ខេត្តមួយចំនួនបានរងគ្រោះដោយទឹកជំនន់ចំណែកនៅខេត្តបន្ទាយមានជ័យខ្វះទឹកស្រោចស្រពដំណាំស្រូវនាំឱ្យប្រជាកសិករមួយចំនួនមានជម្លោះនៃការដណ្តើមទឹកគ្នា

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ខណៈដែលគេឃើញនៅតាមបណ្តាខេត្តមួយចំនួនកំពុងរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងដោយឡែកនៅខេត្តបន្ទាយមានជ័យឯណោះវិញខ្វះទឹកស្រោចស្រពដំណាំស្រូវនាំឱ្យប្រជាកសិករមួយចំនួននៅស្រុកមង្គលបូរីបានមានជម្លោះដណ្តើមទឹកគ្នាប្រញ៉ាប់ឱ្យអាជ្ញាធរមូលដ្ឋានចុះទៅសម្របសម្រួលដោះស្រាយដើម្បីបញ្ចៀសបញ្ហាតានតឹងដាក់គ្នា។

អាជ្ញាធរស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃសុក្រចុងសប្តាហ៍កន្លងទៅថ្មីៗនេះបានចុះទៅសម្របសម្រួលដោះស្រាយនៃការទាមរបស់ប្រជាកសិករនៅឃុំគោកបល្ល័ង្គ ដែលកើតទុកមិនសុខចិត្តដោយសារប្រជាកសិករនៅឃុំស្រះរាំង និងឃុំបន្ទាយនាងបានបិទប្រឡាយទឹកជាជន្លើៗនៅផ្នែកខាងលើនៃប្រឡាយស្ពានក្រឡ សម្រាប់យកទឹកបញ្ចូលស្រែ។បង្កឱ្យប៉ះពាល់ដល់ប្រជាកសិករនៅឃុំគោកបល្ល័ង្គដែលស្រូវបង្កើនរដូវរបស់ពួកគាត់ជាង៣ពាន់ហិកតារៀបនិងចេញផ្លែទៅហើយប៉ុន្តែខ្វះទឹកស្រោចស្រពអាចបណ្តាលឱ្យស្រូវស្កក។

អភិបាលស្រុកមង្គលបូរី លោក រ័ត្ន ដាស៊ីណង់ប្រាប់ឱ្យដឹងថាបញ្ហាទឹកនៅស្រុកមង្គលបូរីមានការខ្វះខាតជាខ្លាំងដោយសារតែភ្លៀងធ្លាក់មកតិចតួច។ការផលិតស្រូវរបស់កសិករ នៅស្រុកមង្គលបូរីនៅឆ្នាំនេះមានរហូតដល់ទៅជាង៥ម៉ឺនហិកតា។

លោកអភិបាលស្រុកប្រាប់ឱ្យដឹងទៀតថា ការចុះមកសម្របសម្រួលដោះស្រាយជូនដល់កសិករខ្វះទឹកនៅក្នុងឃុំគោកបល្ល័ង្គគឺអាជ្ញាស្រុកបានសុំគោលការណ៍ពីមន្ទីរជំនាញធនធានទឹកខេត្ត អាជ្ញាធរខេត្តនិងបានអនុញ្ញាតយកអេស្កាមកកាយដាក់លូឱ្យធំនៅចំណុចប្រឡាយតាចាន់ក្នុងឃុំស្រះរាំងដើម្បីឱ្យទឹកបានហូរខ្លាំងពីផ្នែកខាងលើជួយដល់ការស្រោចស្រពកសិករនៅឃុំគោកបល្ល័ង្គ។

មិនតែប៉ុណ្ណោះបានណែនាំដល់កសិករផលិតស្រូវនៅផ្នែកខាងលើមិនឱ្យទប់ទឹកនោះទេគឺអនុញ្ញាតឱ្យបូមទឹកចេញពីប្រឡាយតែប៉ុណ្ណោះ។ពីព្រោះធ្វើបែបនេះគឺយើងចង់ឱ្យកសិករទាំងអស់ទទួលបានផលនិងមានទឹកប្រើប្រាស់ស្មើគ្នា ក្នុងគោលបំណងបញ្ចៀសកុំឱ្យមានជម្លោះកើតមាន៕សំ វិច្ឆិកា

...




ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print