បាតុកម្មនៅកោះហុងកុងកំពុងតែវិវឌ្ឍ ក្លាយជាអំពើហឹង្សា​ទ្រង់ទ្រាយធំ

ចែករំលែក៖

កោះហុងកុង៖ បាតុកម្មនៅកោះហុងកុង អូសបន្លាយរយៈពេល ជាង​៣ខែកន្លងមក ​​បានធ្វើឲ្យកោះនេះធ្លាក់នៅក្នុងភាពចលាចល សេដ្ឋកិច្ច ធ្លាក់ចុះយ៉ាងខ្លាំង ។ មិនតែប៉ុណ្ណោះ ក្រុមអ្នកមាន នៅកោះហុងកុង​ក៏បាននាំគ្នាចាកចេញទៅក្រៅប្រទេស ដើម្បី​រស់នៅនិងរកស៊ីនៅទីនោះ ដោយរស់នៅកោះហុងកុងមិនមានសុវត្ថិភាពដូចមុនទៀតឡើយ​។

អ្វីដែលគួឲ្យចាប់អារម្មណ៍បំផុត នោះគឺ បាតុកម្មរយៈពេល ជាង​១២សប្តាហ៍កន្លងមក ធ្វើឡើងដោយសន្តិភាព បើទោះបីមានការប៉ះទង្គិចគ្នាតិចតួចជាមួយប៉ូលិសក្តី​។ ប៉ុន្តែ មកទល់ពេលនេះ​ស្នូរកាំភ្លើងបានបន្លឺឡើងហើយនៅកោះហុងកុង ជាសញ្ញាអាក្រក់ ដល់កោះហុងកុង​។ នៅពេលនេះការអត់ធ្មត់របស់កម្លាំងសន្តិសុខមានដែនកំណត់ ហើយប៉ូលិសក៏បានដកកាំភ្លើងបាញ់ព្រមានក្រុមបាតុករ។

នៅព្រឹកថ្ងៃទី​២៦ ខែសីហា អ្នកនាំពាក្យរដ្ឋាភិបាលកោះហុងកុងបានថ្កោលទោសយ៉ាងខ្លាំង​ដល់ក្រុមបាតុករ​ ដែលធ្វើបាតុកម្ម​រយៈពេលពីរថ្ងៃចុងសប្តាហ៍កន្លងមក ​ដោយបង្កឲ្យមានអំពើហឹង្សា ជំរុញឲ្យកោះហុងកុងឈានដល់ដំណាក់កាល គ្រោះថ្នាក់បំផុត​។ ​កម្លាំងសន្តិសុខ នឹងចាត់វិធានការ ទប់ស្កាត់អំពើហឹង្សាបង្កឡើងដោយក្រុមបាតុករ។

កាលពីថ្ងៃទី​២៥ ខែសីហា បាតុកម្មដំបូងចាប់ផ្តើមឡើងដោយសន្តិភាព ប៉ុន្តែនៅពេលរសៀល​បានប្រែក្លាយទៅជាអំពើហឹង្សា។ ក្រុមបាតុករបានដុតភ្លើង នៅតាមផ្លូវ ហើយវាយប្រហារទៅលើកម្លាំងប៉ូលិស​។ សកម្មភាពទាំងនោះបានបង្ខំឲ្យប៉ូលិសត្រូវដកកាំភ្លើង បាញ់ព្រមាន ក្រោយពេលប៉ូលិស​៣នាក់ត្រូវក្រុមបាតុករដេញវាយ។

លោក​ Leung Kwok Wing ​មន្ត្រីសន្តិសុខ នៅកោះហុងកុងបានបញ្ជាក់ថា​ ស្នូរកាំភ្លើងបានបន្លឺឡើង​ដោយសារតែ អាយុជីវិត កម្លាំងប៉ូលិសកំពុងតែរងការគំរាមកំហែង ។ កម្លាំងប៉ូលិស ៥នាក់រងរបួស ត្រូវបញ្ជូនទៅព្យាបាលនៅក្នុមន្ទីពេលកាលពីថ្ងៃទី​២៥ខែសីហា​។ ក្រៅពីបាញ់ព្រមាន កម្លាំងប៉ូលិសក៏បានបាញ់ទឹក​ដើម្បីបំបែកហ្វូងបាតុកម្មដែល បង្កហឹង្សានោះដែរ​។

ការធ្វើបាតុកម្ម​នៅទីក្រុងសេដ្ឋកិច្ច​ហុងកុង​មិនចេះឆ្អែត មិនចេះឆ្អន់ បើទោះបីរងនូវការបង្ក្រាប ចាប់ខ្លួនបាតុករជាង​៧០០នាក់មកហើយយ៉ាងណាក៏ដោយ ។ បាតុកម្មមួយនេះ​ បានចាប់ផ្តើម​​តាំងពីខែមិថុនា រហូតមកដល់បច្ចុប្បន្ន ​មិនទាន់បញ្ចប់ ហើយគោលបំណងរបស់ក្រុមបាតុករ ទាមទារមិនច្បាស់លាស់ ម្តងថា ឲ្យរដ្ឋាភិបាល​លុបបំបាត់ច្បាប់ធ្វើបត្យា​ប័ន ម្តងថា​ឲ្យ​ស៊ើបអង្កេត​ដោយឯករាជ្យ​ចំពោះប៉ូលិស​ ដែលបានប្រព្រឹត្តអំពើឃោរឃៅ​ បង្ក្រាប​មកលើក្រុមបាតុករ និងទាមទារ​ឲ្យមេដឹកនាំដែនដីមួយ មានប្រព័ន្ធគ្រប់គ្រងពីរ ចុះចេញពីតំណែង។

