យន្តហោះគ្មានមនុស្សបើករបស់អីស្រាអែល បន្តរងការបាញ់ទម្លាក់ពីក្រុមហេសបូឡោះ

ចែករំលែក៖

ក្រុមហេសបូឡោះនៅក្នុងប្រទេសលីបង់ ដែលជាសត្រូវរបស់អីស្រាអែលបានបន្តបាញ់​ទម្លា់យន្តហោះ គ្មានមនុស្សបើករបស់អីស្រាអែលបន្ថែមមួយគ្រឿងទៀតហើយ​​ដែលបានហោះចូលដែនដី​លីបង់ ។ សារព័ត៌មាន AP បានផ្សាយ ​នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩នេះថា សេចក្តីថ្លែងការណ៍​របស់​ក្រុមហេសបូឡោះ បានបញ្ជាក់ថា ដ្រូន​នោះត្រូវបានបាញ់ទម្លាក់ ដោយអាវុធ​ដែលសម​ល្មម​នឹង​បាញ់ទម្លាក់ ស្ថិតនៅភូមិ​ Ramieh ។ ប៉ុន្ដែក្រុមនេះ​ មិនបានលាតត្រដាង​លម្អិតព័ត៌​មានជាងនេះទៀតឡើយ។ 

ដោយឡែកមន្រ្ដីយោធា​អ៊ីស្រាអែលវិញ ​បានអះអាងថា ដ្រូន​មួយ​​គ្រឿងរបស់ខ្លួន កំពុងបំ​ពេញ​បេសកកម្ម ​នៅ​ភាគខាងជើង នៃប្រទេស​អ៊ីស្រាអែល​ បានធ្លាក់។ ទោះជាយ៉ាងណា អ៊ីស្រាអែល មិនបានបញ្ជាក់​អំពីមូលហេតុ​នៃការធ្លាក់ដ្រូនរបស់ខ្លួននោះ ថាបណ្តាល​មកពីការបាញ់ទម្លាក់របស់ក្រុមហេសបូឡោះ ឬបែបណា​នោះឡើយ។ 

អ៊ីស្រាអែល បញ្ជាក់ថា នេះជារឿងធម្មតាទេ យន្តហោះ​ដ្រូនបែបនេះបានធ្លាក់ ឬត្រូវធ្លាក់ក្នុ​ង​កណ្តាប់ដៃ​របស់សត្រូវក៏ដោយ ក៏វាមិនអាចបែកធ្លាយព័ត៌មាន​របស់យោធា​អ៊ីស្រាអែល​នោះដែរ។ អ៊ីស្រាអែល​អះអាងទៀតថា ដ្រូន​របស់ខ្លួន បាន​ធ្លាក់ ​កាលពីថ្ងៃអាទិត្យ ទី៨ ខែ​កញ្ញា មិនមែនធ្លាក់ នៅថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០១៩ នេះឡើយ។ ប៉ុន្ដែមូលហេតុ នៃការ​ធ្លាក់​ដ្រូននេះ មានភាពផ្ទុយគ្នា ដោយអះអាងមិនច្បាស់លាស់។ 

កាលពីខែមុន មេដឹកនាំក្រុមហេសបូឡោះ បានប្រកាសផងដែរថា ក្រុមរបស់ខ្លួន​អាចប្រ​ឈម​តទល់គ្នា និងបាញ់ទម្លាក់​យន្តហោះដ្រូន​របស់អ៊ីស្រាអែល​ ណាមួយ ដែលចូល​មកក្នុងដែនអាកាស​របស់​ប្រទេសលីបង់ ។ ការណ៍នេះ​ នឹងធ្វើ​ឲ្យកាន់តែ​ប្រឈម​មុខតា​នតឹង​ខ្លាំងឡើងបន្ថែមទៀត ក្នុងជម្លោះ​ដែលកំពុងតែក្តៅស្រាប់​ផងនោះ ​រវាងអ៊ីស្រាអែល ហើយនិងក្រុម​ហេសបូឡោះ ។ 

