សហរដ្ឋអាមេរិក៖ ព្យុះកំណាច Dorian បានសំដៅទៅកាន់រដ្ឋFlorida អាមេរិកធ្វើឲ្យលោកត្រាំត្រូវផ្អាកដំណើរទស្សនកិច្ចទៅកាន់តំបន់អឺរ៉ុប ក្នុងនោះមានប្រទេសប៉ូឡូញជាដើម ដើម្បីទប់ស្កាត់គ្រោះមហាន្តរាយដោយព្យុះកំណាចខាងលើ។
លោក ត្រាំ បានប្រកាសបែបនេះនៅឯសេតវិមាន ដោយលោកបានបញ្ជាក់ថា អនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence) នឹង ជាអ្នកធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញជំនួសរូបលោក។ នៅចុងសប្តាហ៍នេះលោក ដូណាល់ ត្រាំ បានគ្រោងនឹងទៅទស្សនកិច្ចនៅប៉ូឡូញ ដើម្បីចូលរួមក្នុងពិធីរំលឹកខួបមួយពាក់ព័ន្ធសង្រ្គាមលោកលើកទីពីរ។
គួរជម្រាបថា បន្ទាប់ពីបានធ្វើដំណើរឆាបដែនដីអាមេរិកនៅតំបន់សមុទ្រការីបៀនគឺ ភើតូរីកូ (Puerto Rico) ព្យុះហឺរីខិនឈ្មោះថា ដូរៀន (Dorian) ត្រូវគេរំពឹងថា នឹងកើនឡើងឥទ្ធិពលដល់កម្រិត ទី៤ និងទី៥ ជាកម្រិតខ្ពស់បំផុតសម្រាប់ព្យុះហឺរីខិន) នៅពេលដែលវាបោកបក់មកដល់ឆ្នេរភាគខាងកើត នៃរដ្ឋផ្លូរីដារបស់សហរដ្ឋអាមេរិក ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។
អភិបាលរដ្ឋផ្លូរីដា ( Florida) លោក រ៉ូន ឌែសាន់ទីស (Ron DeSantis) បានចេញការប្រកាសអាសន្នលើតំបន់ចំនួន ២៦ នៃរដ្ឋភាគអាគ្នេយ៍សហរដ្ឋអាមេរិកមួយនេះ ទាក់ទងនឹងការមកដល់នៃព្យុះហឺរីខិន ដូរៀន (Hurricane Dorian) នៅឆ្នេរសមុទ្រភាគខាងកើតរបស់រដ្ឋ នៅចុងសប្តាហ៍នេះតែម្តង។
ការប្រកាសអាសន្ននេះត្រូវបានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីព្យុះត្រូពិក Dorian បានវិវឌ្ឍន៍ខ្លួនក្លាយជាព្យុះសង្ឃរា (Hurricane) កម្រិតទី ១ នៅពេលវាមកដល់ភាគខាងកើត នៃសមុទ្រការ៉ាប៊ីន ភាគខាងត្បូងសហរដ្ឋអាមេរិក។ ដោយឡែក យោងតាមអាជ្ញាធរឧតុនិយមអាមេរិកបានឲ្យដឹងថា ព្យុះនេះអាចនឹងវិវឌ្ឍន៍ខ្លួនដល់ កម្លាំងខ្លាំងជាងនេះបន្ថែមទៀត នៅពេលដែលវាបានបក់បោកមកដល់តំបន់ដីគោកនៃរដ្ឋ Florida នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន)។
គួរជម្រាបថា កាលពីដើមសប្តាហ៍នេះវែបសាយព័ត៌មានអាមេរិក អាក់ស៊ីយ៉ូស (Axios) បានរាយការណ៍ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ធ្លាប់បានលើកឡើងនូវគំនិត ចង់ប្រើប្រាស់គ្រាប់បែកនុយក្លេអ៊ែរ ទៅទម្លាក់លើព្យុះហឺរីខិន (Hurricane) ដើម្បីទប់ស្កាត់កុំឲ្យពួកវា បោកបក់មកដល់សហរដ្ឋអាមេរិក។ ទោះយ៉ាងណា លោកប្រធានាធិបតីបានច្រានចោលការអះអាងខាងលើនេះ ខណៈអ្នកជំនាញបានពន្យល់ថា វាជាដំណោះស្រាយដែលមិនអាចជឿទុកចិត្តបានទេ៕
ដោយ៖ មែវ សាធី