ស្ថានភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា កាន់តែតានតឹង ពីមួយថ្ងៃទៅមួយថ្ងៃ អាចនឹងផ្ទុះសង្គ្រាម គ្រប់ពេលវេលា ។ នៅពេលនេះ ទាំងអាមេរិក អ៊ីស្រាអែល ក៏ដូចជា សាឌីអារ៉ាប៊ីបានត្រៀមលក្ខណៈវាយប្រហារទៅលើ ប្រទេសអ៊ីរ៉ង់ ក្រោយចោទប្រកាន់ប្រទេសនេះវាយប្រហារទីតាំងចម្រាញ់ប្រេង។ ប្រសិនបើអង្គការសហប្រជាជាតិ រកឃើញថា អ៊ីរ៉ង់ជាអ្នកវាយប្រហារនោះសង្គ្រាមប្រាកដជាផ្ទុះឡើងមិនខាន។
ប្រទេសនៅក្នុងតំបន់បានត្រៀមលក្ខណៈរួចរាល់ សម្រាប់ពេលមានសង្គ្រាមកើតឡើងប្រទេសគុយវែតក៏ស្នើដល់កងទ័ពត្រៀមលក្ខណៈ ប្រុងជើងការខ្ពស់សម្រាប់ពេលមានសង្គ្រាម។ កាលពីថ្ងៃទី១៧ ខែកញ្ញារដ្ឋមន្ត្រីការបរទេសគុយវ៉ែត បានអំពាវនាវឱ្យកងទ័ពជាតិទាំងអស់ស្ថិតនៅក្នុង លក្ខណៈប្រុងជើងការខ្ពស់ ព្រមទាំងត្រៀមខ្លួនជានិច្ច ដើម្បីប្រឈមមុខនឹងរាល់សកម្មភាពទាំងឡាយណា ដែលបង្កអស្ថេរភាពដល់គុយវ៉ែត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន KUNA នៅថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩។
ទីភ្នាក់ងារព័ត៌មាន KUNA ផ្អែកលើការស្រង់សម្ដីពីរដ្ឋមន្ត្រីការបរទេស ក៏បានបញ្ជាក់ដែរថាប្រទេស គុយវ៉ែត គាំទ្រ និងឈរនៅពីក្រោយប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីរោងចក្រប្រេងក្រុមហ៊ុនអារ៉ាប៊ីសាអូឌីត Aramco រងការវាយប្រហារដោយយន្ដហោះដ្រូន។
គួរជម្រាបថា សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត បានចោទប្រកាន់ថាអ៊ីរ៉ង់គឺជាអ្នកនៅពីក្រោយ ការវាយប្រហារលើរោងចក្រប្រេងរបស់ក្រុមហ៊ុន Aramco កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ ប៉ុន្តែអ៊ីរ៉ង បានទាត់ចោលការចោទប្រកាន់នេះ ខណៈក្រុមមន្រ្តី និងអ្នកនយោបាយអាមេរិកមួយចំនួនចង់ឱ្យរដ្ឋបាល លោក ដូណាល់ ត្រាំ បើកការវាយប្រហារលើអ៊ីរ៉ង់។
សកម្មភាពនៅតំបន់មជ្ឈិមប៉ូព៌ា បានធ្វើឲ្យតម្លៃប្រេង ឡើងថ្លៃខ្ពស់ ប៉ុន្តែប្រទេសសាឌីអារ៉ាបីបានប្រកាសថា តម្លៃប្រេងនៅលើពិភពលោកល្អប្រសើឡើងវិញ ហើយដំណើរការផលិតប្រេងក៏វិលមកដូចដើមក្នុងពេលដ៏ខ្លី។
រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយទីតាំងចម្រាញ់ប្រេងដ៏ធំបំផុតនៅលើពិភពលោក របស់ប្រទេស អារ៉ាប៊ី សាអូឌីតរងការវាយប្រហារពីយន្តហោះគ្មានមនុស្សបើក នោះ។ ការវាយប្រហារនោះបានធ្វើឲ្យតម្លៃប្រេង នៅលើពិភពលោក កើនឡើងដល់ទៅជិត២០ភាគរយ បង្កក្តីបារម្ភយ៉ាងខ្លាំងដល់វិបត្តិថាមពលប្រេងនៅលើពិភពលោក។
ប៉ុន្តែពេលថ្មីៗនេះ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត Salman បានមានព្រះរាជបន្ទូល កាលពីថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ថា រាជាណាចក្រនេះ មានសមត្ថភាពគ្រប់គ្រាន់សម្រាប់ការពារខ្លួន ប្រឆាំងនឹងការវាយប្រហារដ៏កម្សាករបស់សត្រូវ។ ទ្រង់បានអំពាវនាវដល់សហគមន៍អន្តរជាតិ ត្រូវតែស្វែងរកអ្នកនៅពីក្រោយ នៃការវាយប្រហារ ទៅលើរោងចក្រចម្រាញ់ប្រេងរបស់ក្រុមហ៊ុន Aramco ចំនួន២កន្លែង នៅក្នុងប្រទេសអារ៉ាប៊ីអ៊ូឌីត កាលពីថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៩។
