វិភាគព័ត៍មានអន្តរជាតិ៖ សុបិន្តអាក្រក់នៅតែបន្តគ្របដណ្តប់លេីទឹកដីអាមេរិក ក្រោយ​១៨ឆ្នាំនៃការវាយ​ប្រហារ​ភេរវកម្ម​១១/៩/២០០១ សម្លាប់មនុស្ស​ដល់ទៅ​២៩៩៦នាក់ និងរបួស ៦ពាន់នាក់

ចែករំលែក៖

សហរដ្ឋអាមេរិក៖ នៅថ្ងៃទី​១១ខែកញ្ញា​ កាលពី​១៨ឆ្នាំមុន ទឹកដីគ្រប់ដណ្តបទៅដោយ ការភ័យខ្លាច រន្ធត់​ដោយ​សារតែការវាយប្រហារភេរវកម្មជាប្រវត្តិសាស្ត្រ ទៅលើ​អគារភ្លោះ​នៃមជ្ឈមណ្ឌល​ពាណិជ្ជកម្មពិភពលោក នៅទីក្រុងញ៉ូវយ៉ក ។ នៅថ្ងៃទី​១១ខែកញ្ញាឆ្នាំ​២០០១ យន្តហោះដឹកអ្នកដំណើរ​៤គ្រឿងត្រូវក្រុមភេរវកម្មប្លន់​ ហើយបញ្ជាទៅបុកអគារ​ពាណិជ្ជកម្ម​ ក្នុងពេលដែលពលរដ្ឋអាមេរិកចាប់ផ្តើមចូលបំពេញការងាររបស់ខ្លួន ដោយមិនដឹងថាជាការងារចុងក្រោយបង្អស់នោះឡើយ។

ការវាយប្រហារនោះបានសម្លាប់មនុស្ស​ដល់ទៅ​២៩៩៦នាក់ និងរបួស ៦ពាន់នាក់ ក្នុងរយៈ​ពេល​មិនដល់ពីរម៉ោងផង​។ នោះជាការ​វាយ​ប្រហារ​ភេរវកម្ម​ដ៏ធំ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត ហើយ​ ​បាន​ធ្វើ​ឲ្យ​ភូមិសាស្រ្ត​នយោបាយ​ពិភពលោក​ត្រូវ​ប្រែប្រួល រហូតមកទល់​​និង​ពេល​បច្ចុប្បន្ន។

នៅព្រឹកព្រលឹម​ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ​២០០១ ម៉ោង ៦ និង​៤៥នាទី នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ក្រុង​បូស្តុន ភេរវជន ១០នាក់ ចែកចេញ​ជាពីរ​ក្រុម​ កំពុង​រៀបចំ​ឡើង​យន្តហោះ ក្នុងជើងហោះហើរ​ពីរ​ដាច់​ពីគ្នា គឺ​ជើងហោះហើរ​លេខ​១១ របស់​ក្រុមហ៊ុន Amercian Airlines ពី​បូស្តុន​​ទៅ Los Angeles និង​មួយទៀត គឺ​ជើងហោះហើរ​លេខ ១៧៥ នៃ​ក្រុមហ៊ុន United Airlines ឆ្ពោះទៅកាន់​ទីក្រុង Los Angeles ដូចគ្នា។

នៅ​ក្នុង​អំឡុង​ពេល​ប្រហាក់ប្រហែល​គ្នា​នោះ ភេរវជន​២ក្រុមផ្សេងទៀត កំពុង​រៀបចំ​ឡើង​យន្តហោះ នៅ​ឯ​ព្រលាន​យន្តហោះ​ពីរផ្សេងទៀត គឺ​ជើងហោះហើរ​លេខ ៩៣ របស់​ក្រុម​ហ៊ុន United Airlines ពី Newark​ (New Jersey) ទៅកាន់​ San Francisco និង​ ជើងហោះ​ហើរ​លេខ​ ៧៧ របស់​ក្រុមហ៊ុន American Airlines ពីព្រលាន​យន្តហោះ​អន្តរជាតិ Dulles ក្បែរ​រដ្ឋធានីវ៉ាស៊ីងតោន ឆ្ពោះ​ទៅកាន់​ទីក្រុង Los Angeles។

