ប្រទេសអាហ្វហ្គានីស្ថាន៖ ជារៀងរាល់ឆ្នាំ នៅពេលដែលអាមេរិករៀបចំខួប ថ្ងៃទី១១ខែកញ្ញា ដែលជាពេលវេលា ក្រុមភេរវកម្ម វាយប្រហារទៅលើអគារភ្លោះនៅទីក្រុងញូវយ៉ក ហើយក៏ជាពេលវេលាដែលអាមេរិកសម្រេច បញ្ជូនកម្លាំងទាហានទៅវាយប្រហារនៅក្នុងប្រទេស អាហ្វហ្គានីស្ថានផងដែរ ។នៅពេលនេះ ស្ថានទូតអាមេរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន តែងតែរង ការវាយប្រហារ ឬបំផ្ទុះគ្រាប់បែកនៅមុខស្ថានទូតអាមេរិក។
ការវាយប្រហារនោះដែរកើតឡើងក្រោយពេលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ប្រកាសលុបចោលគម្រោងពិភាក្សាសន្ដិភាពជាមួយក្រុមឧទ្ទាមតាលីបង់នោះមក នៅនាទីចុងក្រោយ ក្រុមនេះបានខឹងសម្បារយ៉ាងខ្លាំង ហើយក៏បានបន្ដវាយប្រហារ នៅក្បែរស្ថានទូតអាម៉េរិក ប្រចាំនៅទីក្រុងកាប៊ូល ប្រទេអាហ្វហ្គានីស្ថាន។ មិនតែប៉ុណ្ណោះ ក្រុមតាលីបង់ បានព្រមានថា កងកម្លាំងទាហានអាមេរិក នៅលើទឹកដីអាហ្វហ្គានីស្ថាន នឹងជួបគ្រោះថ្នាក់កាន់តែខ្លាំង ក្រោយការលុបចោលនូវកិច្ចពិភាក្សាសន្តិភាព នៅក្នុងប្រទេសនេះ។
ជាលទ្ធផល នៃការព្រមានខាងលើនេះ គឺនៅព្រឹក ថ្ងៃទី១១ ខែកញ្ញា នេះ ក៏មានករណីបំផ្ទុះគ្រាប់បែកមួយ បានកើតឡើងនៅជិតស្ថានទូតអាម៉េរិក ប្រចាំនៅរដ្ឋធានីក្រុងកាប៊ូល ប្រទេសអាហ្វហ្គានីស្ថាន។
សារព័ត៌មាន ស៊ីនហួ បានផ្សាយថា ការផ្ទុះនៅជិតស្ថានទូតអាម៉េរិក នេះ គឺដោយសារតែការវាយប្រហារដោយគ្រាប់បែក។ ការប្រកាសអាសន្ ននៅក្នុងស្ថានទូតអាម៉េរិក ក៏បានចាប់ផ្តើមឡើងផងដែរ។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ គេមិនទាន់មានព័ត៌មានលម្អិត ស្តីពីចំនួនអ្នកស្លាប់ ឬរងរបួសនោះឡើយ។
ការវាយប្រហារខាងលើនេះ បានកើតឡើង ចំពេលអាម៉េរិក ត្រៀមប្រារព្ធខួប លើកទី១៨ នៃការវាយប្រហារដោយអំពើភេរវកមម ទៅលើមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក កាលពីឆ្នាំ២០០១ ដែលបង្កឡើង ដោយក្រុមភេរវករ អាល់កៃដា។ ក្នុងពេលជាមួយគ្នានេះដែរ អាម៉េរិកក៏បានលុបចោលជំនួបពិភាក្សា ស្តីពីសន្តិភាព នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ផងដែរ៕
ដោយ៖ មែវ សាធី