ភ្នំពេញ ៖ លោកអ៊ុំ ម៉ារ៉េត សមាជិកគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌច្បារអំពៅ ជំនួសលោកអ៊ាង ស៊ីផាន ដែលត្រូវផ្លាស់ប្តូរទៅកាន់មុខដំណែងថ្មី, ដែលពិធីប្រកាសចូលកាន់មុខដំណែងនេះ បានធ្វើឡើង នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី១៦ ខែសីហានេះ ក្រោមវត្តមាន លោក ប៉ា សុជាតិវង្ស សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជន កម្ពុជា រាជធានីភ្នំពេញ។
លោក ប៉ា សុជាតិវង្ស ក្នុងនាមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានចូលរួមអបអរសាទរ ជាមួយលោកអ៊ុំ ម៉ារ៉េត ដែលត្រូវបានថ្នាក់ដឹកនាំគណៈបក្សប្រជាជនកម្ពុជា មានទំនុកចិត្តតែងតាំងជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌច្បារអំពៅ។
លោក ប៉ា សុជាតិវង្ស បានថ្លែងថា៖ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បាននឹងកំពុងអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាល ទី៤ ប្រកបដោយជោគជ័យ ដោយធ្វើការកែទំរង់ជាតិដ៍ទូលំទូលាយស៊ីជំរៅ ក្នុងនោះបានអនុវត្តគោលនយោបាយវិមជ្ឈការ និង វិសហមជ្ឍការ គឺការធ្វើប្រតិភូកម្មអំណាចមុខងារ និងធនធាន អោយទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងរបៀបរបបការងារនៅមូលដ្ឋានសំដៅធ្វើអោយមានតម្លាភាព គណនេយ្យភាព ក្នុងការផ្តល់សេវាកាន់តែជិត និង រហ័សជូនប្រជាពលរដ្ឋ។
លោក ប៉ា សុជាតិវង្ស ក៍បានណែនាំដល់លោកអ៊ុំ ម៉ារ៉េត ខិតខំប្រតិបត្តិ អោយបានត្រឹមត្រូវតាមលក្ខន្តិកៈកម្មវិធីគោលនយោបាយរបស់គណបក្ស គោលការណ៍ សេចក្តីសំរេចចិត្ត សេចក្តីណែនាំនានា របស់គណកប្សប្រជាជនកម្ពុជា ដើម្បីកំណត់ទិសដៅភារកិច្ចគោលការណ៍ និងវិធានការណ៍ចាត់តាំងអនុវត្តអោយបានសមស្រប តាមសភាពការជាក់ស្តែងរបស់ខណ្ឌ ព្រមទាំងដឹកនាំគ្រប់គ្រងគណៈកម្មាធិការគណបក្សមូលដ្ឋាន និង អង្គការចាត់តាំងគណបក្សចំណុះ អោយអនុវត្តសំរេចបានជោគជ័យ៕ សណ្តោស