ពួកហេសបូឡោះ​ប្រកាសបែបនេះ នៅបន្ទាប់ពី​អាជ្ញាធរអ៊ីស្រាអែល បានប្រកាសថា ដ្រូន​របស់ខ្លួន​មួយគ្រឿង​បានធ្លាក់​នៅតំបន់ភាគខាងត្បូង Beirut ដែលជាទីតាំងកាន់កាប់​តឹងរ៉ឹងរបស់ពួក​ហេសបូឡោះ​នោះ ។ ដ្រូននោះ​បានចុះចត​នៅលើដំបូលអគារ​បម្រើជាការិយាល័យព័ត៌មានរបស់ក្រុមហេសបូឡោះ ដ្រូន​មួយគ្រឿងផ្សេងទៀត​បានផ្ទុះ និងធ្លាក់​នៅពីក្រោយបរិវេណ​ នៃអគារនោះ​ បានខួចខាតសម្ភារទីនោះយ៉ាងដំណំ ។ 

កាលពីសប្តាហ៍​មុននេះ អ៊ីស្រាអែល និងក្រុមហេសបូឡោះ បានបាញ់គ្នាទៅវិញ​ទៅមក ជាលើក​ដំបូងបំផុត នៅ​ក្នុងអំឡុងពេលថ្មីៗចុងក្រោយនេះ ។ ពួកហេសបូឡោះ​សុទ្ធតែ​បាញ់​មីស៊ីល​ប្រឆាំងរថក្រោះ​ទៅលើ​​​កាំភ្លើងត្បាល់​របស់អ៊ីស្រាអែល​ដែលដាក់ពង្រាយ​នៅជិតព្រំដែន ។ ការបាញ់ប្រហារ​នោះ មិនគ្រោះថ្នាក់ដល់អាយុជីវិត​ទេ ។ អ៊ីស្រាអែល​បានចេញវិធានការសងសឹក ​ដោយ​បាញ់កាំភ្លើងធំ​ទៅ​កាន់តំបន់ភាគខាងត្បូង​លីបង់​វិញ ។ 

ពួកហេសបូឡោះ បាននិយាយកាលពីសប្តាហ៍មុនថា ការដែលពួកគេវាយប្រហា​រអ៊ីស្រា​អែល​​ដោយប្រើមីស៊ីល​ប្រឆាំងរថក្រោះនោះ គឺជាការសងសឹក​ចំពោះ​អ៊ីស្រាអែល​វាយប្រ​ហារតាមអាកាស​នៅជិត​ទីក្រុង​ដាម៉ាកាស កាលពីខែមុន សម្លាប់សមាជិក​របស់ពួកគេ​២នាក់ ។ អ៊ីស្រាអែល​ប្រកាសថា ការវាយប្រហារនៅពេលនោះ បាន​កម្ចាត់ក្រុម​របស់អ៊ីរ៉ង់​ដែលគ្រោងវាយប្រហារ​តាមដ្រូន ។ ប៉ុន្មានថ្ងៃបន្ទាប់ពីការវាយប្រហារតាមអាកាសនោះ ក្រុមហេសបូឡោះ​បាននិយាយថា យន្តហោះ​ដ្រូវ​ពីរគ្រឿង​របស់អ៊ីស្រាអែល​បានធ្លាក់នៅក្នុងតំបន់ប៉េរ៉ូ ។ អ៊ីស្រាអែល និងហេសបូឡោះ ធ្លាប់បានផ្ទុះសង្គ្រាម​មួយខែ ​កាលពីឆ្នាំ២០០៦ ។ ទាហានអ៊ី​ស្រាអែល​​តែង​តែ​រងការគំរាមកំហែងពីក្រុម​ហេសបូឡោះ ៕ 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print