ខេត្តកំពង់ចាម ៖ មកដល់ពេលនេះ ចំពោះករណីដាច់ខ្សែអាងហែលលើទឹកកំសាន្តអណ្តែតតាមទឹក កាលពីវេលាម៉ោង១៩ និង២០នាទី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ ស្ថិតក្នុងភាពមិនច្បាស់ការ ខណៈអ្នកខ្លះថា ដាច់ខ្សែរសាត់មកទើរ និងខ្លះទៀតថាបានបុកគ្រឹះស្ពានឡើងរង្គើ ស្របពេលដែលអាជ្ញាធរថ្នាក់ខេត្តកំពង់ចាម ឬមន្ត្រីជំនាញ មិនទាន់បានប្រកាសពីទំហំនៃផលប៉ះពាល់ដល់គ្រឹះស្ពានកោះប៉ែនយ៉ាងណា ។
ស្ពានគឺជាសម្បត្តិរបស់រដ្ឋបម្រើឲ្យសាធារណជនគ្រប់ជាន់ថ្នាក់ ដូច្នេះចំពោះទំហំនៃផលប៉ះពាល់យ៉ាងណាគួរតែស្រាវជ្រាវពិនិត្យរកឲ្យឃើញនៃផលអវិជ្ជមានឬវិជ្ជមាន ។ ពិតណាស់ថា មិនមាននរណាម្នាក់មានចេតនាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាតិទេ ពោលគឺស្ពានកោះប៉ែននេះ ប៉ុន្តែបើគេពិនិត្យ និងស្វេងយល់តាមលក្ខណៈបច្ចេក ទេស អ្នកទទួលខុសត្រូវគឺម្ចាស់អាងហែលទឹកនេះតែម្តង ខណៈខ្លួនមានការធ្វេសប្រហែស អាចថាមានចេតនាសម្លាប់មនុស្សដោយប្រយោល បើទោះមិនមាននរណាម្នាក់បានរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិត ពីករណី នេះក៏ដោយ ។
អាជ្ញាធរមានសមត្ថកិច្ចខេត្តបញ្ជាក់ថា អាងហែលទឹកដែលបង្កគ្រោះថ្នាក់ខាងលើនេះ មានទំហំប្រហែល២២ម៉ែត្រគុណ៦០ម៉ែត្រ ជាកម្មសិទ្ធិរបស់ឈ្មោះ ឈរ ហេង ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិទី១០ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ អាងហែលទឹកនេះបានដាច់ខ្សែចេញពីចំណុចក្នុងទន្លេ ក្បែរដើមជ្រៃ ស្ថិតនៅភូមិ១០ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម អណ្ដែតហូរតាមបណ្ដោយផ្លូវទឹកចុះមកក្រោម ។
នៅទីកើតហេតុ បន្ទាប់ពីកើតមានករណីដាច់ខ្សែអាងហែលទឹក ឃើញវត្តមានលោកឧត្តមសេនីយ៍ ឯម កុសល បានបញ្ជាអោយសមត្ថកិច្ចចម្រុះ រកមធ្យោបាយ កាណូតអ្នកនេសាទចំនួន៧គ្រឿងបានជួយអូសទាញមកខាង តែដោយសារកម្លាំងទឹកទន្លេបានហូរខ្លាំងពេកធ្វើឲ្យទូកអ្នកនេសាទជួយពុំបានក៏ហូរ តាមផ្លូវទឹកមកក្រោមបានធ្វើអោយប៉ះនិងជាប់គ្រឹះនៅគល់ស្ពានកោះប៉ែន ស្ថិតនៅភូមិដើមចាន់ សង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
ជុំវិញហេតុការណ៍ខាងលើនេះ ត្រូវប្រជាពលរដ្ឋលើកឡើងថា អាជ្ញាធរគួរចុះពិនិត្យមើលចំណុចរងការបុកពីអាងហែលទឹកធ្វើការវាយតម្លៃទំហំនៃការប៉ះពាល់ ឬខូចខាត ដើម្បីជម្រុញផ្លូវច្បាប់ឲ្យម្ចាស់អាងហែលទឹកដែលម្ចាស់ឈ្មោះ ឈរ ហេង ទទួលខុសត្រូវ តាមរយៈការប្រកាសពីទំហំខូចខាត ឬប៉ះពាល់ ៕ ដោយ ៖ វណ្ណៈ