ខេត្តប៉ៃលិន៖ មេរោគដែលសម្ងំជ្រកក្រោមស្លាបសង្គម នៃការអនុវត្តច្បាប់ចរាចរណ៍ របស់នគរបាលខេត្តប៉ៃលិន…!!!។ នេះជាការបញ្ចេញមតិរបស់ពលរដ្ឋក្នុងនាមជាអ្នកមានឆន្ទៈចូលរួមគោរពច្បាប់ចរាចរណ៍ បានបង្ហោះសារលើ Facebook យ៉ាងដូច្នេះថា៖ ខ្ញុំគ្រាន់តែជាពលរដ្ឋសាមញ្ញម្នាក់ប៉ុណ្ណោះ.. គ្មានអំណាច គ្មានឥទ្ធិពលអ្វីគ្របដណ្ដប់ទៅលើដែនសមត្ថកិច្ចឬតួនាទីមន្ត្រីនគរបាលជាតិទេ។ ប៉ុន្តែខ្ញុំសុំសិទ្ធិបញ្ចេញមតិយោបល់ឬ ទស្សន:របស់ខ្ញុំផ្ទាល់ ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរមួយរូបដែលមានភារកិច្ចឬកាតព្វកិច្ចក្នុងការពោរពច្បាប់រដ្ឋ និង កាតព្វបង់ពន្ធជូនរដ្ឋលើយានយន្តរបស់ខ្ញុំ.. ដែលខ្ញុំមាន..។
ក្នុងន័យនេះ ខ្ញុំចង់លើកយកអំពីការអនុវត្តច្បាប់ចរាចរណ៍ដែលឡូកឡំទៅដោយភាពមិនប្រក្រតីមួយចំនួន របស់កម្លាំងនគរបាលការិយាល័យចរាចរណ៏មួយក្រុម នៃស្នងការនគរបាលខេត្តប៉ៃលិន។ កម្លាំងមួយក្រុមនេះ កំពុងមមាញឹករាល់ថ្ងៃនៅចំណុច(អូររោងគុក) លើកំណាត់ផ្លូវជាតិលេខ៥៧ ស្ថិតនៅជាប់ព្រំប្រទល់ រវាងខេត្តប៉ៃលិន និង ខេត្តបាត់ដំបង។
ជាដំបូងសារនេះ ខ្ញុំសូមផ្ញើរជាពិសេសជូនលោក សេង សុគន្ធ ស្នងការនគរបាលខេត្ត និង លោក ជា… ជូនជ្រាបជាដំណឹងបឋម..។ ខ្ញុំបានបើកឡានចេញពីក្រុងប៉ៃលិន ឆ្ពោះទៅកាន់ ខេត្តបាត់ដំបង នៅថ្ងៃទី១៩ សីហា ឆ្នាំ២០១៩ ហើយនៅម៉ោង៩គត់ ខ្ញុំបានមកដល់ចំណុច (អូររោងគុក) ក៏ត្រូវកម្លាំងចរាចរណ៏ប្រចាំគោលដៅនោះ កាក់ឡានខ្ញុំដើម្បីត្រួតពិនិត្យឯកសារនានា។
មន្ត្រីម្នាក់លើកដៃគោរពខ្ញុំយ៉ាងមានរបៀប រួចសុំត្រួតពិនិត្យឯកសារយានយន្ត តែបានប្រាប់ឲ្យខ្ញុំកាន់ឯកសារទាំងអស់ទៅបង្ហាញលោកនគរបាល៣នាក់ ដែលអង្គុយដូចកុងសី នៅក្បែរតុ ក្រោមម្លប់ស្វាយ។ លោកនគរបាលពាក់ស័ក្ដិ២ម្នាក់មាឌល្អិតអង្គុយប្រឡោះកណ្ដាលជាអ្នកពិនិត្យឯកសារនោះ មានកាតគ្រី និង ប័ណ្ណបើកបររបស់ខ្ញុំ..។ ប៉ុន្តែមិនគ្រប់គ្រាន់ទេ លោកមាឌល្អិតនោះបានទាមទារកគល់បញ្ជីឈៀកទៀត។
