ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋអបអរសាទរខណៈអភិបាលខេត្តបញ្ជាអោយគ្រឿងចក្រ កាយដីចាក់រំលោភលើប្រព័ន្ធលូ បង្ហូទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋវិញជាង៣០០ហិកតា នៅក្នុងភូមិចំនួន៤ កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅភូមិអង្គតាមោក ឃុំប្រសូត ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ការយកគ្រឿងចក្រចុះកាយដីនេះ ដឹកនាំដោយលោក អ៊ុង សារ អភិបាលរងស្រុកស្វាយទាប និងមានការចូលរួមពីក្រុមប្រឹក្សាឃុំ ហើយប្រជាពលរដ្ឋរងគ្រោះជាច្រើននាក់ទៀត។
លោក ទួត នៅ ប្រធានការិយាល័យ ភូមិបាលស្រុកស្វាយទាប បានប្រាប់ អ្នកសារព័ត៏មានដឹងថា៖ លោកទទួលស្គាល់ឈ្មោះ វ៉ាន់ ឌី បានបង្ហាញវិញ្ញាបណ្ណបត្រជាម្ចាស់កម្មសិទ្ធិលើអចលនទ្រព្យនេះជាដីកសិកម្ម។ ប៉ុន្តែឈ្មោះ វ៉ាន់ ឌី នេះបានចាក់ដីរំលោភយកដីចំណីផ្លូវរបស់រដ្ឋ នៅតាមផ្លូវជាតិលេខ៣១៤ មានចំណីផ្លូវពីអាក់៣០ម៉ែត្រ មានលូបង្ហូទឹកកាត់ថ្នល់ចំនួន៣លូ មានមុខកាត់១ម៉ែត្រ ហើយត្រូវជននេះ ចាក់បិទផ្លូវទឹក ទើបបណ្តាលឲ្យទឹកជនលិចស្រូវរបស់ប្រជាពលរដ្ឋរាប់រយហិកតា។
បើតាមផ្លូវច្បាប់ បើម្ចាស់ដីចង់ចាក់ដី ត្រូវតែសុំច្បាប់ប្តូរ ប្រភេទដីកសិកម្ម មកជាដីសាងសង់ វិញ ទើបអាចដំណើរការចាក់ដីបានប៉ុន្ដែជននេះបាន បានចាក់ដី ដោយអត់ច្បាប់ ហើយចាក់រំលោភដីចំណីផ្លូវសាធារណៈរបស់រដ្ឋ និងបិទផ្លូវទឹក ធ្វើឲ្យលិចស្រូវរបស់ប្រជាពលរដ្ឋរលួយខូចជាង៣០០ហិកតា។
ចំណែកលោក អ៊ុង សារ អភិបាលរងស្រុកស្វាយទាបបានអោយដឹងថា៖ នេះជាការចង្អុលបង្ហាញពីថ្នាក់ដឹកនាំខេត្តដាក់បទបញ្ជាឲ្យថ្នាក់ស្រុកចុះមកពិនិត្យតាមបណ្តឹងពលរដ្ឋឃើញថា ក្រុមហ៊ុនបានចាក់ដីបិទផ្លូវទឹកធ្វើឲ្យទឹកជនលិចស្រូវប្រជាលរដ្ឋពិតប្រាកដមែន។
ទោះជាយ៉ាងណានៅចំពោះមុខ គឺលោកអភិបាលខេត្ត បានបញ្ជាឲ្យយកគ្រឿងចក្រកាយដីបង្ហូរទឹកសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋសិនដោយឡែកចំពោះដំណោះស្រាយតាមផ្លូវច្បាប់នោះ គឺរង់ចាំដោះស្រាយ នាពេលខាងក្រោយបន្តទៀត។
ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋរងគ្រោះទាំង៤ភូមិ បានអបអរសារទរ និងថ្លែងអំណរគុណចំណាត់ការរបស់លោកអភិបាលខេត្ត ហើយសូមសំណូមពរឲ្យអាជ្ញាធរដាក់ពិន័យតាមផ្លូវច្បាប់ទៅលើម្ចាស់ដី និងសងសំណងជាស្រូវពូជជូនដល់ប្រជាពលរដ្ឋ៕
ដោយ៖ យឹម សុថាន