ភ្នំពេញ ៖ នៅថ្ងៃសៅរ៍ ១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ថៃ្ងទី១៤ ខែកញ្ញា ឆ្នាំ២០១៩នេះ ថ្នាក់ដឹកនាំ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន (នគរវត្ត) និងបុគ្គលិក ទូទាំងប្រទេសបានចេញសេចក្តីថ្លែងការណ៍ ដោយសូមចាត់ទុកសម្តីរបស់ទណ្ឌិត សម រង្ស៊ី នៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងវិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជនកម្ពុជា ។
ការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី គឺជាការនិយាយបរិហារញុះញង់បង្កឱ្យមានភាព វឹកវរ ចលាចល សន្តិសុខក្នុងសង្គម ដែលជាការរំលោភបំពានលើមាត្រា ៧ រដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា។
ថ្នាក់ដឹកនាំ អង្គភាពមជ្ឈមណ្ឌលសារព័ត៌មាន (នគរវត្ត) និងបុគ្គលិក ទូទាំងប្រទេសសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើ ប្រមាថរបស់ទណ្ឌិត សម រង្ស៊ី និងស្នើដល់ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការតាមផ្លូវច្បាប់ ៕