រឿងសួររកគល់បញ្ជីឈៀកនេះ ខ្ញុំបានតបទៅគាត់ថា សន្លឹកឈៀកគេបានបិតលើកញ្ចក់រថយន្តខ្ញុំនៅខាងមុខ ហេតុអីក៏លោកមិនពិនិត្យ.? ស្រាប់តែលោកមាឌល្អិតនោះ បើកភ្នែកធំ តម្លើងបំពង់កសំឡុតដាក់ខ្ញុំបែបគ្មានសុជីវធម៍ថា «ខ្ញុំត្រូវការពិនិត្យទាំងនៅជាប់ឡាន ទាំងគល់បញ្ជី.. ព្រោះខ្ញុំនិយាយតែពីច្បាប់ ខ្ញុំត្រូវអនុវត្តតាមច្បាប់.. »។ ខ្ញុំមិនហ៊ានតវ៉ាលោកស័ក្ដិ២ល្អិតដ៏មហិមានោះយូរទេ.. ខ្ញុំក៏ទៅយកគល់បញ្ជីឈៀកមកឲ្យគាត់មើលទៀត។
ប៉ុន្តែខ្ញុំសូមបញ្ជាក់ថា ស្របពេលដែលលោកស័ក្ដិ២នោះកំពុងដេញដោលសួររកឯកសារឡានខ្ញុំសព្វគ្រប់ ស្រាប់តែគ្រានោះមានតៃកុងឡានដឹកទំនិញនិងឡានតាក់ស៊ីប៉ុន្មាននាក់ ដែលត្រូវលោកនគរបាលកាត់សួររកឯកសារដែរ បានចុះពីឡានដើរយកលុយមកញ៉ាត់ក្រោមកាតាបខ្មៅមួយនៅតុ.. ទាំងដុំៗ ក្បែរខាងស្ដាំដៃខ្ញុំ ជាបន្តបន្ទាប់អមដោយពាក្យថា «អធ្យាស្រ័យមេ.. ខ្ញុំមិនបានដាក់ឯកសារមកតាម»។ រីឯខ្លះទៀតប្រាប់ថា «ឯកសារឡានខ្ញុំកំពុងធ្វើ..» រួចហើយពួកគេរត់ឡើងឡានបើកចេញទៅក្រោមក្រសែភ្នែកខ្ញុំ និង ម្ចាស់ឡានប៉ុន្មាននាក់ទៀតដែលឈរព្រាតនៅទីនោះដោយសារអត់លុយសូកប៉ាន់គេ។
មើលឃើញជាក់ច្បាស់ផ្ទាល់ភ្នែក នូវទង្វើបែបទុច្ចរិតនេះ ខ្ញុំក៏រមាស់មាត់ជ្រុលសួរទៅលោកស័ក្ដិ២រាងល្អិតនោះថា បើលោកនិយាយលើកឡើងតែអំពីច្បាប់.. ៗ.. ៗ ជាប់មាត់រហូតបែបនេះ ចុះអម្បាញ់មិញនេះ.. ខ្ញុំឃើញតៃកុងឡានប៉ុន្មាននាក់យកលុយទាំងក្ដាប់ៗ មកញ៉ាត់ក្រោមកាតាបនៅលើតុ.. ជាបន្តបន្ទាប់.. ហើយថែមទាំងនិយាយថា ខ្ញុំមិនបានដាក់ឯកសារតាម.. តើនោះជាលុយអ្វី.. ឬ ជាលុយសូកប៉ាន់..?
