ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ នៅសាលាខណ្ឌទួលគោកដែលដឹកនាំ ដោយលោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាលខណ្ឌ មានរៀបចំពិធីវាយកំទ្ទេចទូហ្គេម ចំនួន១១៥ទូ ដែលក្នុងនោះមាន ប្រភេទ ទូហ្គេមបាញ់ត្រីចំនួន៥ទូ និងហ្គេមបៀរ១១០ទូ ដែលកម្លាំងគណៈបញ្ជា
ការឯកភាពខណ្ឌរបស់លោក បានចុះប្រតិបត្តិការបង្ក្រាបជាបន្តបន្ទាប់នាពេលកន្លងមក ។
លោកអភិបាលខណ្ឌបានមានប្រសាសន៍ថា ដេីម្បីលុបបំបាត់ល្បែងសីុសងក្នុងមូលដ្ឋានស្របតាមគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព និងដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ឱ្យបានល្អផងដែរនោះ សាលាខណ្ឌទួលគោកបានធ្វើការវាយកម្ទេចទូហ្គេមជាប្រភេទល្បែងសីុសងដែលកំពុងចរាចរនៅក្នុងខណ្ឌ ព្រមទាំងកំពុងពង្វក់ដល់ប្អូនៗសិស្សានុសិស្សធ្វើឲ្យភ្លេចពីការសិក្សារបស់ខ្លួន ហើយបានចូលទៅលេងហេ្គម បំផ្លាញលុយ ឬទ្រព្យសម្បត្ដិរបស់អាណាព្យាបាលផងដែរ ។
គួរបញ្ជាក់ផងដែរថា ចំពោះការបង្ក្រាបល្បែងសីុសងប្រភេទនេះ គឺជារើយៗតែងតែឃើញលោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោកចុះបង្ក្រាបដោយផ្ទាល់ និងដកហូត ដើម្បីធ្វើការកំទេចចោល ។
លោកអភិបាលខណ្ឌបានមានប្រសាសន៍បន្តថា ទូហេ្គមទាំង១១៥ទូនេះ ត្រូវបានរឹបអូសពីកន្លែងធើ្វអាជីវកម្មខុសច្បាប់ជាច្រើនកន្លែងនៅក្នុងខណ្ឌទួលគោកខណៈដែលពួកគេលួចបើកលេងទាំងយប់ទាំងថ្ងៃដោយពុំមានសុំការអនុញ្ញាតពីអាជ្ញាធរដែនដីនោះឡើយ ។
លើសពីនេះទៀត វាបានធើ្វឱ្យមានផលប៉ះពាល់ដល់សណ្ដាប់ធ្នាប់សន្ដិសុខសង្គមតាមរយៈលេងហ្គេមចាញ់អស់លុយ ធើ្វឱ្យសិស្សានុសិស្ស ឬយុវវ័យទាំងនោះអាចប្រព្រឹត្ដអំពើដូចជា លួច ឆក់ ប្លន់ ដែលបង្កភាពអសន្ដិសុខសង្គមជាដើម ៕
...
ដោយ៖ ស ដារ៉ា