ប៉ូលិសហុងកុង ទើបតែបានបញ្ជាក់​ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ថា បានចាប់ខ្លួន​ពួកបាតុករ​ស្រី ប្រុស បន្ថែមចំនួន២៩នាក់ទៀត ដោយសារតែប៉ះទង្គិច​ជាមួយ​ប៉ូលិស​​កាលពីយប់កន្លងទៅ ។ ប៉ូលិស​មិនចង់លើកដៃបាញ់គ្រាប់បែកឧស្ម័នបង្ហូរទឹកភ្នែក​នោះឡើយ ប៉ុន្តែទ្រាំមិនបាននឹងអំពើបាតុកម្ម​ហិង្សារបស់ហ្វួងបាតុករ ។ ការចាប់ខ្លួននេះ ធ្វើឲ្យកើនឡើង​ជាង​៧០០នាក់​ ក្នុងអំឡុងពេលបាតុកម្ម​អូសបន្លាយពេលប្រហែល​៣ខែមកនោះរបស់ហុងកុង ។

មិនមានសញ្ញាបង្ហាញថា ក្រុមបាតុករ​ថយចុះ ឬបោះបង់ចូល​ការទាមទាររបស់ពួកគេនោះឡើយ ។ ផ្ទុយទៅវិញ រឹតតែមានគម្រោង​ប្រមូលផ្តុំគ្នាខ្លាំងឡើង នៅថ្ងៃទី​២៦ ខែសីហា ឆ្នាំ២០១៩ ។ ពួកគេ​អំពាវនាវ​ឲ្យក្រុមនិស្សិត​ផ្អាក​ការសិក្សា​របស់ខ្លួន ហើយចូលរួមបាតុកម្ម​តាមដងផ្លូវថែមទៀតផង ។ បាតុកម្ម​នាពេលកន្លងមក​បានឈានដល់ការបិទចរាចរណ៍ដឹកជញ្ជូន​ បិទផ្លូវចរាចរណ៍​សំខាន់ៗក្នុងទីក្រុង និងប្រព័ន្ធផ្លូវដែក​ក្រោមដី ក៏ដូចផ្លូវអាកាស​​ជាដើម ធ្វើឲ្យខាត់បង់សេដ្ឋកិច្ច ប៉ះពាល់ដល់អ្នកដំណើរយ៉ាងច្រើនអនេក ។ ជើងហោះហើរ​តាមអាកាស​ បានវិលត្រឡប់មកដំណើរការធម្មតាវិញហើយនៅថ្ងៃអាទិត្យនេះ ។ ក្រុមបាតុករថា ពួកគេ​រស់នៅសព្វថ្ងៃ​ពុំសូវមានលទ្ធិប្រជាធិបតេយ្យ​ពេញលេញនោះឡើយ ដូច្នេះពួកគេទាមទារនូវអ្វី​ដែលសិទ្ធិមូលដ្ឋានរបស់ខ្លួន ។

មេដឹកនាំហុងកុង លោកស្រី Carrie Lam ដើម្បីបន្ថូរបន្ថយស្ថានការណ៍​ បានប្រកាសរំសាយ​គម្រោងតាក់តែងច្បាប់​បត្យាប័ន​ទៅកាន់ចិនដីគោក ហើយបើកផ្លូវមានកិច្ចចរចា​ជាមួយ​ក្រុមបាតុករ ។ ប៉ុន្តែ​លោកស្រី​ ពុំអាចទទួល​យកបានឡើយ ដែលថា​ឲ្យលោកស្រីចុះចេញពីតំណែងនោះ ។ ទឹកដីហុងកុង​បានឯករាជ្យ​ពីអាណានិគម​អង់គ្លេស​ក្នុងឆ្នាំ​១៩៩៧ ហើយពួកអាណានិគម​បានប្រគល់ដែនដីនេះ​ទៅឲ្យចិន​គ្រប់គ្រង ។ របត់នយោបាយ​របស់ហុងកុង គឺស្ថិតនៅក្រោមច្បាប់ដែលហៅថា រដ្ឋមួយ ប្រព័ន្ធដឹកនាំ​ពីរ ។

សេចក្តីថ្លែងការណ៍​មួយរបស់ប៉ូលិស ផ្សាយនៅថ្ងៃទី២៥ ខែសីហា បានថ្កោលទោស​ទៅលើក្រុមបាតុករ​ ដែលបានរំលោភបំពាន់​​ ជាន់ឈ្លី​​ដល់សន្តិភាព​សាធារណៈ ហើយថា បានចាប់ខ្លួន​បុរស​១៩នាក់ និងស្រ្តី១០នាក់ ។ ការចាប់ខ្លួនបន្ថែមនេះ ធ្វើឲ្យកើនដល់ជាង​៧០០នាក់ហើយ ចាប់ពី​ខែមិថុនា មកទល់ពេលនេះ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print