ព្យុះកំណាចកំពុងតែវាយប្រហារចិន និងបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ក្នុងតំបន់អាស៊ាន​ក្លាយជាទឹកជំនន់

ចែករំលែក៖

ព្យុះ Lekima កំពុងតែវាយប្រហារប្រទេសចិន បណ្តាលឲ្យមានអ្នកស្លាប់កើនឡើង ដល់ទៅ​២៣នាក់ហើយ និង រងរបួសជាច្រើន។ក្រៅពីនេះក៏ បានបង្កឲ្យមានការរអិលបាក់ដី ជាលើកទី២ នៅទីក្រុង Qingdao ខេត្ត Shandong ភាគខាងកើត ប្រទេសចិន នៅវេលាម៉ោងប្រមាណ៨៖៥០នាទីយប់ (ម៉ោងក្នុងតំបន់) ថ្ងៃអាទិត្យធ្វើឲ្យមានខ្យល់បោកបក់ និងភ្លៀងធ្លាក់យ៉ាងខ្លាំង។

Lekima គឺជាព្យុះទីហ្វុងទី៩ហើយក្នុងឆ្នាំនេះ ដែលបានវាយប្រហារប្រទេសចិន ហើយវាត្រូវបានគេព្យាករណ៍ថា ជាព្យុះមួយក្នុងចំណោមព្យុះដែលខ្លាំងក្លាបំផុត ដែលវាយប្រហារភាគខាងកើត ប្រទេសចិន នៅក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។
គិតត្រឹមម៉ោង៥ល្ងាចថ្ងៃអាទិត្យនេះ ព្យុះទីហ្វុងដ៏ខ្លាំងក្លានេះបានធ្វើឲ្យមនុស្ស៦.៥១លាននាក់ បានរងផលប៉ះពាល់ នៅខេត្ត Zhejiang, Jiangsu, Anhui, Shandong និងខេត្ត Fujian ព្រមទាំងទីក្រុង Shanghai ផងដែរ, នេះបើតាមទិន្នន័យទទួលបាន ពីក្រសួងគ្រប់គ្រងការសង្គ្រោះបន្ទាន់ចិន។
​ក្រៅពីប្រទេសចិន នៅប្រទេសវៀតណាមវិញ អាជ្ញាធរវៀតណាមបានឱ្យដឹងថា មនុស្ស១០នាក់បានស្លាប់នៅក្នុងគ្រោះទឹកជំនន់ និងរអិលបាក់ដី នៅតំបន់ខ្ពស់រាបភាគកណ្ដាលនៃប្រទេសគិតត្រឹមថ្ងៃសៅរ៍នេះ ខណៈមនុស្ស១១នាក់នៅតែកំពុងបាត់ខ្លួន។ យោងតាមអាជ្ញាធរវៀតណាមមនុស្សម្នាប្រមាណ ២០០គ្រួសារ ដែលរស់នៅក្បែរទំនប់វារីអគ្គិសនីដាក់ឡា (Dak Lar) ក្នុងខេត្តដាក់ណង (Dak Nong) ត្រូវបានជម្លៀសទៅរកកន្លែងមានសុវត្ថិភាព ខណៈខេត្ត និងតំបន់មួយ នៃខ្ពស់រាបភាគកណ្ដាលប្រទេសដូចជា ដាក់ឡាក់ (Dak Lak), អៀសាប់ (Ea Sup) ឬបួនដុន (Buon Don) ក៏កំពុងរងគ្រោះដោយសារទឹកជំនន់ និងគ្រោះរអិលបាក់ដី ដែលបង្កឡើងដោយសម្ពាធទាបនៃខ្យល់មូសុង និងត្រពិចនៅក្នុងតំបន់សមុទ្រខាងកើត ឬគេស្គាល់ថាសមុទ្រចិនខាងត្បូង។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរវៀតណាម គ្រោះទឹកជំនន់ ព្យុះ និងគ្រោះរអិលបាក់ដីបានសម្លាប់មនុស្ស ១៨១នាក់ និង ៣៧នាក់បាត់ខ្លួន ព្រមទាំងបង្កការខាតបង់គិតជាទឹកប្រាក់ស្មើនឹង ៨៥៨លានដុល្លារកាលពីឆ្នាំ២០១៨ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
ដោយឡែកនៅក្នុងប្រទេសមីយ៉ានម៉ា អាជ្ញាធរមីយ៉ាន់ម៉ា បានឱ្យដឹងថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ២២នាក់ហើយ និង ៤៧នាក់ទៀតរងរបួសក្នុងគ្រោះរអិលបាក់ដី បង្កឡើងដោយភ្លៀងមូសុងធ្លាក់យ៉ាងគំហុក ដែលបានកប់ផ្ទះ និងអគារជាច្រើននៅតំបន់ភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០១៩។
ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារលើភូមិ ថែព្យ៉ាកូណេ (Thae Pyar Kone) នៃរដ្ឋមន (Mon) អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដោយវាបង្កជាគ្រោះទឹកជំនន់ ដែលបង្ខំឱ្យអាជ្ញាធរត្រូវជម្លៀសប្រជាជនជាង ៨៩,០០០នាក់ទៅរកន្លែងមានសុវត្ថិភាព។ ខណៈក្រុមអ្នកជួយសង្រ្គោះ កំពុងបន្តប្រតិបតិ្តការស្វែងរកអ្នកបាត់ខ្លួន ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា អាចនឹងកើនឡើងដ្បិតមនុស្សជាង ១០០នាក់កំពុងបាត់ខ្លួន៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print