ឃើញម៉ូតូគេចតមុខផ្ទះជាប់សោរលួចយកទៅបាត់៣ថ្ងៃក្រោយមកត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ឃើញម៉ូតូគេទុកនៅខាងមុខផ្ទះ ដោយមានជាប់សោរនៅនឹងម៉ូតូ ឃើញស្ងាត់ធ្វើសកម្មភាពលួចយកជិះទៅបាត់ ដោយយកម៉ូតូនោះទៅកែដោះដូរទ្រង់ទ្រាយដើម ធ្វើជាម៉ូតូសណ្ដោងរ៉ឺម៉កដើម្បីបន្លំភ្នែកម្ចាស់ លុះបាន៣ថ្ងៃក្រោយមក ម្ចាស់ម៉ូតូដឹង ក៏ប្តឹងសមត្ថកិច្ចចាប់ខ្លួនតែម្ដង ។ ករណីនេះបានកើតឡើង កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៥និង១០នាទី ត្រង់ចំណុចមុខផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រែករាំង​ សង្កាត់កំពង់  សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានឈ្មោះ ហែល សុខហាក់ ភេទ ប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ខេត្តកណ្តាល  ។ ចំណែកជនរងគ្រោះឈ្មោះ សុីម​ ផេងហុង ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្ត​កណ្តាល ។ ដោយឡែកវត្ថុតាងដកហូតបានមានម៉ូតូ១គ្រឿង ម៉ាកHONDA Wave ធុនសេ១១០ ពណ៌ខ្មៅ គ្មានស្លាកលេខ(របស់ជនរងគ្រោះ) ។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាកើតហេតុខាងលើ ជនរងគ្រោះបានយកម៉ូតូមកទុកនៅខាងមុខផ្ទះរបស់ខ្លួន ដោយពុំបានដកសោរចេញពីម៉ូតូនោះទេ រួចហើយខ្លួនក៏ចូលទៅខាងក្នុងផ្ទះបាត់ទៅ ខណៈនោះស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូជិះទៅបាត់ លុះបានមួយសន្ទុះក្រោយមក ជនរងគ្រោះចេញពីមកពីក្នុងផ្ទះវិញ មិនឃើញម៉ូតូ គិតថាចោរលួច ក៏ដាក់ពាក្យបណ្ដឹងទៅនគរបាលប៉ុស្តិ៍ដើម្បីចាត់ការតាមច្បាប់ ។  លុះ៣ថ្ងៃក្រោយមក ថ្ងៃទី១៩ ខែឆ្នាំដដែល ជនរងគ្រោះជាម្ចាស់ម៉ូតូ បានតាមដាន ស្វែងរកម៉ូតូរបស់ខ្លួន រហូតកំណត់ដឹងថា ម៉ូតូខ្លួននៅផ្ទះជនសង្ស័យ ស្ថិតនៅភូមិព្រែកឡុង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្ត កណ្តាល ភ្លមនោះ  ក៏រាយការណ៍ជូននគរបាលប៉ុស្តិ៍រការខ្ពស់ រួចធ្វើការអន្តរាគមន៍ឃាត់ខ្លូន រួមទាំងវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីចាត់ការបន្តតាមនីតិវិធី ៕

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print