អុីស្រាអែល៖ សារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩បានផ្សាយថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ បាននិយាយថាលោកគាំទ្រ ការវាយប្រហារតាមផ្លូវអាកាសរបស់អុីស្រាអែល នៅក្នុងប្រទេសស៊ីរី ព្រោះវាគឺជាសិទ្ធិការពារខ្លួន ដោយស្របច្បាប់ ។
លោក ប៉ុមប៉េអូ បានលើកឡើងដូច្នេះថា៖«នៅថ្ងៃនេះ ខ្ញុំបានជជែកជាមួយលោកនាយករដ្ឋមន្ត្រី Netanyahu ហើយខ្ញុំសូមសម្ដែងការគាំទ្រចំពោះសិទ្ធិការពារ ខ្លួនស្របច្បាប់របស់អុីស្រាអែល ក្នុងការវាយប្រហារលើមូលដ្ឋានយោធាអុីរ៉ង់នៅស៊ីរី ដើម្បីទប់ស្កាត់ ឬបំផ្លាញផែនការប្រឆាំងនឹងអុីស្រាអែល»។
គួរជម្រាបថា៖ កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន អុីស្រាអែល បានបើកការវាយប្រហារលើមូលដ្ឋានយោធាអុីរ៉ង់ជាច្រើន កន្លែងនៅក្នុងប្រទេសស៊ីរី ក្នុងគោលបំណងបំផ្លាញសំបុកយន្ដហោះដ្រូន ដែលកងកម្លាំង អុីរ៉ង់ទុកប្រើប្រាស់ដើម្បីវាយប្រហារលើអុីស្រាអែល។
ប៉ុន្តែខាងយោធាស៊ីរី មិនបានបញ្ជាក់លម្អិតពីការខូចខាត ឬជនរងគ្រោះណាម្នាក់ឡើយ ដោយគ្រាន់តែទទួលស្គាល់ថាខ្លួនចាប់បានសញ្ញាមីស៊ីល របស់សត្រូវបាញ់ចេញពីតំបន់ Golan ឆ្ពោះមកកាន់តំបន់ក្បែររដ្ឋធានីដាម៉ាស់។
នៅក្នុងព្រឹត្កិការណ៍មួយផ្សេងទៀត កាលពីយប់ ថ្ងៃ ទី២៥ ខែសីហា កាំជ្រួចមីស៊ីលរបស់ក្រុមប្រដាប់អាវុធ នៅកាហ្សា បានបាញ់សំដៅទៅលើតំបន់ភាគខាងត្បូង នៃប្រទេសអ៊ីស្រាអែល ប៉ុន្តែកាំជ្រួចមីស៊ីលនោះ ត្រូវកាំជ្រួចការពារ ដែនអាកាសរបស់អុីស្រាអែល Iron dome បាញ់ស្ទាក់កម្ទេចចោល ប្រកបដោយជោគជ័យ។
សារព័ត៌មាន Times of Israel បានផ្សាយថា កាំជ្រួចមីស៊ីលពីរគ្រាប់ ត្រូវបានប្រព័ន្ធការពារអុីស្រាអែល បាញ់កម្ទេចចោល នៅលើអាកាស។ ក្នុងពេលជាមួយគ្នានោះដែរ ក៏មានមីស៊ីលមួយដើមទៀត បានឆ្លងផុតប្រព័ន្ធការពារដែនអាកាសរបស់អុីស្រាអែល ដោយធ្លាក់ចំផ្លូវល្បឿនលឿន បង្កឲ្យមានផ្ទុះឆេះ ប៉ះពាល់ដល់ផ្ទះរបស់ពលរដ្ឋនៅក្បែរនោះ ប៉ុន្តែវាមិនបណ្តាលឲ្យមានអ្នកស្លាប់ និងរងរបួសនោះឡើយ។
ដោយឡែកប្រព័ន្ធផ្សព្វផ្សាយរបស់អុីស្រាអែល បានផ្សាយថា មានស្ត្រីម្នាក់បានរងរបួសស្រាល ខណៈព្យាយាមរត់ទៅកាន់ត្រង់សេ ដើម្បីគេចពីគ្រាប់ផ្លោងនោះ។ ការវាយប្រហារនេះ បានកើតឡើង ក្នុងពេល អុីស្រាអែល និងកាហ្សាកំពុងតែតានតឹងនៅតំបន់ព្រំដែន។ អុីស្រាអែល តែងតែវាយប្រហារទៅលើគោលដៅរបស់ក្រុមហាម៉ាសនៅកាហ្សា។
ក្រុមហាម៉ាស់ បានបង្កើតរដ្ឋាភិបាលដាច់ដោយឡែក នៅកាហ្សា កាលពីឆ្នាំ២០០៦។ កាហ្សា គឺជាតំបន់ជាប់សមុទ្រ មេឌីទែរ៉ាណេ ជាប់អេហ្ស៊ីប និង អ៊ីស្រាអែល ។ កាហ្សា មិនស្ថិតនៅ ក្រោមប្រទេសណាមួយនោះឡើយ ហើយក្រុមហាម៉ាស់ គ្រប់គ្រងដីគោក ចំណែកអុីស្រាអែលគ្រប់គ្រងដែនអាកាស និងដែនសមុទ្រកាហ្សា។ អាចនិយាយបានថា តំបន់កាហ្សា ត្រូវអុីស្រាអែល ឡោមព័ទ្ធ ទាំងដែនអាកាស និងដែនទឹក៕
ដោយ៖ មែវ សាធី