ព្រះអង្គម្ចាស់ Abdulaziz bin Salman រដ្ឋមន្រ្តីក្រសួងថាមពល នៃប្រទេសអារ៉ាប៊ីសាអូឌីត បានមានបន្ទូល នៅក្នុងទីក្រុង Jeddah ថា ទិន្នផលប្រេងរបស់ប្រទេសព្រះអង្គម្ចាស់ នឹង “វិលមករកសភាពធម្មតាវិញ” នៅចុងខែនេះ។
ព្រះអង្គម្ចាស់ Abdulaziz bin Salman បានបន្ដថា ផលិតកម្មប្រេង ស្ទើរតែពាក់កណ្តាល ត្រូវបានកាត់បន្ថយ ក្រោយការវាយប្រហារទៅលើរោងចក្រកែច្នៃប្រេងរបស់ប្រទេសទ្រង់។ ប៉ុន្ដែនៅពេលនេះ ស្ថានការណ៍ទាំងនេះ ត្រូវបានស្ដារឡើងវិញហើយ។ សមត្ថភាព នៃការផលិត អាចនឹងកើនឡើង រហូតដល់១១លានបារ៉ែល ក្នុងមួយថ្ងៃ នៅមុនដំណាច់ខែកញ្ញានេះ។ ផលិតកម្មប្រេង ផលិតបានប្រហែល៩,៦លានបារ៉ែល ក្នុងមួយថ្ងៃ នៅមុនពេលមានការវាយប្រហារ ដោយយន្ដហោះគ្មានមនុស្សបើកបរ (ដ្រូន)។
ជាមួយគ្នានេះដែរ គណៈរដ្ឋមន្រ្តី នៃរដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត បានពិនិត្យមើលពីការខូចខាតដែលបណ្តាលមកពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកបរ(ដ្រូន) របស់ហ៊ូធី ( Houthi) ទៅលើរោងចក្រកែច្នៃប្រេង Abramaiq និងអណ្តូងប្រេង Khurais របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បណ្តាលឱ្យផលិតកម្មប្រេងរបស់ប្រទេសនេះ ធ្លាក់ចុះរហូតដល់៥០ភាគរយ។
ទោះជាយ៉ាងណា ក្រោយការវាយប្រហារនោះ ក្រុមឧទ្ទាមហ៊ូធី នៅក្នុងប្រទេសយេមែន (Yemen) ដែលគាំទ្រដោយអ៊ីរ៉ង់ បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនោះ។ ដោយឡែករដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក៏បានថ្កោលទោសយ៉ាងខ្លាំងដល់រដ្ឋាភិបាលអ៊ីរ៉ង់ថា ជាអ្នកនៅពីក្រោយខ្នង នៃការវាយប្រហារខាងលើនេះ។
ទីភ្នាក់ងារព័ត៌មានរបស់រដ្ឋ បានរាយការណ៍ថា ព្រះមហាក្សត្រ Salman បានអំពាវនាវដល់រដ្ឋាភិបាលនានា នៅលើពិភពលោក ត្រូវស៊ើបអង្កេត ស្វែងរក និងផ្ដន្ទាទោសដល់អ្នកវាយប្រហារខាងលើនេះ។ ព្រះមហាក្សត្រ Salaman មានព្រះបន្ទូលទៀតថា «ព្រះរាជាណាចក្ររបស់ទ្រង់ មានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ការពារប្រទេស និងប្រជារាស្រ្ដរបស់ទ្រង់ ប្រឆាំងនឹងការវាយប្រហារដ៏កម្សាក និងឆ្លើយតបចំពោះទង្វើបែបនេះ ដោយមិនគិតថា សត្រូវទាំងនោះ មកពីប្រភពដើមណាមួយនោះឡើយ” ។
បើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Kuna បានរាយការណ៍ផងដែរថា បន្ទាប់ពីការវាយប្រហារទៅលើរាងចក្រចម្រាញ់ប្រេងចំនួន២កន្លែង របស់ក្រុមហ៊ុន Aramco នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីតនោះ រដ្ឋមន្ត្រីការបរទេសគុយវ៉ែត លោក Sheikh Sabah Al Khalid កាលពីថ្ងៃ ទី១៧ ខែកញ្ញា ក៏បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសខ្លួន ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមប្រឈមមុខនឹងឧប្បត្តិហេតុណាមួយ កើតឡើងជាយថាហេតុ។
ក្រោយពេលមានការវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេងខាងលើនេះ បណ្ដាប្រទេសនានា នៅលើពិភពលោក បានថ្កោលទោសយ៉ាងខ្លាំងទៅលើអ៊ីរ៉ង់ ទើបមន្រ្ដីនៃប្រទេសនេះ ចេញមុខមកអះអាងថា ក្រុមឧទ្ទាមហ៊ូធី (Houthi ) នៅក្នុងប្រទេសយេមែន (Yemen) បានអនុវត្តការវាយប្រហារនេះ ដើម្បីការពារខ្លួន៕
ដោយ៖ មែវ សាធី