ម៉ោង ៨ និង​១៩នាទី ២០នាទី​ក្រោយ​ពី​ជើងហោះហើរ​លេខ១១ ហោះចេញ​ពី​ព្រលាន​យន្តហោះ​ក្រុង​បូស្តុន ក្រសួង​ស៊ើបអង្កេត FBI ទទួល​ទូរស័ព្ទ​ពី​នារី​អ្នក​បម្រើការ​លើ​យន្តហោះម្នាក់​ ដែល​​បាន​ប្រាប់​ថា យន្តហោះ​ត្រូវ​បាន​ក្រុម​ភេរវជន​ចាប់ពង្រត់។ នៅលើ​យន្តហោះ គឺ​មហាម៉េដ អាតា មេក្រុម​ភេរវជន ដែល​​ជា​អ្នក​បញ្ជាយន្តហោះ ក្រោយ​ពី​បាន​វាយប្រហារ​ទៅលើ​អ្នក​បើក​យន្តហោះ​ទាំងពីរ​រូប។ មហាម៉េដ អាតា បាន​ប្រាប់​អ្នក​ដំណើរ​លើ​យន្តហោះ​ទាំងអស់​ឲ្យ​រក្សាភាព​​ស្ងាត់ស្ងៀម ដោយសន្យា​ថា នឹង​បើក​យន្តហោះ​ត្រឡប់​ទៅកាន់​ព្រលាន​ ដើមវិញ។

ម៉ោង ៨ និង​៤០នាទី កងឯកភាព​ការពារដែន​អាកាស​អាមេរិក​បាន​ចេញ​បញ្ជា​ឲ្យ​យន្តហោះ​ចម្បាំង​ពីរគ្រឿង ហោះ​ទៅ​ស្ទាក់​យន្តហោះ​ដែល​ត្រូវ​ភេរវជន​ចាប់ពង្រត់ ក៏ប៉ុន្តែ យន្តហោះ​ចម្បាំង​ទាំងពីរ​គ្រឿង​នៅមិនទាន់​បាន​ហោះចេញ​ពី​មូលដ្ឋាន​ទ័ព​អាកាស​ផង នៅ​ម៉ោង ៨ និង​៤៦នាទី យន្តហោះ​នៃ​ជើងហោះហើរ​លេខ​១១ ដែល​ជា​ប្រភេទ​យន្តហោះ​ធុន ៧៦៧ ដឹកអ្នក​ដំណើរ​ចំនួន ៩២នាក់ ត្រូវ​បាន​មហាម៉េដ អាតា បើកទៅបុក​ អគារ​ទីមួយ​នៃ​អគារភ្លោះ​ World Trade Center។

