ខេត្ដព្រះសីហនុ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលក្រុងព្រះសីហនុឃាត់ខ្លួនបន្ទាប់ពីពួកគេបានធ្វើសកម្ម ភាពចូលលួចអីវ៉ាន់ក្នុងផ្ទះគេហើយក៏ត្រូវម្ចាស់ផ្ទះដឹងរួចប្ដឹងសមត្ថកិច្ចឱ្យតាមចាប់ ខ្លួន ។
ការឃាត់ខ្លួនជនសង្ស័យខាងលើបាន កើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ នៅកន្លែង ស្នាក់នៅរបស់ជនសង្ស័យ ស្ថិតក្នុងភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ប្រភពព័ត៌មានពីមន្ដ្រីនគរបាលបានឱ្យដឹងថា ជនសង្ស័យដែលត្រូវបាន ឃាត់ខ្លួនខាងលើទី១-ឈ្មោះ វិច ស៊ីលេតា ហៅចិន ភេទប្រុស អាយុ២៦ឆ្នាំ និងទី២- ឈ្មើ អៀម ពេជ្រ ភេទប្រុស អាយុ២០ឆ្នាំ ទាំង២នាក់មានមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។
ប្រភពដដែលបានបន្ដឱ្យដឹងថា ការ ឃាត់ខ្លួនជនសង្ស័យខាងលើគឺបន្ទាប់ពី ជនសង្ស័យទាំង២នាក់បានធ្វើសកម្មភាពគាស់ផ្ទះរបស់ឈ្មោះ ឃិន ស្រីពេជ្រ ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅក្នុង ក្រុមទី៩ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះ សីហនុ ។
យោងតាមពាក្យបណ្ដឹងរបស់ស្ដ្រីរង គ្រោះបានឱ្យដឹងថា កាលពីវេលាម៉ោង ១រសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ គាត់ មិនបាននៅផ្ទះនោះទេ។ លុះវេលាល្ងាច ទើបត្រឡប់មកផ្ទះវិញស្រាប់តែបាត់របស់របរក្នុងផ្ទះជាច្រើនដូចជាទូរទស្សន៍អិលស៊ីឌី, ក្បាលចាក់ស៊ីឌី, នាឡិកាព្យួរ ជញ្ជាំង, ធុងបាស់, អង់តែនទូរទស្សន៍, ក្រមាពោះគោ, ស្បែកជើង និងខ្សែ ក្រវាត់ក៏បានរត់ទៅប្ដឹងនគរបាលថា មានចោរគាស់ផ្ទះលួចរបស់របរគាត់ ។
ក្រោយពេលទទួលបានពាក្យបណ្ដឹង របស់ជនរងគ្រោះកម្លាំងនគរបាលក៏បានតាមស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យ២នាក់ខាងលើនិងដកហូតបាន ក្បាលចាក់ស៊ីឌីនិងក្រមាពោះគោមក វិញ ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវ បានកម្លាំងនគរបាលកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋានខេត្ដដើម្បី កសាងសំណុំរឿងចាត់ការបន្ដតាមនីតិ វិធី ៕
ដោយ៖ ឆ្លាមសមុទ្រ