ភ្នំពេញ៖ ពិតជាកោតសរសើរចំពោះការខិតខំព្យាយាមសិក្សាបន្ថែមពីលើជំនាញសិល្បៈមានស្រាប់ដ៏សម្បូរបែបរបស់អ្នកនាង ស៊ូ ដាណេ ដើម្បីទទួលយកចំណេះដឹងថ្មីលើការតែងនិពន្ធ។ នាងទទួលបានកិត្តិយស និងការសរសើរខ្លាំងពីអ្នកសិក្សារួមជំនាន់ និងសាស្ត្រាចារ្យជាច្រើនថាជាមនុស្សឧស្សាហ៍ព្យាយាម បើទោះបីជាមានការងារសិល្បៈជាច្រើនក្នុងដៃក៏ដោយ។
កាលពីសប្តាហ៍មុននេះ លោក ព្រឿងប្រណិត ប្រធានសមាគមអ្នកនិពន្ធខ្មែរ បានរៀបចំពីធីប្រគល់វិញ្ញាប័ណ្ណបត្រជូនដល់សិក្ខាកាម វគ្គបណ្ដុះបណ្ដាលវិស្ស័យនិពន្ធ ជំនាន់ទី៣៣ ដោយមានការចូលរួមជាកិត្តិយសពីលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ។
ក្នុងចំណោមអ្នកនិពន្ធជាង៣៥រូប ភាគច្រើន សុទ្ធសឹងតែជានិសិត្សនិងមន្ត្រីរាជការ ដោយឡែកតែអ្នកនាងស៊ូដាណេ ដែលលោកអ្នកធ្លាប់បានស្គាល់ថាជាសិល្បការនី ពហុជំនាញ ខាងសិល្បៈចំរុះ ព្រោះអ្នកនាងជាអតីតនាដការី នៅមន្ទីវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញ។
ដោយពេលនេះអ្នកនាងកំពុងតែត្រៀមទទួលបាននូវជំនាញថ្មីមួយទៀតហើយគឺការតាក់តែងនិពន្ធ ចម្រៀង ប្រលោមលោកខ្ចីនិងវែង អត្តបទសេណារីយោកុនជាដើម មួយវិញទៀតនាងមានបំណងសរសេរផ្ចែសរឿងល្ខោនបាសាក់និងយីកេ ដោយដកស្រង់ពីប្រលោមលោកល្បីៗ របស់វិរៈកវីដ៏ឆ្នើមៗជំនាន់មុន។
គោលបំណងគឺលើកកំពស់ស្នាដៃវិរៈកវីឱ្យកូនខ្មែរគ្រប់ជំនាន់បានស្គាល់និងថែរក្សា ជាពិសេសគឺ ល្ខោនបាសាក់និងយីកេនេះហើយដែលអ្នកនាងចង់និពន្ធរឿងថ្មីៗ ដើម្បីកុំឱ្យមហារជនធុញទ្រាន់នឹងរឿងដដែលៗ ព្រោះថាប្រលោមលោកដ៏ល្បីៗជាច្រើនរបស់កវីយើង នៅពុំស៊ូវឃើញមានអ្នកដឹកនាំរឿងខ្លះលើកមកសម្តែងនៅឡើយ។ អ្នកនាងបានលើកឡើងថា មូលហេតុដែលអ្នកនាងចូលសិក្សាផ្នែកតែងនិពន្ធ បំណងធំចំបងគឺ រក្សាអក្សរសាស្ត្រនិងអក្សរសិល្ប៍ខ្មែរឱ្យគង់វង់គ្រប់ជំនាន់ ព្រោះអក្សរសាស្ត្រនិងអក្សរសិល្ប៍ទាំងនេះហើយ គឺជារូបរាងនិងជាអត្តញ្ញាណពិតរបស់ខ្មែរ ។អ្នកនាងបានបន្តជាចុងក្រោយថាចំណុចខ្លាំងរបស់អ្នកនិពន្ធមានច្រើនចំណុចណាស់ ដែលនាងខ្ញុំមិនទាន់មានសូម្បីតែមួយផ្នែក ដូច្នេះខ្ញុំត្រូវការ ការអាន ស្តាប់,សង្កេត,និងកត់ត្រា។
នាងរំពឹងដែរថា នាងនឹងអាចប្រើប្រាស់ចំណេះដឹងដែលបានសិក្សារៀនសូត្រពីលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យ និងការសិក្សាស្រាវជ្រាវបន្ថែមធ្វើជាប្រយោជន៍បុព្វហេតុជាតិមាតុភូមិ និងបម្រើការកម្សាន្ត អភិវឌ្ឍន៍ អភិរក្សនូវសិល្បៈវប្បធម៌ខ្មែរឲ្យកាន់តែប្រសើរ៕ ដោយ វឌ្ឍនា