ភ្នំពេញ ៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន សហការជាមួយកម្លាំងនគរបាលមូលដ្ឋានខណ្ឌដូនពេញ បានចុះបង្ក្រាបទីតាំងយីហោ ប៉ាន់នី បារ លួចលាក់បង្កប់សេវាកម្មផ្លូវភេទ និងឃាត់មនុស្សប្រុសស្រីចំនួន១១នាក់ ភាគច្រើនជានារីបម្រើភ្ញៀវក្មេង៨នាក់ មេការ២នាក់ស្រី-ប្រុស និងថៅកែហាង១នាក់ ។
កិច្ចប្រត្តិបត្តិការខាងលើនេះ ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សំបូរ មាណ្ណារិទ្ធ អនុប្រធាននាយកដ្ឋានប្រឆាំការជួញដូរមនុស្ស ,វីរសេនីយ៍ឯក ធាន វុធ នាយការិយាល័យប្រឆាំការជួញដូរមនុស្សក្នុងប្រទេស ,អនុសេនីយ៍ឯក ឡាង ណាវី អ្នកកតត្រា ,អនុសេនីយ៍ទោស ឃឹម មករា នាយរងប៉ុស្តិ៍វត្តភ្នំ , លោក សេង គីមឡាក់ ព្រះរាជអាជ្ញារង , លោក ចេង សុផាត ក្រឡាបញ្ជី ,លោកស្រី នួន គន្ធា ប្រធានក្រុម៨ និងលោក ឈូស សុធី ចៅសង្កាត់រងទី២ បានធ្វើឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃ២៦ ខែសីហា ឆ្នាំ២០១៩ នៅចំណុចបារមួយកន្លែង (យីហោ បាន់នីបារ) ផ្ទះលេខ៩Eo ផ្លូវលេខ១០៤ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការបង្ក្រាប និងឆែកឆេរទីតាំងលួចលាក់បង្កប់សេវាផ្លូវភេទនេះ ជាលទ្ធផល កម្លាំងនគរបាលបានធ្វើការឃាត់ខ្លួនមនុស្សសរុបចំនួន១១នាក់ ក្នុងនោះមាននារីចំនួន៩នាក់ និងបុរសបរទេស២នាក់មេការ១នាក់ ក្នុងនោះមាន ម្ចាស់ហាង មានឈ្មោះ ចន អាយុ៧១ឆ្នាំ១នាក់។
មន្ត្រីនគរបាលដែលចុះបង្ក្រាបផ្ទាល់ដែលនោះបានឲ្យដឹងថា មុនឈានដល់ការចុះបង្ក្រាប គឺមានការរាយការណ៍ដោយសម្ងាត់ ពីបងប្អូនប្រជាពលរដ្ឋប្រាប់ថា (ទីតាំងបារដែលមាន យីហោ បាន់នីបារ ) ខាងលេីមានលួចបេីកសេវាកម្មបម្រេីផ្លូវភេទ និងមានបុគ្គលិកជាអនិតិជន(អាយុក្រោម១៥ឆ្នាំ)បម្រេីការងារ ។ ទេីបកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានចុះធ្វេីការសេីបអង្កេតអស់រយះពេលជាយូរមកហេីយ ទេីបនៅថ្ងៃកេីតហេតុ បានសហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋាន បេីកការបង្ក្រាបតែម្តង។
ក្រោយពេលបង្ក្រាបនិងឃាត់ខ្លួនមនុស្សប្រុសស្រីទាំង១១នាក់ មាននារីបម្រើការងារ៩នាក់ មេការ១នាក់ និងម្ចាស់ទីតាំងម្នាក់ ពួកគេត្រូវបាននាំខ្លួនទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន ដើម្បីរង់ចាំធ្វើការសាកសួរបន្តតាមនីតិវិធី ៕ ធឿនព្រែកជ័យ