាក់ទណ្ឌកម្មលើបណ្ដាប្រទេស ឬក្រុមហ៊ុនអន្តរជាតិទាំងឡាយណា ដែលបន្តគាំទ្រ និងធ្វើពាណិជ្ជ​កម្មជាមួយរដ្ឋាភិបាល នៃប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ។

លោក Bolton ធ្វើការព្រមានខាងលើ នាឱកាសចូលរួមកិច្ចប្រជុំមួយស្ដីពីវេណេស៊ុយអេឡា នៅក្នុងទីក្រុងលីម៉ាប្រទេសប៉េរូនៅថ្ងៃអង្គារសប្ដាហ៍នេះ ហើយបើទោះជាមិនបានបញ្ជាក់ចំឈ្មោះ តែគេដឹងថា លោកចង់បញ្ជូនសារទៅដល់ទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូ ដែលជាខ្នងបង្អែកដ៏ធំរបស់ទីក្រុងការ៉ាកាស់។ លោក Bolton បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងចង់បញ្ជូនសារទៅដល់ភាគីទីបី ដែលចង់រកស៊ីជាមួយរបបដឹកនាំម៉ាឌូរ៉ូ ឱ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ពីព្រោះយើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីដាក់ទណ្ឌកម្មលើនរណាក៏ដោយ ដែលនៅតែបន្តគាំទ្រ និងរកស៊ីជាមួយរបបមួយនេះ»

លើសពីនេះទៅទៀត ទីប្រឹក្សាសន្តិសុខជាតិអាមេរិករូបនេះ ក៏បានសង្កត់ធ្ងន់ផងដែរថា សហគមន៍អន្តរជាតិទាំងមូលគួរតែចូលរួម និងបង្កើនល្បឿនក្នុងការជំរុញឱ្យមានការផ្ទេរអំណាច នៅក្នុងប្រទេសវេណេស៊ុយអេឡាជាទីដែលប្រជាជនច្រើន ៤លាននាក់ បានរត់ភៀសខ្លួនចេញពីប្រទេស ដោយសារវិបត្តិសេដ្ឋកិច្ច។

គួរជម្រាបថា ការព្រមានរបស់លោក John Bolton ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលលោក ដូណាល់ ត្រាំ សម្រេចបង្កកទ្រព្យសម្បត្តិទាំងអស់នៃរដ្ឋាភិបាលរបស់ លោក ម៉ាឌូរ៉ូ ដែល មាននៅក្នុងសហ​រដ្ឋអាមេរិក ឬស្ថិតនៅក្រោមដែនសមត្ថកិច្ចអាមេរិក ។

ដោយឡែក ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌ដែលសួរថា តើទីក្រុងការ៉ាកាស់ នឹងចាត់វិធានការឆ្លើយតបដែរឬទេ? រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក ហ្សក អារៀហ្សា (Jorge Arreaza) បានបញ្ជាក់យ៉ាងខ្លីថា ជម្រើសគ្រប់យ៉ាងគឺមាននៅលើតុរួចជាស្រេច ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print