ភ្នំពេញ៖ ក្មេងទំនើងជាកម្មករឃ្លាំងស្តុបដែក៦នាក់ត្រូវបានអាវុធហត្ថខណ្ឌឬស្សីកែវធ្វើការឃាត់ខ្លួនភ្លាមៗ ខណះដែលកំពុងល្បាតនៅក្នុងមូលដ្ឋានឃើញពួកគេគួរឱ្យសង្ស័យក៏ហៅឱ្យឈប់ដើម្បីត្រួតពិនិត្យ ប៉ុន្តែបែរជាត្រូវបានក្រុមក្មេងទាំងនោះ នាំបក្សពួកមកវាយកម្លាំងអាវុធហត្ថ បណ្តាលឱ្យរងរបួសនិងបោកវិទ្យុទាក់ទងរបស់សមត្ថកិច្ចចោលថែមទៀតដោយមិនខ្លាចញញើតច្បាប់សូម្បីតែបន្តិច ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៩នឹង៣០នាទីយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតក្នុងភូមិបឹងសាឡាង សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។
មន្រ្តីអាវុធហត្ថបានឱ្យដឹងថា នៅមុនពេលកើតហេតុគឺកម្លាំងអាវុធហត្ថ៤ម៉ូតូ៨នាក់ បានជិះល្បាតការពារសន្តិសុខនៅក្នុងមូលដ្ឋាន លុះពេលមកដល់ចំណុចកើតហេតុនោះ ក៏ស្រាប់តែមានយុវជន២នាក់ជិះម៉ូតូ ម៉ាកគុបមូលជិះឌុបគ្នា ហើយបានជ្រុះវិទ្យុទាក់ទង ឃើញដូច្នេះកម្លាំងកងរាជអាវុធហត្ថគួរឱ្យសង្ស័យក៏បានហៅឱ្យឈប់ដើម្បីធ្វើការត្រួតពិនិត្យ ប៉ុន្តែមិនបានប្រទះឃើញអ្វីនោះទេក៏រៀបនឹងឱ្យពួកគេទៅវិញ ពេលនោះស្រាប់តែគ្នីគ្នាពួកគេ២នាក់ទៀត ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥មួយគ្រឿងទៀត ហើយបានជេរប្រមាថកម្លាំងសមត្ថកិច្ចខ្លាំងៗ រហូតមានការទាស់ពាក្យសម្តីគ្នាឡើង ។ បន្តិចក្រោយមកក្រុមក្មេងទំនើងបានហៅបក្សពួកជាច្រើននាក់ និងវាយទៅលើកម្លាំងកងរាជអាវុធហត្ថបណ្តាលឱ្យរងរបួសបែកមាត់ម្នាក់ និងបានយកវិទ្យុទាក់ទង២គ្រឿងបោកបែកខ្ទេច ហើយដើម្បីការពារខ្លួនកម្លាំងអាវុធហត្ថបានផ្ទុះអាវុធឡើងលើចំនួន៣គ្រាប់ ផ្អើលក្រុមក្មេងទំនើងរត់ចែកជើងគ្នាចូលទៅក្នុងឃ្លាំងស្តុបដែកដែលជាកន្លែងពួកគេធ្វើការ និងឃាត់ខ្លួនបាន៤នាក់ភ្លាមផងដែរ ។ ភ្លាមៗនោះកម្លាំងអាវុធហត្ថជាច្រើននាក់បានចុះទៅដល់កន្លែងឃ្លាំងនោះដើម្បីធ្វើការសួរនាំរកជនដៃដល់ដែលវាយកម្លាំងអាវុធហត្ថ ប៉ុន្តែត្រូវបានបុរសដែលជាមេការម្នាក់ចេញមកកាងស្រែកឡូរឡារ យកសុតតែឈ្មោះថ្នាក់ដឹកនាំមកគំរាម ហើយពេលនោះកម្មករផ្សេងទៀតដែលនៅក្នុងឃ្លាំង ថែមទៀតបានស្ទុះមកវាយលើកម្លាំងអាវុធហត្ថ ប៉ុន្តែត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួនមេការម្នាក់នោះ និងកម្មករម្នាក់ទៀត យកទៅទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌឬស្សីកែវ ដើម្បីសួរនាំបន្តស្វែងយកជនដៃដល់ និងកសាងសំណុំរឿងបញ្ជូលទៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ការទៅតាមនីតិវិធី ។
កម្លាំងកងរាជអាវុធហត្ថបញ្ជាក់ថា ក្រុមក្មេងទំនើងដែលឃាត់ខ្លួនបាន ទី១មានឈ្មោះ ដៀប សេន (មេការ) ទី២ឈ្មោះ ចូរ ជុំ ទី៣ឈ្មោះ លី ហន ទី៤ឈ្មោះ គឹម សុភា ទី៥ឈ្មោះ ជួប ចាន់ណារី និងទី៦ឈ្មោះ លឹប អៀងឈុន អ្នកទាំង៥នាក់គឺជាកម្មករនៅក្នុងឃ្លាំងដែកនោះទាំងអស់ ៕
ដោយ ព្រែកជ័យ