ខេត្តកំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៧កេីត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០១៩ នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា និងលោកស្រី ឈរ ណារី ត្រាំ អ៊ីវតឹក រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានអញ្ជេីញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ប្រគេន-ផ្តល់ដល់ព្រះសង្ឃ តាជី យាយជី និងកុមារកំព្រាចំនួន ៥៦អង្គ/នាក់ ដែលកំពុងគង់-ស្នាក់នៅ និងសិក្សាព្រះធម៌នៅមជ្ឈមណ្ឌលវិបស្សនៈ ធុរៈ សារនាថពោធិ៍រាជ ស្ថិតនៅក្នុងភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ដាំផ្ញើសួរសុខទុក្ខចំពោះ តាជី យាយជី និងកុមារកំព្រាទាំងអស់ ព្រមទាំងសូមបួងសួងឱ្យមានសុខភាពល្អ អាយុយឺនយូរ ដេីម្បីផ្សព្វផ្សាយនិងទ្រទ្រង់វិស័យព្រះពុទ្ធសាសនាតរៀងទៅ។ លោកស្រី ក៏បានផ្តាំផ្ញេីដល់កុមារទាំងអស់ ត្រូវគោរពវិន័យរបស់មណ្ឌល ខិតខំសិក្សារៀនសូត្របន្ថែមទៀតដេីម្បីអនាគតភ្លឺស្វាង។
លោកយាយជី លោកតាជីទាំងអស់ បានសូត្រធម៌ និងបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោកតាមអភិបាល ប្រោសព្រំថែរក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមជួបប្រទះតែពុទ្ធពរ ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ ដេីម្បីបន្តដឹកនាំព្រះរាជាណាចក្រកម្ពុជា ឱ្យរក្សាបានសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងភាពសុខុមរមនារបស់ប្រជាជនទាំងអស់។
សូមបញ្ជាក់ថា អំណោយដែលបានជូនយាយជី តាជី និងកុមារកំព្រា ៥០នាក់ ក្នុងម្នាក់ៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ឃីត១ (មុង ភួយ សារុង ក្រមា អាវយឺត) ជាអំណោយសប្បុរសជនតាមរយៈកាកបាទក្រហមកម្ពុជា ព្រមទាំងក្រណាត់ស ១ដុំ និងថវិកា ១ម៉ឺនរៀលទៀត ជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ប្រគេនព្រះសង្ឃ ៦អង្គ ដែលគង់នៅក្នុងមជ្ឈមណ្ឌល នូវ អង្ករ ៣០០គីឡូក្រាម មី ១០កេស ត្រីខ ១០០កំប៉ុង មុង១០ ភួយ១០ និងបច្ច័យចំនួន ៥០ម៉ឺនរៀល៕
ដោយ៖ សុខ ខេមរា