ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ជាចោរលួចទ្រព្យសម្បត្តិត្រូវបានជនរងគ្រោះជាម្ចាស់បន្ទប់ជួលចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនគរបាលស្រុកអង្គស្នួល ចាត់ការតាមច្បាប់ បន្ទាប់ពីជនសង្ស័យនិងបក្ខពួកធ្វើសកម្មភាពគាស់ទ្វារបន្ទប់ជនរងគ្រោះចូលលួចទ្រព្យសម្បត្តិ កាលពីវេលាម៉ោង១៤ និង១៦នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ ត្រង់ចំណុចបន្ទប់ជួលលេខ៩ ស្ថិតក្នុងភូមិព្រៃរការ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននោះមានឈ្មោះ រស់ អ៊ាប ភេទប្រុស អាយុ២៤ឆ្នាំជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅក្នុងភូមិតាសេក សង្កាតកំបូល ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ ចំណែកឯជនរងគ្រោះឈ្មោះ ង៉ែត ម៉ាលី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខែ្មរ មុខរបររត់ម៉ូតូឌុប បច្ចុប្បន្នស្នាក់បន្ទប់ជួលក្នុងភូមិ-ឃុំកើតហេតុខាងលើ ។
ជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចនគរបាលថា នៅមុនពេលកើតហេតុខ្លួនបានជិះម៉ូតូចេញពីផ្ទះទៅរត់ម៉ូតូឌុប ដោយបានចាក់សោរទ្វារផ្ទះត្រឹមត្រូវ ។ ពេលត្រឡប់មកវិញស្រាប់តែឃើញជនសង្ស័យ២នាក់ដើរចេញពីក្នុងបន្ទប់ជួលបម្រុងឡើងម៉ូតូគេចខ្លួន ។ ភ្លាមៗនោះខ្លួនក៏បានដេញតាមចាប់ខ្លួនជនសង្ស័យបានម្នាក់ ខណៈដែលជនសង្ស័យម្នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។ ជនសង្ស័យនិងវត្ថុតាងពាក់ព័ន្ធត្រូវបានជនរងគ្រោះប្រគល់ទៅឲ្យសមត្ថកិច្ចនគរបាលស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
ក្រោយពីចាប់ខ្លួនជនសង្ស័យបានសារភាពថា នៅមុនពេលឃាត់ខ្លួនរូបគេបានជិះម៉ូតូជាមួយបក្ខពួកម្នាក់ទៀតឈ្មោះ រ៉ា ចេញពីភ្នំពេញឆ្ពោះមកស្រុកអង្គស្នួល ដើម្បីធ្វើសកម្មភាពលួចគាស់ទ្វារបន្ទប់ជួលរបស់ប្រជាពលរដ្ឋចូលលួចទ្រព្យសម្បត្តិ ។ ពេលជិះដល់ចំណុចកើតហេតុប្រទះឃើញបន្ទប់ជួលបិទទ្វារគ្មានមនុស្សនៅ ក៏ចូលទៅធ្វើសកម្មភាពគាស់ទ្វារចូលទៅក្នុងរើកកកាយ ខណៈកំពុងធ្វើសកម្មភាពមានមនុស្សចូលទៅ ទើបខ្លួនព្យាយាមរត់គេចខ្លួនបម្រុងឡើងជិះម៉ូតូបក្ខពួកដែលបញ្ឆេះចាំនៅខាងមុខបន្ទប់ជួល តែរត់មិនរួចក៏ត្រូវបានម្ចាស់បន្ទប់ចាប់ខ្លួនបានតែម្តង ៕
ដោយ៖ ស្អាងជ័យ