ខេត្តកោះកុង៖ ទីតាំងសង្វៀនមាន់ និងល្បែងយូគី ជាមួយនឹងល្បែងជាច្រើនទៀតកំពុងតែបើកលេងយ៉ាងអនាធិបតេយ្យនៅក្នុងសួនសាត់របស់ឧកញ៉ា លី យ៉ុងផាត់ ដែលគេឲ្យដឹងថា ការបើកល្បែងដ៏ធំនេះ បានជ្រកក្រោមក្រុមហ៊ុន LYP Group គ្រប់គ្រងដោយលោក ជា លាងហេង ក្នុងការបន្លំភ្នែកសមត្ថកិច្ច អាជ្ញាធរជំនាញពាក់ព័ន្ធ ឬជាការឃុបឃិតគ្នាលក្ខណៈប្រព័ន្ធដើម្បីបិទបាំងទីតាំងបនល្បែងនេះ ។
ឯកសារលិខិត សជណ លេខ១០៥២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ គឺខាងក្រុមហ៊ុន LPY Group របស់អ្នកឧកញ៉ា លី យ៉ុងផាត់ បានស្នើសុំច្បាប់បន្ថែមមុខល្បែងមួយចំនួនទៀតសម្រាប់កាស៊ីណូចំនួន២របស់គាត់ គឺកាស៊ីណូកោះកុង និងកាស៊ីណូអូរស្មាច់ ។ ដោយឡែកចំពោះទីតាំងសង្វៀនមាន់ និងយូគីរបស់ឈ្មោះជា លាងហេង បានជួលដីសួនសត្វបើកជាលក្ខណៈខុសច្បាប់ ពុំមែនស្ថិតក្នុងបរិវេណកាស៊ីណូ ដែល សជណ របស់ទីស្តីការគណៈរដ្ឋមន្ត្រីយល់ព្រមឲ្យបើក ហើយតម្រូវឲ្យស្នើសុំទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែជាទម្លាប់ លោក ជា លាងហេង បានយក សជណ របស់ក្រុមហ៊ុន LYP Group បង្ហាញសមត្ថកិច្ច អាជ្ញាធរជំនាញពាក់ព័ន្ធ និងបិទបាំងអ្នកកាសែតថា ខ្លួនមានច្បាប់ទម្លាប់ត្រឹមត្រូវ ។
មន្ត្រីសាលាខេត្តកោះកុងមួយរូបក្នុងលក្ខណសុំមិនបញ្ចេញឈ្មោះបង្ហើបថា មេបនល្បែង ឈ្មោះ ជា លាងហេង ជាមន្ត្រីបម្រើការងារនៅការិយាល័យតំណារាស្ត្រខេត្តកោះកុង ហើយមុខរបរនេះ ក៏បានបំពានយ៉ាងធ្ងន់ទៅនឹងអនុសាសន៍របស់សម្តេចតេជោ ដែលធ្លាប់ព្រមានឲ្យមន្ត្រីរាជការទាំងអស់ត្រូវដកខ្លួនចេញពីបនល្បែងស៊ីសងនោះ ផ្ទុយទៅវិញ លោក ជា លាងហេង មឹនត្រឹមតែបើកល្បែងប៉ុណ្ណោះទេ ថែមទាំងយក សជណ របស់កាស៊ីណូកោះកុង និងកាស៊ីណូ អូរស្មាច់ របស់ក្រុមហ៊ុន LYP Group មកបន្លំ បន្លាចសមត្ថកិច្ច អាជ្ញាធរ មន្ត្រីជំនាញបន្ទាប់ពីខ្លួនបានជួលទីតាំងខាងលើនេះក្នុងតម្លៃ៣០លានរៀលក្នុងមួយខែនោះ ។
ពាក់ព័ន្ធនឹងករណីនេះ នគរវត្តមិនអាចទាក់ទងបានទេពីមេបនល្បែងលោក ជា លាងហេង នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ ដោយគ្មានលេខទូរស័ព្ទ ៕
ដោយ៖ សុខ ខេមរា