ខេត្តស្វាយរៀង៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀង បានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីទទួលផលចោរកម្មកាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ នៅក្រុងបាវិត ខណៈដែលសមត្ថកិច្ចដេញចាប់ប្រផុតប្រផីង ។
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថា ជនសង្ស័យមានឈ្មោះប៉ុល អ៊ុល ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិព្រៃតាញ៉យ ឃុំខ្សែទ្រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។
ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចក៏បានដកហូតយកវត្ថុតាងម៉ូតូ១គ្រឿង ម៉ាកឃ្លិចពណ៍ស គ្មានស្លាកលេខ ផងដែរ ។
តាមចម្លើយសាភាពជនសង្ស័យបានប្រាប់ថា រូបគេបានទិញម៉ូតូនេះពីបុរសម្នាក់មិនស្គាល់ឈ្មោះដែលបានលួចកាច់សោម៉ូតូពីខេត្តបន្ទាយមានជ័យ (ប៉ោយប៉ែត) មកលក់អោយខ្លួន នៅក្នុងកន្លែងលក់បាយខាងលិចគល់ស្ពានប្រសូត្រ តម្លៃ៦៥០ដុល្លារ ។
ក្រោយពីទិញម៉ូតូរួច រូបគេក៏បានជិះម៉ូតូទៅខាងកើតផ្សារជីភូ ក្រុងបាវិតដើម្បីអោយជាងធ្វើគ្រាប់សោកម៉ូតូ ខណៈជិះទៅដល់ក៏ជួបនឹងសមត្ថកិច្ចកងរាជអាវុធហត្ថពូនស្ទាក់ ទើបរូបខ្លួនក៏បានទំលាក់ម៉ូតូគេចខ្លួន រត់កាត់ស្រះទឹក តាមវាលស្រែប្រមាណជាកន្លះម៉ោង សមត្ថកិច្ចឃាត់ខ្លួនបានតែម្តង ។
សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះប៉ុល អ៊ុល ធ្លាប់ជាប់ពន្ធនាគារព្រៃសម្ដងរួចមកហើយ ពីបទទួលផលចោរកម្មផងដែរ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀង កសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្តស្វាយរៀងចាត់ការរាមច្បាប់ ៕
ដោយ៖ យឹម សុថាន