ប្រទេសអុីរ៉ង់៖ ក្រោយពេល រដ្ឋាភិបាល Gibraltar បានប្រកាសដោះលែងនាវាដឹកប្រេងរបស់អុី ឭរ៉ង់ភ្លាម អុីរ៉ង់បានបញ្ជូននាវានោះចេញទាំងកណ្តាលយប់ មិនតែប៉ុណ្ណោះក៏បានបញ្ជូននាវាចម្បាំងទៅការពារផងដែរ ខ្លាចត្រូវ អាមរិកចាប់នាវានោះសាជាថ្មី។
នាវាដឹកប្រេងដ៏ធំខាងលើរបស់អុីរ៉ង់ គឺជាចំណុចបង្កឲ្យមានវិវាទដល់ទំនាក់ទំនងការបរទេស រយៈពេលកន្លងមក។ សារព័ត៌មាន Wall Street journal បានដកស្រង់សម្តីរបស់មន្ត្រីអុីរ៉ង់ ដោយបានបញ្ជាក់ថា នាវាដឹកប្រេងខាងលើនេះ បានប្តូរឈ្មោះទៅជានាវា Anrian Darya 1 មុនពេលចាកចេញពីតំបន់សមុទ្រ Gibraltar នៅវេលាម៉ោង២៣ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះ។
ឯកអគ្គរដ្ឋទូតអុីរ៉ង់ប្រចាំនៅអង់គ្លេស លោក Hamid Baeidinejad កាលពីថ្ងៃទី១៨ ខែសីហា បានប្រកាសនៅលើបណ្តាញសង្គមរបស់លោកថា ក្រោយការពិភាក្សាគ្នារួចមក នាវាដឹកប្រេងរបស់អុីរ៉ង់ត្រូវបានដោះលែង បើទោះជាអាមេរិកស្នើឲ្យចាប់នាវានោះមកវិញក្តី។ នាវាខាងលើផ្ទុកប្រេង ចំណុះរហូតដល់ទៅ២,១លានបារ៉ែល និងមានតម្លៃប្រមាណ១៤០លានដុល្លារអាមេរិក។
ក្រោយពេលរដ្ឋាភិបាល Gibraltar បានសម្រេចដោះលែងនាវាដឹកប្រេងរបស់អុីរ៉ង់ រួចមក កងកម្លាំងទាហានជើងទឹកអុីរ៉ង់ បានសម្រេចបញ្ជូននាវាចម្បាំងរបស់ខ្លួនទៅការពារនាវាដឹកប្រេងខាងលើ ដោយសារខ្លាច ត្រូវគេវាយប្រហារប្លន់ជាថ្មីទៀត។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនឹងប្រទេសអុីរ៉ង់នោះដែរ អាមេរិកបានប្រកាសថាអុីរ៉ង ត្រៀមបាញ់បញ្ជូនផ្កាយរណប់ជាថ្មី។ រូបភាពដែលថតបានពីផ្កាយរណប បានបង្ហាញឲ្យឃើញថា នៅមជ្ឈមណ្ឌលអវកាស នៅខេត្ត Semnan របស់អុីរ៉ង់ មានសកម្មភាព ដូចជាការត្រៀមលក្ខណៈបាញ់ បញ្ជូនផ្កាយរណបជាបន្តទៀត ក្រោយពេលប្រទេសនេះបាញ់បរាជ័យ ចំនួនពីរលើកកន្លងមក។
កន្លងមក អាមេរិកបានចោទប្រកាន់អុីរ៉ង់ ថាផលិតមីស៊ីលឆ្លងទ្វីប ក្រោមការបិទបាំង នៃកម្មវិធីមីស៊ីល ដើម្បីបញ្ជូនផ្កាយរណបឡើងទៅកាន់ទីអវកាស។ កន្លងមក អុីរ៉ង់បានសាកល្បងបាញ់ផ្កាយរណបចំនួនពីរលើក តែមិនទទួលបានជោគជ័យឡើយ។
សកម្មភាពខាងលើរបស់អុីរ៉ង់ បានកើតឡើង ក្នុងពេលដែលអាមេរិកចោទប្រកាន់រដ្ឋាភិបាលទីក្រុងតេអុីរ៉ង់បង្កើតកម្មវិធីអវកាស ក្នុងគោលដៅផលិតមីស៊ីល បម្រើវិស័យយោធាតែប៉ុណ្ណោះ។
សារព័ត៌មាន Aab news បានបង្ហោះរូបភាពថតពីផ្កាយរណប ដោយបង្ហាញឲ្យឃើញថា មជ្ឈមណ្ឌលអាវកាស Imam Khomeini ស្ថិតក្នុងខេត្ត Semnan របស់អុីរ៉ង់ ថាមានសកម្មភាព នៅក្នុងខែសីហានេះ ដូចជាត្រៀមបាញ់បង្ហោះផ្កាយរណបជាបន្តទៀត៕
ដោយ៖ មែវ សាធី