ព្រះសង្ឃដើររកអុរដុតចម្អិនចង្ហាន់ អកុសលត្រូវដើមឈើបាក់រលំសង្កត់លើសុគត់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ព្រះសង្ឃមួយអង្គក្នុងចំណោមទាំង១០អង្គទៀតបានសុគត់ ដោយសារតែការបាក់រលំដើមកៅស៊ូមួយដើមសង្កត់ពីលើ នៅពេលព្រះសង្ឃអង្គទាំងនោះបាននាំគ្នាចេញរកអុរ ដើម្បីរៀបចំដុតចម្អិនចង្ហាន់ ។ ករណីនេះកើតឡើងវេលាម៉ោង១រសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចចំការកៅស៊ូឆ័ត្រ​យោង ស្ថិតនៅខាងលិចឈាងខាងជើងភូមិមែកពុក ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

សពព្រះសង្ឃមានព្រះនាម ទុយ ទី ព្រះជន្ម១៦ព្រះវស្សា ជាតិខ្មែរ មានទីលំនៅភូមិលោ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មកគង់ស្នាក់នៅ វត្តបុព្វសុវណ្ណារាមដារ (វត្តដារ) ស្ថិតក្នុងភូមិដារជើង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

តាមសាក្សីពិនិត្យនៅកន្លែងកើតហេតុ ព្រះសង្ឃមួយអង្គនេះបានសុគត់មួយរំពេច ដោយបាក់រលំដើមកៅស៊ូសង្កត់លើចំកញ្ចឹងក ខណៈដែលព្រះសង្ឃរងគ្រោះ និងព្រះ១០អង្គទៀតបាននាំគ្នាចេញទៅរកអុស ដើម្បី​យក​មកដុតចំអិនចង្ហាន់។

ដោយឡែក ក្រោយពីទទួលព័ត៌មាននេះភ្លាម កម្លាំងជំនាញផ្នែកពិនិត្យ និងវិភាគកន្លែងកើតហេតុ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដារ ចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ និងសន្និដ្ឋានថា សពសង្ឃអង្គនេះពិតជាត្រូវបានសុគតដោយការបាក់រលំដើមកៅស៊ូសង្កត់លើ ពុំមានការពាក់ពន្ធ័នឹងករណីឃាតកម្មឡើយ ៕ ដោយ ៖ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print