វិភាគព័ត៍មានអន្តរជាតិ៖ ស្ថានភាពបាតុកម្មនៅកោះហុងកុង នៅតែបន្តកើនឡើង ទោះបីមានសភាព​ធូស្រាល​ជាងមុនបន្តិចក៏ដោយ

ចែករំលែក៖

បាតុកម្មប្រឆាំងរដ្ឋាភិបាលចិន នៅតែមិនទាន់មានសញ្ញាបញ្ចប់នៅឡើយទេ បើទោះបី រដ្ឋាភិបាលហុងកុងបានប្រើប្រាស់កម្លាំង ដើម្បីបំបែកហ្វូងបាតុករក្តី​។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលទីក្រុងប៉េកាំងបាន ព្រមានដល់ប្រទេស ផ្សេងទៀតមិនត្រូវលូកដៃ ចូលក្នុងបញ្ហាផ្ទៃ​ក្នុងរបស់ចិន នោះឡើយ​។

កោះហុងកុងគឺស្ថិតនៅ ក្នុងដែនអធិបតេយ្យរបស់ចិន ដោយចិនបានអនុញ្ញាតឲ្យ គ្រប់គ្រង់ដោយស្វយ័តភាព តែប៉ុណ្ណោះ ។ ក្រុមអ្នកឯកទេសវិភាគ ​បានលើកឡើងថា ប្រសិនបើកោះហុងកុង នៅតែមានសភាពបែបនេះទៀត រដ្ឋាភិបាលទីក្រុងប៉េកាំងមានសិទ្ធិគ្រប់គ្រាន់ក្នុងការបញ្ជូនកម្លាំងទាហានទៅការពារ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅទីនោះ ។ លើសពីនេះទៅទៀត ចិនអាច ដកសិទ្ធិគ្រប់គ្រង ស្វ័យភាពពីកោះហុងកុង​វិញ ដូចអ្វីដែលឥណ្ឌាបានធ្វើទៅលើ តំបន់កាស្មៀរជាដើម។

ស្ថានការណ៍តានតឹងនៅទីក្រុងហុងកុង ហាក់បានរសាយឡើងវិញនាព្រឹកថ្ងៃចន្ទនេះ ក្រោយបាតុកម្ម និងការប៉ះទង្គិចគ្នាដោយហិង្សារវាងប៉ូលិស និងក្រុមបាតុករប្រឆាំងរដ្ឋាភិបាល ដែលបានបន្តកើតឡើងជាច្រើនសប្តាហ៍ហើយ ខណៈស្ថានីយរថភ្លើង និងផ្លូវក្រោមដី ត្រូវបានបើកដំណើរការជាធម្មតាឡើងវិញ។ យ៉ាងណាមិញសម្រាប់សប្តាហ៍នេះ គម្រោងសកម្មភាពតវ៉ានៅតែមានដដែល។
កាលពីថ្ងៃ១១ ខែសីហានកន្លងមក មានការបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដោយកម្លាំងប៉ូលិសហុងកុង និងការចោលដបសាំងពីក្រុមបាតុករ នៅតាមតំបន់ខុសៗគ្នានៃទីក្រុងហុងកុង ហើយកំឡុងពេលនោះក៏មានទាំងអ្នករងរបួស និងការចាប់ខ្លួនផងដែរ។ ខណៈ នាព្រឹកថ្ងៃចន្ទនេះមានសភាពស្ងប់ស្ងាត់ ក្រុមបាតុករគ្រោងនឹងបន្តប្រមូលផ្តុំគ្នា នៅព្រលានយន្តហោះអន្តរជាតិហុងកុងក្នុងថ្ងៃនេះទៀត ដែលវានឹងមានរយៈពេល ០៤ថ្ងៃជាប់គ្នា។ ក្រុមអ្នកតវ៉ាក៏នឹងប្រមូលផ្តុំគ្នានៅក្រៅទីស្នាក់ការប៉ូលិសជាថ្មីទៀត នៅយប់ថ្ងៃចន្ទនេះផងដែរ។
គួរជម្រាបថា គិតចាប់តាំងតែពីបាតុកម្មបានចាប់ផ្តើមឡើងកាលពីជាងពីរខែមុន ប៉ូលិសហុងកុងបានចាប់ខ្លួនមនុស្សជាង ៦០០នាក់ ហើយវាបានប្រែក្លាយពីបាតុកម្មមានគោលដៅប្រឆាំងច្បាប់ធ្វើបត្យាប័ន ដែលបានរលាយសាបសូន្យហើយនោះ ទៅជាការប្រឆាំងរដ្ឋបាលទីក្រុងហុងកុងតែម្តង។ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ សកម្មភាពតវ៉ានេះកាន់តែផ្ទុះអំពើហិង្សាខ្លាំងឡើងៗ និងបានក្លាយជាវិបត្តិដ៏ធ្ងន់ធ្ងរមួយ សម្រាប់តំបន់ស្វ័យពិសេសរបស់ចិនមួយនេះ ហើយក៏ជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់ទីក្រុងប៉េកាំងផងដែរ។
នៅថ្ងៃទី​១១សីហានេះ ប្រជាជនហុងកុង បានបន្តជួបជុំគ្នាធ្វើបាតុកម្ម ដើម្បីប្រឆាំងតវ៉ា នឹងអំណាចផ្តាច់ការរបស់ចិនប៉េកាំង។ ដោយឡែក កាលពីថ្ងៃសៅរ៍ម្សិលមិញ ក្បួនបាតុកម្ម ជាច្រើនកន្លែង​បានបង្កឲ្យមានការប៉ះទង្គិចគ្នាខ្លាំង ជាមួយនឹងសមត្ថកិច្ច។ គួរ​កត់​សំគាល់​ថា អស់រយៈពេល​ប្រមាណ២ខែមកនេះ ចលនាបាតុកម្មរបស់ប្រជាជនហុងកុង កំពុង​តែ​​ចាប់ផ្តើម​ ធ្វើឲ្យមានផលអវិជ្ជមានខ្លះ ទៅលើ​​វិស័យ​សេដ្ឋកិច្ច។

