ខេត្តព្រះសីហនុ ៖ ដោយសារតែការបើកបរគ្មានការប្រុងប្រយ័ត្ន ពុំគោរពច្បាប់ចរាចរណ៏ បើកបរគ្មានមួកសុវត្តិភាព ជនជាតិកូរ៉េម្នាក់បានបាត់បង់ជីវិតនៅនឹងកន្លែង បន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿនទៅបុករបងដែកធនាគារកាណាឌីយ៉ា ក្រុងព្រះសីហនុ ចូលក្រោមរថយន្តចតមុខធនាគារស្លាប់ភ្លាមៗ។ ហេតុការនេះបានកើតឡើង នៅវេលាម៉ោង១និង៥០នាទីឈានចូលថ្ងៃទី១០កក្កដាឆ្នាំ២០១៥ នៅមុខធនាគារកាណាឌីយ៉ា ស្ថិតក្នុងភូមិ២សង្កាត់លេខ២ ក្រុងព្រះសីហនុ។
យោងតាមប្រភពពីសមត្ថកិច្ចប៉ូលីសចរាចរណ៏ខេត្តព្រះសីហនុ បានឲ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៏ដែលបង្ករឡើងដោយខ្លួនឯងនេះ មានឈ្មោះ ជុង ស៊ូយ៉ុង ភេទ ប្រុស អាយុ៣០ឆ្នាំ មានមុខរបរជាបុគ្គលិកកាស៊ីណូ ដាយមិនស៊ីខេត្តព្រះសីហនុ។ ប្រភពពីសមត្ថកិច្ចដ៏ដែលបានបន្តថា នៅមុនកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាក អ៊ែប្លែត ពណ៏ក្រហម គ្មានស្លាកលេខម្នាក់ឯងមកពីតោពីរក្នុងគោលដៅទៅកាន់ការស៊ីណូ ប៉ុន្តែមកដល់ចំនុចកើតហេតុ ដែលជាចំនុចផ្លូវកោង ជនរងគ្រោះពុំបានបត់នោះទេដោយសង្ស័យថាមកពីល្បឿនលឿនពេកបត់ពុំទាន់ ទើបជ្រុលទៅបុករបងដែករបស់ធនាគារពេញទំហឹង ផ្លោងទៅចូលក្រោមរថយន្តបោកក្បាលស្លាប់ភ្លាមៗ។ ក្រោយកើតហេតុសាកសព ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅវត្តក្រោម រងចាំស្ថានទូត និងសាច់ញ្ញាត្តិមកទទួលយកទៅស្រុកកំណើតវិញ៕