ភ្នំពេញ៖ដោយពិនិត្យឃើញថាទោះជាមានគោលនយោបាយស្តីពីការគ្រប់គ្រងនិងប្រើប្រាស់ដីធ្លីថ្មីច្បាប់ភូមិបាលក្នុងឆ្នាំ១៩៩២និងលិខិតបទដ្ឋានជាច្រើនទៀតដែលរាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្តាប់សំដៅពង្រឹងប្រសិទ្ធិភាពគ្រប់គ្រងនិងប្រើប្រាស់ដីធ្លីអោយបានចំទិសដៅ នៅព្រឹកថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៥នេះលោកសុខសម្បត្តិអភិបាលនៃគណៈអភិបាល ខណ្ឌព្រែកព្នៅនិងលោកម៉ៅបូរ៉ាប្រធានក្រុមប្រឹក្សារួមទាំងមន្ត្រីរបស់សាលាខណ្ឌចូលរួមផងដែរ។
ថ្លែងនៅក្នុងអង្គពិធីលោកស៊ូស៊ីវុត្ថាប្រធានការិយាល័យភូមិបាលខណ្ឌបាននិយាយថាមុននិងធ្វើការសាងសង់លំនៅដ្ឋានឬអាគាររោងចក្រសហគ្រាសត្រូវការសុំច្បាប់អនុញ្ញាតសាងសង់ជាមុនដើម្បីជៀសវាងនូវរាល់បញ្ហាផ្សេងៗកើតមានឡើងម៉្យាងវិញទៀតចំពោះការសុំច្បាប់សាងសង់ចាប់ពី៥០០ម៉ែត្រការ៉េចុះក្រោមត្រូវស្នើរសុំច្បាប់អនុញ្ញាតទៅដល់សង្កាត់និងខណ្ឌបើផ្ទៃក្រឡាលើសពី៥០០ម៉ែត្រការ៉េឡើងទៅត្រូវសុំច្បាប់ដល់សាលារាជធានីភ្នំពេញតែបើចាប់ពី៣០០០ម៉ែត្រការ៉េគឺសុំការអនុញ្ញាតរហូតទៅដល់ក្រសួងរៀបចំដែនដីនគររូបណីយកម្ម។
លោកសុខ សម្បត្តិអភិបាលនៃគណៈអភិបាលបានថ្លែងថា យោងតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ស្តីពីសំណង់ខុសច្បាប់ ក្នុងដែនសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ខណ្ឌព្រែកព្នៅទាំងមូល លោកនិងមានវិធានការទប់ស្កាត់រាល់សំណង់ ដែលគ្មានច្បាប់អនុញ្ញាតទាំងនោះ និងជាពិសេសត្រូវធ្វើការផាកពិន័យទៅលើម្ចាស់សំណង់ណាដែលមិនបានសុំច្បាប់អនុញ្ញាតនិងជួយជំរុញអោយពួកគាត់ចូលមកសុំច្បាប់នៅសាលាខណ្ឌ ឬក៏សាលារាជធានីភ្នំពេញជាដាច់ខាត។ លោកសុខ សម្បត្តិបន្តថា ជាពិសេសជាងនេះទៅទៀត ក្នុងនាមអាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវអនុវត្តន៍អោយបាននូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថភាព ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌព្រែកព្នៅទាំងមូល អាជ្ញាធរសង្កាត់និមួយៗត្រូវរាយការណ៍រាល់បទល្មើស ដូចជា ការចរាចរណ៍គ្រឿងញៀន ល្បែងស៊ីសង ជល់មាន ហ្គេមជាដើម ក្នុងនាមសមត្ថកិច្ចសង្កាត់និមួយៗត្រូវរាយការណ៍មកសាលាខណ្ឌអោយបានដឹងដើម្បីទប់ស្កាត់ និងមិនត្រូវអោយមានបទល្មើសផ្សេងៗជាដាច់ខាត៕ ចាន់ធឿន