ខេត្តពោធិ៍សាត់ ៖ កម្លាំងការពារធនធានធម្មជាតិថ្នាក់ជាតិកងរាជអាវុុធហត្ថ បន្តស្រាវជ្រាវ និងបង្រ្កាបមធ្យោបាយដឹកជញ្ជូនបទល្មើសឈើ រថយន្ដកែច្នៃ(បាកុង)ចំនួន ១គ្រឿងទៀត ខណៈម្សិលមុិញសម្រេចបាន ៤គ្រឿង នៅស្រុកភ្នំក្រវាញ និងស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
ប្រតិបត្តិការខាងលើធ្វើឡើងនាថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងព្រៃឬស្សីត្រង់ចំណុចត្រពងពង់ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
លោក វរសេនីយ៍ទោ ឡាយ វិទូ មេបញ្ជាការរងកងរាជអាវុុធហត្ថខេត្តពោធិ៍សាត់ ដែលបានដឹកនាំកម្លាំងចុះប្រតិបត្តិការប្រាប់ថា លទ្ធផល៖ កម្លាំងស្រាវជ្រាវ និងធ្វើការបង្រ្កាបបាន ១គ្រឿងម៉ាក រ៉េវ បាកុងកែច្នៃ ហើយវត្ថុតាតជាមធ្យោបាយបំរើឲ្យបុព្វហេតុបទល្មើសឈើខាងលើនេះ កម្លាំងរាយការណ៍ និងសុំគោលការរក្សាទុកជាបណ្ណោះអាសន្ន ដើម្បីប្រើប្រាស់ក្នុងបុព្វហេតុបង្រ្កាបបទល្មើសព្រៃឈើបន្តទៀតសិន ។
លោក វរសេនីយ៍ទោ មេបញ្ជាការរងបញ្ជាក់បន្ថែមទៀតផងដែរថា កាលពីថ្ងៃទី៩.១០ ខែកញ្ញា ឆ្នាំ២០១៩ កន្លងមកថ្មីៗនេះ កម្លាំងធ្វើបង្រ្កាបបានសម្រេចចំនួន ៤គ្រឿងរួចមកហើយ ដោយរថយន្តម៉ាក រ៉េវ បាកុងកែច្នៃចំនួន ២គ្រឿង បង្រ្កាបនៅចំណុចភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង វត្ថុតាងដុតកម្ទេចចោល និងត្រាក់ទ័រចំនួន ២គ្រឿងទៀត ធ្វើការបង្រ្កាបនៅចំណុចភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ វត្ថុតាងកំពុងបន្តនីតិវិធីនៅឡើយ សរុបមកដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នេះ បានចំនួន ៥គ្រឿងហើយ ៕ បុឹម ពិន