លោកប៉ូលិលមាឌល្អិតនោះ ហាក់ធ្លាក់ទឹកមុខ តែបានប្រឹងប្រែងឆ្លើយដោះសារទាំងបំពានថា លុយនៅណា..? នោះជាតុតើ..?។ មែន..! ពិតជាតុមែន..! ព្រោះខ្ញុំចង្អុលលើតុ ដែលជាចំណុចដាក់លុយ តែលុយសំណូកទាំងនោះ ត្រូវបានមន្ត្រីល្អិតម្នាក់ទៀតដែលគ្រប់គ្រងកាតាប បានឆក់ឱកាសយកលុយញ៉ាត់ចូលកាតាបអស់ ស្របពេលខ្ញុំដើរទៅយកឯកសារពីឡានបន្ថែម។
ពិតមែនតែការបកអាក្រាធ កម្លាំងចរាចរណ៍នៅប្រចាំគោលដៅខាងលើនេះ គ្មានភស្ដុតាងក្នុងដៃ តែខ្ញុំបានឃើញផ្ទាល់ភ្នែក។ ព្រោះពេលនោះ ខ្ញុំគ្មានភារកិច្ចទៅសំកុក ចាំថតយកភស្ដុតាងសូកប៉ាន់នោះទេ គឺខ្ញុំចូលទៅកន្លែងនោះដោយសារលោកនគរបាលកាក់ត្រួតពិនិត្យឡានខ្ញុំ.. ទើបខ្ញុំដឹងនិងបានឃើញរឿងនេះ។
ដូចដែលខ្ញុំ បានរៀបរាប់ខាងលើនេះ.. ខ្ញុំសូមសួរទៅលោកស្នងការនគរបាលខេត្តប៉ៃលិនថា តើកន្លងមកលោកធ្លាប់ឮល្ហៀងៗខ្លះទេ អំពីការអនុវត្តច្បាប់មិនប្រក្រតី នៃក្រុមចរាចរណ៍របស់លោកខាងលើនេះ ? តើលោកជឿទេ ចំពោះការលើកឡើងរបស់ខ្ញុំ ដែលខ្វះភស្ដុតាងបែបនេះ.?។ ខ្ញុំមិនបង្ខំឲ្យជឿទេ..។
ប៉ុន្តែបើលោកមិនជឿ ឬ ជឿជាក់តិចតួច សូមលោកចាត់កម្លាំងសម្ងាត់ប្រកបដោយឆន្ទះ ចុះបន្លំខ្លួនទៅតាមឃ្លាំមើលសកម្មភាពកម្លាំងជំនាញមួយក្រុមនោះ លោកនឹងបានដឹងអំពីភាពស្អុយរលួយរបស់ក្រុមនោះហើយ តែបើលោកស្នងការនៅតែមិនខ្វល់ មិនអើពើនឹងរឿងនេះ លោកនៅតែចាញ់បោកកូនចៅរបស់លោកដដែល ដែលតែងធ្វើរបាយការណ៏ភូតកុហកលោក រាល់ថ្ងៃ។
ខ្ញុំគិតថា រឿងនេះមិនធំដុំទេ.. តែវាជាមេរោគតូចមួយ ដែលអាចបង្កឲ្យក្លាយជាជំងឺមហារីក ស៊ីរូងផ្ទៃក្នុងសង្គមបានយ៉ាងងាយ បើយើងមិនព្រមព្យាបាលវាទេ។ លោកស្នងការគួរតែធ្វើការពិនិត្យ និងស្រាវជ្រាវអំពីចំណុចខ្វះខាតទាំងនេះ។ តែយ៉ាងណា គេជឿថា ជនដែលប្រព្រឹត្តកំហុសដាច់ខាតមិនទទូលកំហុសទេ ថែមទាំងបដិសេធដាច់អហ័ង្កាទៀតផង..។
បើមិនសមរម្យ សូមលោកស្នងការអធ្យាស្រ័យផង… ព្រោះខ្ញុំលើកមកជម្រាបលោក ក្នុងន័យស្ថាបនា ដើម្បីឈានទៅរកភាពល្អប្រសើរនៅក្នុងអង្គភាពតែប៉ុណ្ណោះ..៕
ដោយ៖ (ប្រភពពលរដ្ឋតាមហ្វេសបុក)