ប្រទេសអាល្លឺម៉ង់៖ ប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុប បានរឹតបន្តឹងសន្តិសុខ ក្រោយពេលខ្មាន់កាំភ្លើងបានបាញ់ប្រហារនៅក្នុងប្រទេសអាល្លឺម៉ង់ ។ នៅពេលនេះសាធារណៈរដ្ឋ ឆែក បានបង្កើនការពារនៅតាមព្រះវិហារជនជាតិជ្វីហ្វ។
ក្រសួងមហាផ្ទៃ ឆែកនៅរសៀលថ្ងៃទី៩ ខែតុលា បានប្រកាសថា៖ កម្លាំងសន្តិសុខ នៅក្នុងប្រទេសនេះ បានបង្កើនសន្តិសុខការពារនៅទីតាំងសំខាន់ៗដែលជាទីប្រជុំជន។ តាំងពីខែមីនា ឆ្នាំ២០១៦ មកទល់ពេលនេះ ឆែក បានរក្សាសន្តិសុខការពារ យ៉ាងរឹងមាំ ប្រឆាំងក្រុមភេរវកម្ម ក្រោយពេលដែល អឺរ៉ុបប្រឈមនឹងការវាយប្រហារ ភេរវកម្មជាបន្តបន្ទាប់។
ពាក់ព័ន្ធនិងការវាយប្រហារ នៅអាល្លឺម៉ង់ ខ្មាន់កាំភ្លើងម្នាក់បាញ់សម្លាប់មនុស្ស២នាក់ ខណៈប៉ុនប៉ងចូលទៅក្នុងសាលប្រជុំ។ ខ្មាន់កាំភ្លើងម្នាក់បានសម្លាប់មនុស្សពីរនាក់ស្ថិតនៅភាគខាងកើតអាល្លឺម៉ង់ក្រោយពីប៉ុនប៉ងចូលទៅកាន់ទីសាលប្រជុំ ទីដែលជនជាតិជ្វីហ្វរាប់សិបនាក់ជួបជុំគ្នានៅទីនោះ ។
ជនសង្ស័យខ្មាន់កាំភ្លើងបាន បន្តឡាយផ្ទាល់វីដេអូ ការបាញ់ប្រហារនេះ នៅមុនពេលប៉ូលិសចាប់ខ្លួន ។ ខ្មាន់កាំភ្លើងបានបើករថយន្តទៅកាន់ទីសាលប្រជុំស្ថិតនៅទីក្រុង Halle រួចបាញ់ទៅកាន់ទ្វារចូលនោះតែម្តង ។ បន្ទាប់ពីមិនអាចចូលទៅខាងក្នុងនោះបាន ខ្មាន់កាំភ្លើងរូបនោះបានបាញ់ប្រហារមនុស្សនៅក្បែរនោះស្លាប់២នាក់តែម្តង។
ប្រព័ន្ធផ្សព្វផ្សាយរបស់អាល្លឺម៉ង់បានផ្សាយថា ខ្មាន់កាំភ្លើងអាយុ២៧ឆ្នាំ ជនជាតិអាល្លឺម៉ង់ ។ រូបគេធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ ។
លោក Horst Seehofer រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់បញ្ជាក់ថា ខ្មាន់កាំភ្លើងគឺជាមនុស្សជ្រុលនិយមស្តាំ ។ ការបាញ់ប្រហារនេះ ដោយសារកត្តាជ្រុលនិយម ។ ខ្មាន់កាំភ្លើងស្លៀកពាក់ឯកសណ្ឋានយោធា ប្រើប្រាស់អាវុធច្រើនប្រភេទក្នុងការបាញ់ប្រហារនេះ ៕
ដោយ៖ មែវ សាធី