ភ្នំពេញ៖ ស្ត្រីវ័យ៦០ឆ្នាំប្លាយម្នាក់ ត្រូវបានអ្នកភូមិនិងក្រុមគ្រួសារ ប្រទះឃើញដេកស្លាប់ នៅលើគំនរត្រកួនដែលកាត់រួចត្រកួនក្នុងបឹងត្រកួន នៅភូមព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នៅម៉ោងប្រមាណ៤ និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥។
អ្នកភូមិបានឱ្យដឹងថា សពស្ដ្រីរងគ្រោះត្រូវបានស្គាល់ឈ្មោះ ប្រាក់ងៀម ភេទស្រី អាយុ៦៦ឆ្នាំ មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ប្រភពដដែលបានបន្តទៀតថា នៅទៀបភ្លឺថ្ងៃទី២៩ ធ្នូ ឈ្មោះ ប៊ុន សុផាត ដែលជាកូនរបស់ស្ត្រីរងគ្រោះ និងប្អូនៗបានទទួលដំណឹងពីអ្នករត់ម៉ូតូឌុបមកប្រាប់ថា នៅបឹងត្រកួនដែលស្ត្រីរង គ្រោះឧស្សាហ៍ទៅបេះត្រកួននោះ មិនបានឃើញគាត់នោះទេ តែគេឃើញតែភ្លើងពិលនៅក្នុងទឹក។ ភ្លាមៗនោះកូនៗស្ត្រីរងគ្រោះក៏នាំគ្នាទៅកន្លែងបឹងត្រគួន រួចក៏ឃើញម្តាយដេកស្លាប់ នៅលើគំនរត្រគួនក្នុងបឹង ហើយកូនៗស្ត្រីរងគ្រោះ ក៏បាននាំគ្នាលើកម្តាយយកមកដាក់ក្នុងវត្ត បុទុំសារគ ហៅវត្តក្រប៉ៅ។
បើតាមការបញ្ជាក់របស់កូនស្ត្រីរងគ្រោះថា ជាទម្លាប់ម្តាយរបស់ពួកគេបានចេញពីផ្ទះទៅបេះ ត្រគួន នៅបឹងត្រកួនជាប្រចាំ នៅវេលាម៉ោង ៥ល្ងាច ហើយកាលពីល្ងាចថ្ងៃទី២៨ គាត់ក៏បានចេញទៅបេះតាមទម្លាប់គាត់ដែរ។ ចំណែកពួកគេជាកូនក៏មិនបានចាប់អារម្មណ៍អ្វីដែរ ទើបតែនៅពេលកើតហេតុមានគេទៅប្រាប់ ទើបដឹងថាម្ដាយបានស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុមន្ដ្រីនគរបាលក៏បានចុះអន្ដរាគមន៍ និងបានធ្វើកោសល្យវិច័យឃើញថា ស្ដ្រីរងគ្រោះស្លាប់ដោយសារខ្យល់គ៕
ដោយ៖ វិបុល