ខេត្តបន្ទាយមានជ័យ៖ អ្នកភូមិរស់នៅក្នុងភូមិទទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដំណាំស្រូវពួកគាត់នៅឆ្នាំនេះបានជួបគ្រោះរាំងស្ងួតប្រឈមរងការខូចខាត ដែលមានអរូបិយជំនឿបាននិមន្តព្រះសង្ឃ៤អង្គធ្វើពិធីបន់ស្រន់សុំទឹកភ្លៀងដើម្បីជួយសង្រ្គោះដំណាំស្រូវ នៅចំណុចទួលប្រាសាទបុរាណមួយកន្លែងក្បែរភូមិរបស់ពួកគាត់ក្រោយធ្វើពិធីបន់ស្រន់រួចនៅល្ងាចថ្ងៃដដែលស្រាប់តែមានភ្លៀងធ្លាក់មួយមេយ៉ាងធំនាំឱ្យពួកគាត់សប្បាយរីករាយហើយនាំគ្នារាំលេងសប្បាយទាំងមេឃកំពុងភ្លៀងនោះតែម្តង។ពិធីបន់ស្រន់បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ដែលមានអ្នកភូមិចូលរួមប្រមាណជិត១០០នាក់។
បើតាមប្រភពព័ត៌មានពីអ្នកភូមិក្នុងភូមិទួលប្រាសាទប្រាប់ឱ្យដឹងថា ចំណុចទួលប្រាសាទ គឺមានប្រាសាទបុរាណចំនួន៤កន្លែងដែលអ្នកភូមិតែងនាំគ្នាថែរក្សាការពារអភិរក្ស ដើម្បីទុកជាកេមរតកសម្រាប់កូនចៅជំនាន់ក្រោយគោរពបូជា។ពីព្រោះទួលប្រាសាទនោះពួកគាត់ចាត់ទុកជាកន្លែងដែលមានមានបរមីសក្តិសិទ្ធិ អ្នកភូមិតែងមានជំនឿជឿជាក់នាំគ្នាមកបន់ស្រន់ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន និងការបន់ស្រន់នោះភាគច្រើនឃើញបានដូចបំណង។
អ្នកភូមិប្រាប់ទៀតថា អ្វីដែលជាការសក្តិសិទ្ធិធ្វើឱ្យអ្នកភូមិកាន់តែមានជំនឿលើបរមីទួលប្រាសាទបុរាណនោះផងដែរកន្លងមកមានជនខិលខូចដែលមានគំនិតអាក្រក់បានមកធ្វើសកម្មភាពកាប់ព្រៃដើម្បីទន្រ្ទានយកដីទួលប្រាសាទធ្វើជាកម្មសិទ្ធិ ប៉ុន្តែជាអកុសលជនខិលខូចនោះក្រោយពីកាប់ព្រៃនៅចំណុចនោះហើយដោយធ្វើដំណើរទៅធ្វើការនៅប្រទេសថៃក៏ជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់បាត់បង់ជីវិត។អ្នកភូមិនៅក្នុងតំបន់នេះជួបបញ្ហាអ្វីនៅក្នុងភូមិក៏តែងតែនាំគ្នាធ្វើពិធីបន់ស្រន់ដូចករណីដំណាំស្រូវជួបគ្រោះរាំងស្ងួតពួកគាត់ធ្វើពិធីសុំទឹកភ្លៀងក៏មានភ្លៀងធ្លាក់ពិតប្រាកដនោះមែន។
ជុំវិញនៃទទួលប្រាសាទបុរាណដែលអ្នកភូមិនៅតំន់នោះកំពុងមានជំនឿលើបរមីសក្តិសិទ្ធិស្ថិតនៅក្នុងភូមិទទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តបន្ទាយមានជ័យ លោក យង់ តាំង កួយ ប្រាប់ឱ្យដឹងថា ទួលប្រាសាទបុរាណនៅចំណុចនោះមានប្រាសាទបុរាណ៤កន្លែង ។កន្លងមកធ្លាប់មានជនខិលខូចបម្រុងទៅកាប់ឆ្ការព្រៃទន្រ្ទានយកដីធ្វើជាកម្មសិទ្ធិតែត្រូវបានអាជ្ញាធរមូលដ្ឋានចុះទៅហាមឃាត់។បច្ចុប្បន្នក្រុមការងារក្រសួងវប្បធម៌និងវិចិត្រសិល្បៈសហការជាមួយនិងមន្រ្តីសូរិយោដី និងមន្ទីរវប្បធម៌ខេត្តបន្ទាយមានជ័យបានចុះទៅវាស់វែងស្រង់ទិន្នន័យក្បាលដី ដើម្បីចុះក្នុងបញ្ជីទ្រព្យរដ្ឋសម្រាប់ទុកជាបេតិកភ័ណ្ឌជាតិក្នុងការថែរក្សាការពារអភិរក្សឱ្យបានគង់វង្សយូរអង្វែង៕