ខេត្តស្ទឹងត្រែង៖ សកម្មភាពក្នុងការដឹកជញ្ជូនឈើរបស់ឈ្មួញ សាន ចយ កំពុងរងនូវការរិះគន់ពីប្រជាពលរដ្ឋ បន្ទាប់ពីមានការផ្ទុកលើសទម្ងន់បំផ្លាញផ្លូវជាតិ ពិសេសឈើដឹកជញ្ជូននេះបានប្រមូលទិញពីប្រជាពលរដ្ឋ ឈ្មួញ ដែលកាប់បំផ្លាញនៅតំបន់ព្រៃសហគមន៍ និងដែនជម្រកសត្វក្នុងស្រុកសេសាន តំបន់បាតអាងវារីអគ្គិសនីនោះ ។
ឈ្មួញ សាន ចយ តែងតែបានដឹកឈើចេញពីខេត្តរតនគិរី និងមួយចំនួនទៀតចេញពីស្រុកសេសាន ព្រំប្រទល់ខេត្តរតនគិរីឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ និងបន្តឆ្លងទៅប្រទេសវៀតណាម តាមច្រកចំនួន៤របស់ខេត្តត្បូងឃ្មុំ ។
ការដឹកជញ្ជូនឈើសព្វថ្ងៃរបស់ឈ្មួញ សាន ចយ ដែលមានមេការរបស់ខ្លួនឈ្មោះ ផា បានផ្ទុកលើសទម្ងន់ លើសច្បាប់អនុញ្ញាត ហើយកន្លែងស្ថានីយថ្លឹងរថយន្តចំណុចអូរពងមាន់ ខេត្តស្ទឹងត្រែង ចាប់ផ្តើមរឹតបន្តឹង ឈ្មួញ សាន ចយ បានដឹកជញ្ជូនឈើទាំងនោះពីខេត្តរតនគិរី ឬចេញពីស្រុកសេសានវៀងឆ្លងកាត់ព្រៃសម្បទានរបស់ក្រុមហ៊ុនដុងណៃ ដុងផូ ពីខេត្តក្រចេះឆ្ពោះទៅខេត្តត្បូងឃ្មុំ ។
ការប្រមូលទិញឈើល្មើសច្បាប់ ការដឹកជញ្ជូនលើសច្បាប់អនុញ្ញាត សាន ចយ បានចាត់ចែងបង់ប្រាក់ឲ្យទៅសមត្ថកិច្ចជាច្រើនស្ថាប័ន ក្នុងនោះជំនាញរដ្ឋបាលព្រៃឈើជាអ្នកដែលបានដឹងអំពីតួលេខឈើល្មើសច្បាប់ ការប្រមូលទិញឈើចេញពីតំបន់ព្រៃសហគមន៍ អភិរក្សសត្វព្រៃ ដូច្នេះ អំពើពុករលួយរបស់រដ្ឋបាលព្រៃឈើកំពុងប្រព្រឹត្តក្នុងនាមជាអ្នកបង្ក្រាបបទល្មើសព្រៃឈើ ទៅជាជំនាញក្នុងការប្រមូលប្រាក់បទល្មើសព្រៃឈើទៅវិញ ។
នគរវត្តមិនអាចទាក់ទងបានទេពីលោក ឆៀង តុលា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ខណៈបទល្មើសព្រៃឈើកំពុងរីកដុះដាល និងដឹកជញ្ជូនលើសទម្ងន់ បំផ្លាញផ្លូវយ៉ាងធ្ងន់នោះ ។
ឈ្មួញ សាន ចយ ដោយសារតែមុខរកស៊ីដឹកឈើល្មើសច្បាប់ បានក្លាយទៅជាអ្នកមានមុខមាត់ រហូតដល់គេចាត់ទុកថា ឧកញ៉ា សាន ចយ មេឈ្មួញល្មើសច្បាប់ និងប្រកបដោយមោទនភាព យកមេឃទ្រាប់គូថអង្គុយ ៕
ដោយ៖ សុខ ខេមរា