កម្លាំងបាតុកម្ម​ របស់ប្រជាជនហុងកុង ហាក់មិនបានចុះថយទេ គឺកាន់តែរីកធំ បន្ទាប់​ពី លោកស្រី​ប្រមុខ​រដ្ឋបាល​ហុងកុង បានអះអាង​ថានឹងមិនចុះញ៉ម។ នៅរសៀលថ្ងៃអាទិត្យ​ទី​១១សីហា នៅទីលានសួនច្បារ Victoria Park មានមនុស្ស​រាប់ពាន់នាក់ មានក្មេងមានចាស់ មកជួបជុំគ្នា។ ស្ត្រីបាតុករម្នាក់ បានបញ្ជាក់ថា នគរបាលហុងកុង បានអនុញ្ញាតឲ្យមានការជួបជុំនៅមួយកន្លែង តែហាមមិនឲ្យដើរក្បួនទេ។ តែយ៉ាងណាស្ត្រីបាតុកររូបនេះ បានអះអាងថា ក្រុមបាតុករនឹងមិនញញើត ក្នុងការធ្វើដំណើរតាមដងផ្លូវទេ។

ទន្ទឹមគ្នានោះដែរ​ នៅឯសង្កាត់កៅលន់ឯណោះ ក៏មានការជួបជុំបាតុករហុងកុង ជាច្រើនពាន់នាក់ដែរ។ ហើយចំណែក នៅឯព្រលានយន្តហោះហុងកុងវិញ ក្រុមបាតុករប្រជាធិបតេយ្យ នៅតែបន្តអង្គុយជួបជុំគ្នាអស់រយៈពេល៣ថ្ងៃមក​ហើយ ដើម្បី​ផ្សព្វផ្សាយ​ប្រាប់ទៅភ្ញៀវបរទេស ក៏ដូចជាអ្នកធ្វើដំណើរទាំងអស់​ ឲ្យបានដឹង នឹងចូលរួមក្នុងចលនាតវ៉ារបស់ពួកគេ។

ផ្តើមចេញពីការតវ៉ា ប្រឆាំងនឹងគំរោងច្បាប់ធ្វើបត្យាប័ន បាតុករប្រជាធិបតេយ្យហុងកុង បានពង្រីក​ចលនាបាតុកម្មរបស់ខ្លួន ឲ្យកាន់តែរីកធំ ដោយមានការចូលរួមពីប្រជាជន​ហុងកុង​ទូទៅ ពីគ្រប់មជ្ឈដ្ឋាន ដើម្បីទាមទារ ឈប់ឲ្យចិនប៉េកាំង កៀបសង្កត់សិទ្ធិសេរីភាព​របស់​ហុងកុង។ បាតុករប្រជាធិបតេយ្យ បានទាមទារ ឲ្យ​លោកស្រី ការី ឡាំ ចុះចេញពីតំណែង ហើយត្រូវរៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ​​សេរី ដើម្បីជ្រើសរើសប្រមុខដឹកនាំថ្មី របស់ហុងកុង មិនមែនជាការតែងតាំង ដោយបក្សកុម្មុយនីស្ត​ប៉េកាំង​នោះទេ។ បាតុករប្រជាធិបតេយ្យ ក៏បានទាមទារដែរ ឲ្យមានការស៊ើបអង្កេតឯករាជ្យ ស្តីពីការ​ប្រើ​អំពើហិង្សា​របស់​នគរបាល ទៅលើក្រុមបាតុករ។

ដោយឡែក កាលពីថ្ងៃសុក្រកន្លងទៅ លោកស្រីការី ឡាំ ប្រមុខរដ្ឋបាលហុងកុង បាន​សន្យាថា លោកស្រីនឹងមិនចុះញ៉មចំពោះ​ចលនាបាតុកម្ម យ៉ាងអាណាធិបតេយ្យនេះជាដាច់ខាត។ លោកស្រីក៏បានលើកឡើងដែរ អំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ មកលើវិស័យសេដ្ឋកិច្ច ជាពិសេសវិស័យទេសចរណ៍របស់ហុងកុង ដែលបណ្តាលមកពីចលនាបាតុកម្ម ជាង២ខែមកនេះ។ យោងតាមតួលេខផ្លូវការ ចំនួនកក់បន្ទប់តាមសណ្ឋាគារ បាន​ធ្លាក់ចុះប្រមាណ​៥០% នៅក្នុងខែកក្កដា។ លោក Edward Yau រដ្ឋលេខាធិការទទួលបន្ទុក​ពាណិជ្ជកម្ម​ហុងកុង បានលើកឡើងថា ​ចលនាបាតុកម្ម​ជាង២ខែមកនេះ កំពុងតែធ្វើឲ្យ​ស្ថានភាព​សេដ្ឋកិច្ច​ហុងកុង ស្ថិតក្នុងគ្រោះថ្នាក់បំផុត៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print