ភ្នំពេញ៖ កាលពីវេលាម៉ោង៩នឹង៤៥នាទីយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចផ្លូវលេខ១០៥ កែងនឹងផ្លូវលេខ២៧៨ ក្បែរវិទ្យាល័យព្រះយុគន្ឋរ ស្ថិតក្នុងសង្កាត់បឹងកងកងទី២ ខណ្ឌចំការមន មានយុវជនម្នាក់បានរងរបួសបែកក្បាលហូរឈាមស្រោចពេញខ្លួន ដោយសារតែត្រូវជនសង្ស័យមួយក្រុមមានគ្នា៤នាក់ ដកកាំភ្លើងខ្លីវាយប្លន់យកម៉ូតូហុងដាសេ១១០ បានសម្រេចគេចខ្លួនដោយវសុវត្ថិភាព ។
បើតាមសម្តីរៀបរាប់ពីយុវជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុរូបគេបានជិះម៉ូតូ ម៉ាកហុងដាឌ្រីម សេ១១០ ពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1BR-0863 ខណះជិះមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿង មិនចាំម៉ាកមកក្បែរនិងបានគៀរឱ្យឈប់ រួចដកកាំភ្លើងខ្លីមួយដើមចេញពីចង្កេះវាយក្បាលខ្លួន បណ្តាលឱ្យបែកហូរឈាមស្រោចពេញខ្លួន ហើយបានយកម៉ូតូជិះគេចខ្លួនបាត់តែម្តង ។
បន្ទាប់ពីកើតហេតុជនរងគ្រោះបានទំនាក់ទំនងទៅក្រុមគ្រួសារឱ្យមកដឹកយកទៅព្យាបាលនៅ មន្ទីរពេទ្យ រួចទើបទៅដាក់ពាក្យបណ្តឹងនៅពេលក្រោយ ៕
ដោយ៖ ភារ៉ា ដង្កោ