ប៉ោយប៉ែត ៖ បុរសម្នាក់ស្រវឹងស្រា ចុះលេងទឹកប្រឡាយលង់ស្លាប់បង្កឲ្យមានការភ្ញាក់ដល់កងកម្លាំងនគរបាលបានចុះរាវរក ប្រមាណជាកន្លះម៉ោងទើបរកមនុស្សឃើញ ។ករណីលង់ទឹកប្រឡាយនេះបានកើតឡើងនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចផ្លូវលំពីសង្កាត់ភ្នៀត ទៅផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិអ្នកតា សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះយ៉ាន់ យឿត ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
មុនពេលកើតហេតុជនរងគ្រោះ បានផឹកស្រាស្រវឹង ហើយចុះទៅលេងទឹកប្រឡាយ ដែលកំពុងឡើងខ្លាំងលិចវាល ហើយជាកន្លែងផ្លូវដាច់មានទឹកហូរ បណ្តាលឲ្យលង់ទឹក ក្រោយពីមានកើតហេតុកងកម្លាំងនគរបាលនិងប្រជាពលរដ្ឋ នៅទីនោះបាននាំគ្នាចុះជួយរាវរកប្រហែលជាកន្លះទើបរកឃើញ បានដឹកយកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ តែជាអកុសលមកដល់មន្ទីរពេទ្យ ត្រូវបានគ្រូពេទ្យនិយាយជនរងគ្រោះបានស្លាប់ទៅហើយ។
ប្រភពដដែលបានបញ្ជាក់ថា៖សពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ នីមវណ្ណា