ប្រមាណ​ជា ១៥នាទី​ក្រោយ​មក​ទៀត នៅ​ម៉ោង ៩ និង​៣នាទី នៅ​ក្នុងពេល​ដែល​ក្រសែភ្នែក​មនុស្សម្នា​ជាច្រើន ព្រមទាំង​កាមេរ៉ា​ជាច្រើន​គ្រឿង​កំពុងតែ​សំឡឹង​មើល និង​ផ្តិត​យក​រូបភាព​អគារ​ទីមួយ​នៃ World Trade Center ស្រាប់តែ​យន្តហោះ​មួយគ្រឿងទៀត​ គឺ​យន្តហោះ​ធុន​ប៊ូអ៊ីង ៧៦៧ នៃ​ជើងហោះហើរ​លេខ​១៧៥ ដឹកអ្នក​ដំណើរ​ចំនួន ៦៥នាក់ ពី​បូស្តុន ទៅ Los Angeles ត្រូវ​បាន​ភេរវជន​ក្រុម​ទីពីរ​​​​ហោះ​ទៅ​​​បុក​អគារ​ទីពីរ។
គិត​ត្រឹម​​ពេលនោះ គេ​លែង​មាន​​មន្ទិលសង្ស័យ​អ្វី​ទៀតហើយ​ថា អ្វី​ដែល​កំពុងកើតឡើង​មិនមែន​ជា​គ្រោះថ្នាក់​យន្តហោះ​នោះទេ ប៉ុន្តែ ជា​ការ​វាយប្រហារ​ភេរវកម្ម​​ទៅលើ​សហរដ្ឋ​អាមេរិក។
នៅ​ព្រឹកថ្ងៃ​ទី១១​កញ្ញា ពេល​ដែល​ភេរវជន​បើក​យន្តហោះ​បុកអគារ World Trade Center នៅ​ឯ​ទីក្រុង​ញូវយ៉ក លោក​ចច ដាបិលយូ ប៊ូស កំពុង​បំពេញទស្សនកិច្ច​នៅ​សាលារៀន​មួយកន្លែង នៅ​ក្នុង​រដ្ឋ​ហ្វ្លរីដា។
ម៉ោង ៩ និង​៥នាទី លោក​ប៊ូស​កំពុង​អង្គុយ​ស្តាប់​កូនសិស្ស​សូត្រ​មេរៀន នៅចំពោះ​មុខ​​កាមេរ៉ា និង​អ្នក​សារព័ត៌មាន​ជាច្រើន​នាក់ ស្រាប់តែ​លោក​អេនឌ្រូ ខាដ (Andrew Card) នាយកខុទ្ទកាល័យ​នៃ​សេតវិមាន​​បាន​ចូល​ទៅ​ខ្សឹប​ដាក់​ត្រចៀក​ប្រាប់​ដោយ​ខ្លី​ថា “មាន​យន្តហោះ​មួយគ្រឿងទៀត​​បើក​បុកអគារ​ទីពីរ អាមេរិក​កំពុង​ទទួលរង​​ការ​វាយប្រហារ”។ ខ្សឹបរួចហើយ លោក​អេនឌ្រូ ខាដ ក៏​ដើរចេញ​ទៅវិញ​ភ្លាម ចំណែក​ឯ​លោក​ប៊ូស បន្ត​ស្ថិត​នៅ​ក្នុង​ថ្នាក់រៀន​ជាមួយ​កូនសិស្ស​តាម​កម្មវិធី​ធម្មតា ដើម្បី​ចៀសវាង​មិន​បង្ហាញ​ភាព​ច្រួលច្របល់​ នៅ​ចំពោះ​មុខ​ម៉ាស៊ីនថត។
ប្រមាណ​ជា​ជិត​កន្លះម៉ោងក្រោយ​មក ទើប​លោក​ប៊ូស​ថ្លែងទៅកាន់​អ្នក​សារព័ត៌មាន ដោយ​បាន​បញ្ជាក់ថា អ្វី​ដែល​បាន​កើតឡើង​នៅ​ញូវយ៉ក គឺ​ជា​ការ​វាយប្រហារ​ភេរវកម្ម​ទៅលើ​សហរដ្ឋ​អាមេរិក។ បន្ទាប់​មក​លោក​ប៊ូស​បាន​ឡើង​ជិះ​យន្តហោះ​ប្រធានាធិបតី (Air Force One) ចាកចេញ​ពី​ហ្វ្លរីដា។
គិតជាសរុប ការ​វាយប្រហារភេរវកម្ម​​ទាំងបួនកន្លែង គឺ​នៅ​អគារ​ទាំងពីរ​នៃ World Trade Center នៅ​មន្ទីរប៉ង់តាហ្គោន និង​​នៅ Pennsylvania បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​សរុប​​ជិត ៣ពាន់នាក់។ គឺ​ជា​ការ​វាយប្រហារ​ភេរវកម្ម​ដ៏ធំ​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រវត្តិសាស្រ្ត ហើយ​វា​ជា​ចំណុច​ចាប់ផ្តើម​​នៃ​សករាជ​ថ្មី​មួយ​នៃ​ទំនាក់ទំនង​អន្តរជាតិ ដែល​គេ​តែងតែ​ហៅ​ថា ពិភពលោក​ក្រោយ​១១កញ្ញា។ ជា​ចំណុច​ចាប់ផ្តើម ដែល​នាំ​ទៅ​រក​សង្រ្គាម​ដ៏​ធំ​ចំនួន២​នៃ​សតវត្សរ៍​ទី២១ គឺ​សង្រ្គាម​នៅ​អាហ្វហ្កានីស្ថាន និង​សង្រ្គាម​នៅ​អ៊ីរ៉ាក់ ហើយ​វា​ក៏​ជា​ចំណុច​ចាប់ផ្តើម​មួយ​ដែរ នៃ​អ្វី​ដែល​កំពុងតែ​​កើតមាន​ឡើង​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​បច្ចុប្បន្ន ជាមួយ​នឹង​ការ​លេចមុខឡើង​នៃ​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម។

១៨ឆ្នាំកន្លងផុតទៅ តែ តែស្រមោលនៃការវាយប្រហារភេរវកម្ម​ ទៅលើទឹកដីអាមេរិក​ បាន​ដក់ជាប់​ក្នុងអារម្មណ៍ពលរដ្ឋជានិច្ច ។ ការកម្ចាត់ក្រុមភេរវកម្ម ដែលផ្តើមឡើង​ដោយ​អាមេរិក​​នៅតេមិនទាន់ដល់ទីបញ្ចប់នៅឡើយ​ ហើយក្រុមភេរវកម្មនៅ​តែជាការ​គំរាមកំហែង​ដដែល​៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print